ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានសហការជាមួយស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី “ទំនាក់ទំនងកម្ពុជា-ជប៉ុន” ដែលប្រារព្ធធ្វើនៅសណ្ឋាគារ សាន់ & មូន រីវើសាយ (SUN & MOON Riverside Hotel ) ស្ថិតនៅមាត់ទន្លេ កែងស្ពានព្រះមុនីវង្ស មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

កិច្ចពិភាក្សាតុមូលនេះ ធ្វើឡើងស្របពេលដែលកម្ពុជា-ជប៉ុន បានប្រារព្ធខួបលើកទី៧០ (១៩៥៣-២០២៣) នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។
កិច្ចពិភាក្សាតុមូលនេះ ធ្វើឡើងដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់ដឹងបន្ថែមទៀត អំពីតួនាទីរបស់ប្រទេសជប៉ុន សម្រាប់ការអភិវឌ្ឍនៅកម្ពុជា ដោយផ្តើមចេញពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៧០ឆ្នាំកន្លង មកនេះ។

លោកយូនិអូ អាតស៊ូស៊ិ (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានធ្វើបទបង្ហាញអំពីគោលនយោបាយនៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ការផ្តល់ជំនួយអភិវឌ្ឍ រួមទាំងលទ្ធភាពនៃគម្រោងផ្តល់ជំនួយផ្សេងៗទៀតដល់កម្ពុជា។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន ជិត១០០នាក់ លោកឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា ប្រទេសជប៉ុន នឹងបន្តផ្តល់ជំនួយដល់កម្ពុជា រួមទាំងជំរុញការវិនិយោគនិងទេសចរណ៍ផងដែរ។ ជាមួយនេះ លោកក៏បានសន្យាថា នឹងជួយសម្រួលផ្តល់ Visa ដល់អ្នកសារព័ត៌មានកម្ពុជាដែលមានបំណងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន៕
