Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបងឈឺស្លាប់ ប្អូនបន្ទោសពេទ្យ សុំនាយករដ្ឋមន្ត្រី ជួយរកយុត្តិធម៌

បងឈឺស្លាប់ ប្អូនបន្ទោសពេទ្យ សុំនាយករដ្ឋមន្ត្រី ជួយរកយុត្តិធម៌

ខេត្តតាកែវ ៖ បុរសម្នាក់ បានអះអាងថា បងប្រុសរបស់គាត់មានជំងឺ និងត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែក អង្គរកា ស្រុកត្រាំកក់ តែដោយសារគ្រូពេទ្យមិនយកចិត្តទុកដាក់ ទុកឱ្យអាការកាន់ តែធ្ងន់ ទើបបញ្ជូនទៅរកមន្ទីរពេទ្យខេត្ត ទើបបងប្រុសរបស់ខ្លួនបានបាត់បង់ជីវិត ជាហេតុធ្វើឱ្យក្រុមគ្រួសារកើត ទុក្ខមិនិសុខចិត្ត ទទូចសុំឱ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍រកយុត្តិធម៌។បុរសរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះប៊ិន បូរិន អាយុ៣៦ឆ្នាំ មានលំនៅ ភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់។

បុរសឈ្មោះប៊ិន បូរ៉ាល់ ជាប្អូនបង្កើតរបស់ជនរងគ្រោះ បានបញ្ជាក់តាមគណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ថា “ខ្ញុំសូមអំពាវនាវជូនលោកប្រធានមន្ទីរពេទ្យខេត្តតាកែវ ជួយពិនិត្យមើលសេវាសុខាភិ បាលរបស់មន្ទីរពេទ្យបង្អែកស្រុក ហៅមន្ទីរពេទ្យបង្អែកអង្គរកា ដែលបានទុកបងប្រុសរបស់ខ្ញុំចោល ដោយពុំ យកចិត្តទុកដាក់ ហើយពេលដែលយើងសួរ លោក Doctor ថា បងប្រុសខ្ញុំហាក់បីដូចមិនធូរស្រាលសោះ គ្រូពេទ្យតបជាមួយយើងថា ពេលលេបថ្នាំហ្នឹង វាធ្វើទុក្ខហើយ វាធម្មតាទេ។ ពេលដែលបងខ្ញុំពិបាកដកដង្ហើម ពេលទៅហៅឱ្យមកមើល គឺមិនងាយទេ ហើយខ្ញុំនៅមិនយល់ថា គាត់អត់កើតរោគរបេងទេ តែបែរជាពេទ្យ ឱ្យគាត់ផឹកថ្នាំរបេងទៅវិញ? រហូតគាត់ធ្ងន់ធ្ងរ ទើបបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ បញ្ជូនមិនទាន់ដល់ មន្ទីរពេទ្យខេត្តផង គាត់ក៏ផុតដង្ហើមតាមផ្លូវបាត់ទៅហើយ។ ពេលនោះ រថយន្តសង្គ្រោះបន្ទាន់របស់ពេទ្យ បើក ដូចអ្នកទើបនឹងចេះរៀនបើកឡានដំបូង ហើយពេលបញ្ជូនដល់មន្ទីរពេទ្យខេត្ត ក៏មិនមានគ្រូពេទ្យមកទទួល សោះ។ សូមលោកប្រធានមន្ទីរ ជួយរកយុត្តិធម៌ឱ្យបងប្រុសខ្ញុំផង…”។

បន្ទាប់មក នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បុរសខាងលើ បានបញ្ជាក់បន្ថែមថា “ខ្ញុំបាទ ត្រូវជាប្អូន និងក្រុម គ្រួសារនៃសព បងប្រុសឈ្មោះប៊ិន បូរិន បានស្លាប់នៅពេទ្យបង្អែកអង្គរកា ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់ស្លាប់ទាំងវ័យក្មេង ហើយបានលាចាកពីម្តាយឪពុកចាស់ ទៀតផង។ សូមសម្តេចធិបតី ហ៊ុន ម៉ាណែត ជាម្លប់ដល់ប្រជាជនខ្មែរទាំងមូល ជួយរកយុត្តិធម៌ឱ្យបងប្រុសខ្ញុំ និងក្រុមគ្រួសារផង…”។

ជុំវិញករណីខាងលើនេះ មន្ទីរពេទ្យបង្អែកអង្គការ នៅស្រុកត្រាំកក់ ខេត្តតាកែវ បានចេញលិខិតបំភ្លឺមួយ កាល ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានខ្លឹមសារទាំងស្រុងថា «ថ្មីៗនេះមានគណនីហ្វេសប៊ុក ឈ្មោះ Bin Boral និងបណ្តាញសារព័ត៌មានមួយចំនួន បានបង្ហោះសារទាក់ទងទៅនឹង ករណីបញ្ជូនអ្នកជំងឺពីមន្ទីរ ពេទ្យបង្អែក អង្គរកា និងបានស្លាប់នៅក្នុងរថយន្តសង្គ្រោះ មុនពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ។

