ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ បានដើរទៅផ្ទះប្អូនរបស់ខ្លួន ដើម្បីសុំលុយ យកមកទិញស្រាផឹកលុះប្អូន ប្រាប់ថា អត់មានលុយឱ្យទេ ស្រាប់តែខឹងច្រឡោត ធ្វើសកម្មភាពដុតផ្ទះប្អូនចោល បណ្តាលឱ្យឆេះអស់ចំ ណែកជនបង្កហេតុ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។
ករណីនេះ បានកើតឡើង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា ជនសង្ស័យ ដែលដុតផ្ទះប្អូនខ្លួនឯងចោល មានឈ្មោះនៅ បឿ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំ នៅក្នុងភូមិកើតហេតុខាងលើ។
លោកនាយប៉ុស្តិ៍នគរបាល បានបន្តថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពដុតបំផ្លាញផ្ទះប្អូនរបស់ខ្លួន បណ្តាលឱ្យឆាបឆេះអស់ទាំងស្រុង ដែលជាប្រភេទផ្ទះតៀម ធ្វើអំពីឈើ ប្រក់ស័ង្កសី និងខូចខាតទ្រព្យ មួយចំនួនធំ តែត្រូវបានអ្នកជិតខាងជួយយកបានមួយចំនួន។
លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ បានបញ្ជាក់ថា ក្រោយជនសង្ស័យធ្វើសកម្មភាពដុតផ្ទះប្អូនឆេះអស់កម្លាំង ជំនាញបានចុះជួយអន្តរាគមន៍ចាប់ខ្លួនបានភ្លាមៗ និងនាំយកមកប៉ុស្តិ៍រដ្ឋបាលនគរបាលប៉ោយប៉ែត ដើម្បី សាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានដុតផ្ទះប្អូនចោលមែន មូលហេតុខឹងសុំលុយ យកទៅផឹកស្រា មិនបាន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីអនុវត្តបន្ត តាមនីតិវិធី៕