Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ស្រវឹងធ្លាក់ភ្នែក រកផ្លូវទៅផ្ទះមិនឃើញ ដេកលើស្មៅ

 ស្រវឹងធ្លាក់ភ្នែក រកផ្លូវទៅផ្ទះមិនឃើញ ដេកលើស្មៅ

ភ្នំពេញ ៖ បុរសម្នាក់ បានដើរផឹកស៊ីយប់រហូតស្រវឹងធ្លាក់ភ្នែក រកផ្លូវទៅផ្ទះមិនឃើញ បានឈប់ម៉ូតូ ដេកលើ ស្មៅចិញ្ចើមផ្លូវ ធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកដំណើរ ចោមរោមមើល និងដាស់សួរនាំ តែមិនព្រមក្រោក ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកមើល និងទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនទៅមន្ទីរពេទ្យ ស្រាប់តែបុរសនោះ បានស្ទុះក្រោកឡើង ប្រកែកមិនព្រមឡើងឡានពេទ្យ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រមាណ៤ទៀបភ្លឺ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចិញ្ចើមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា បុរសនោះស្រវឹងខ្លាំងណាស់ រហូតវង្វេងផ្លូវទៅផ្ទះ និងសូម្បីតែឈ្មោះខ្លួនឯង ក៏ភ្លេចដែរ ហើយនៅវេលាម៉ោងខាងលើ មានអ្នកដំណើរប្រទះឃើញដេកស្តូកស្តឹងនៅលើចិញ្ចើមផ្លូវ ដោយ មានកាបូបលុយ១ និង ម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1A-6917 នៅក្បែរខ្លួនគាត់ ដោយពុំបានដកសោចេញពីម៉ូតូឡើយ។ ខណៈនោះ ដោយសារបារម្ភក្រែងមាន ជនឆ្លៀតឱ កាសមកលួចយកកាបូបលុយ និងម៉ូតូ ទើបអ្នកដំណើរ បានព្យាយាមដាស់ឱ្យក្រោក ប៉ុន្តែបុរសនោះមិនក្រោក និងមិនកម្រើក ឬឆ្លើយតបអ្វីសោះ ពោលគឺដេកបាត់មាត់បាត់ក ក្នុងស្ថានភាពសន្លប់ឈឹងទៅហើយ និងធុំក្លិន ស្រាយ៉ាងខ្លាំង។

ប្រភពដដែល បន្តថា រហូតដល់វេលាម៉ោងជាង ៧ព្រឹក ថ្ងៃដដែល នគរបាលប៉ុស្តិ៍កាកាបទី១ បានចុះទៅកាន់ កន្លែងកើតហេតុ ដាស់ឱ្យក្រោក នៅតែមិនក្រោក ទើបនគរបាលបានហៅរថយន្តសង្គ្រោះ ដើម្បីបញ្ជូនទៅ កាន់មន្ទីរពេទ្យ ប៉ុន្តែពេលរថយន្តសង្គ្រោះមកដល់ បើកស៊ីរ៉ែនឮខ្លាំងៗ ស្រាប់តែបុរសស្រវឹងភ្ញាក់ដឹងខ្លួន ហើយ ប្រកែកថា អត់ទៅពេទ្យទេ។

បន្ទាប់មក សមត្ថកិច្ចបានឱ្យគាត់ក្រោកចេញពីចំណុចខាងលើ ទៅសម្រាកកន្លែងផ្សេង រហូតដល់ស្វាងស្រា ទើបឱ្យជិះម៉ូតូបន្តដំណើរទៅមុខទៀត។

សមត្ថកិច្ចបញ្ជាក់ថា នេះជាសំណាងខ្លាំងណាស់ ដែលបុរសរូបនោះអត់បានដកសោរចេញពីម៉ូតូហើយ ប៉ុន្តែ អត់មានអ្នកលួចយកទៅ ឬអាចនិយាយបានថា ខណៈនោះមិនមានចោរធ្វើដំណើរឆ្លងកាត់ ទើបគាត់ពុំបានបាត់ បង់ម៉ូតូនេះ រួមទាំងកាបូបលុយផងដែរ៕

RELATED ARTICLES