ទាក់ទងនឹងបញ្ហានេះ មន្ទីរពេទ្យបង្អែកអង្គរកា សូមគោរពជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៩និង៤០នាទីព្រឹក មានអ្នកជំងឺម្នាក់ ឈ្មោះប៊ិន បូរិន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅ ភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ បានចូលមកសម្រាកពេទ្យ ដោយមានអាការក្តៅខ្លួន ក្អក និងដង្ហក់។ តាមការរៀបរាប់របស់ក្រុមគ្រួសារអ្នកជំងឺ បានបញ្ជាក់ថា អ្នកជំងឺមានអាការដូចនេះ ពីរបីថ្ងៃហើយ ៗគ្រូពេទ្យនៅភ្នំពេញ បានប្រាប់ថា គាត់មានជំងឺរលាកសួត។

ពេលចូលសម្រាកពេទ្យភ្លាម គ្រូពេទ្យបានដាក់អុកស៊ីសែន និងបានធ្វើការពិនិត្យគ្លីនិក តាមបច្ចេកទេស និងបានធ្វើការជោះឈាម នៅម៉ោង១០ព្រឹក ពិនិត្យកំហាក រកមេរោគរបេង នៅម៉ោង ២និង៣០នាទីរសៀល និងថតសួត នៅម៉ោង ៣និង១០នាទីរសៀល។ លទ្ធផលដែលទទួល បានគឺអ្នកជំងឺមានជំងឺរលាកសួតធ្ងន់ធ្ងរ។ បន្ទាប់ពីសម្រាកពេទ្យបាន ២ថ្ងៃ សភាពជំងឺមានការធូរស្រាលខ្លះ គឺនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ ក្រោយពីបានពិភាក្សា ពិគ្រោះយោបល់ពីផ្នែកជំងឺរបេង គ្រូពេទ្យបានបន្ថែមនូវថ្នាំរបេង សម្រាប់ព្យាបាលជំងឺ របេងសួត បេកាអវិជ្ជមាន (របេងសួត បេកាអវិជ្ជមាន ឬរបេងសួត BK- ជាប្រភេទរបេងសួតដែលមិន អាចរកមេ រោគរបេងឃើញ នៅក្នុងកំហាក)។ បន្ទាប់ពីព្យាបាលដោយថ្នាំរបេង ក្រុមគ្រូពេទ្យ បានស្នើសុំអ្នកជំងឺជោះឈាម ដើម្បីពិនិត្យរកមេរោគអេដស៍ បន្ថែមទៀត ក្នុងគោលបំណងស្វែងរកជំងឺឱកាសនិយមផ្សេងៗទៀត ដើម្បីព្យា បាលបន្ថែម តែត្រូវបានបដិសេធជាច្រើនដង។ បន្ទាប់ពីព្យាបាលដោយថ្នាំរបេង បាន៣ថ្ងៃ គឺនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ អ្នកជំងឺមានសភាពធូរស្រាលច្រើន គ្រូពេទ្យក៏បានសម្រេចឱ្យអ្នកជំងឺទៅព្យាបាលបន្តនៅផ្ទះ តែអ្នក ជំងឺស្នើសុំបន្តសម្រាកព្យាបាល ពីរបីថ្ងៃទៀតសិន។

លុះដល់ថ្ងៃទី២៣ ខែឆ្នាំដដែល ម៉ោងប្រហែល ៩ព្រឹក បងរបស់អ្នកជំងឺ បានទៅហៅពេទ្យឱ្យមកមើលអ្នកជំងឺ ដោយប្រាប់ថា ប្អូនរបស់គាត់ហត់ និងធ្វើទុក្ខ ពេលនោះគ្រូពេទ្យក៏បានដាក់អុកស៊ីសែន និងដាក់សេរ៉ូម ចាក់ថ្នាំ ឱ្យអ្នកជំងឺ (តាមការ បញ្ជាក់ពីគ្រូពេទ្យយាមប្រចាំការ)។ នៅពេលកំពុងដាក់សេរ៉ូមឱ្យអ្នកជំងឺ ក្មួយរបស់អ្នកជំងឺ បានសាកសួរទៅគ្រូពេទ្យថា ៖ ពូរបស់ខ្ញុំ បើយកទៅភ្នំពេញ យ៉ាងម៉េចដែរ ឬមួយក៏ដូចគ្នានៅនេះដែរ? គ្រូពេទ្យ ក៏ប្រាប់ថា មិនដូចគ្នាទេ បើមានលទ្ធភាព ទៅភ្នំពេញ គឺល្អ ព្រោះនៅភ្នំពេញមានសមត្ថភាពច្រើនជាងនៅទីនេះ និងមានឧបករណ៍ទំនើបៗ បើសម្រេចចិត្តទៅភ្នំពេញ ខាងយើងនឹងរៀបចំឯកសារឱ្យ ព្រោះសម្រេចចិត្តទៅភ្នំ ពេញ វាជាសិទ្ធិ និងអាស្រ័យលើលទ្ធភាព របស់អ្នកជំងឺ។ បន្ទាប់ពីបានពិភាក្សាចប់ ក្រុមគ្រួសារអ្នកជំងឺ ក៏នៅ ស្ងៀម មិនបានផ្តល់ដំណឹងថា ទៅភ្នំពេញ ឬអត់ទេ។ ដោយសារមានការងារធ្វើច្រើនទៀត បន្ទាប់ពីចាក់ថ្នាំដាក់ សេរ៉ូម ដាក់អុកស៊ីសែន និងយកសញ្ញាជីវិតហើយ គ្រូពេទ្យក៏ទៅបន្តការងារបន្តទៀត (រៀបចំទទួលអ្នកជំងឺចូល ថ្មី ចាក់ថ្នាំ ដាក់សេរ៉ូមអ្នកជំងឺផ្សេងទៀតដែលកំពុងសម្រាកពេទ្យ)។

ក្រោយពេលដាក់សេរ៉ូម និងចាក់ថ្នាំរួច គ្រូពេទ្យ ក៏ឆ្លៀតចេញចូលមើលអ្នកជំងឺ ឃើញមានសភាព ល្អប្រសើរ មកវិញ ហើយអ្នកជំងឺ ក៏បានប្រាប់ឱ្យបងប្អូនគាត់ធ្វើស៊ុបឱ្យគាត់ហូបនៅពេលល្ងាចនេះ (គ្រូពេទ្យបញ្ជាក់)។ គ្រូពេទ្យ បានបញ្ជាក់ថា នៅពេលរសៀល មិនបានចាំម៉ោង (ដោយសារមមាញឹកពេក) បងរបស់អ្នកជំងឺ មក ប្រាប់ថា អ្នកជំងឺរាងអស់កម្លាំង គ្រូពេទ្យក៏ប្រាប់ថា គាត់លេបថ្នាំរបេង អស់កម្លាំងបន្តិចហើយ សុំឱ្យគាត់ហូប ចំណីឱ្យបានច្រើន។ លុះដល់ល្ងាច បងរបស់អ្នកជំងឺ ប្រាប់ថា អ្នកជំងឺធ្វើទុក្ខ និងហត់ គ្រូពេទ្យក៏រត់ទៅមើល ឃើញថា ទុយោអុកស៊ីសែន មិនបាននៅជាប់ច្រមុះអ្នកជំងឺទេ គឺគាត់ដកទុយោអុកស៊ីសែន ចេញដោយខ្លួនឯង ដោយមិនបានប្រាប់គ្រូពេទ្យ ដោយគាត់គិតថា អស់អុកស៊ីសែន គ្រូពេទ្យក៏ដូរអុកស៊ីសែនថ្មី រួចក៏រៀបចំ បញ្ជូន អ្នកជំងឺភ្លាមៗ ដោយសារអ្នកជំងឺ មានសភាពហត់ដង្ហក់ខ្លាំង។ ការរៀបចំបញ្ជូនអ្នកជំងឺ គឺលឿនបំផុត សូម្បី តែបងរបស់អ្នកជំងឺឃាត់សុំឱ្យចាំបន្តិច ដើម្បីរកទឹកហូប ក៏មិនចាំដែរ (គ្រូពេទ្យបញ្ជាក់បន្ថែម)។

ពេលបញ្ជូនដល់ម្តុំលាយបូរ (ប្រហែល១៥គីឡូម៉ែត្រ ពីមន្ទីរពេទ្យបង្អែកអង្គរកា) អ្នកជំងឺចាប់ផ្តើមរឹងថ្គាមពេទ្យក៏ បានដាក់ប្រដាប់ការពារការស្ទះផ្លូវដង្ហើម និងការពារខាំអណ្តាត ទៅក្នុងមាត់អ្នកជំងឺ ដល់ម្តុំមុខ មន្ទីរសុខាភិបាល អ្នកជំងឺលែងដកដង្ហើម គ្រូពេទ្យក៏ធ្វើការសង្កត់ទ្រូងជំនួយដង្ហើម ហើយក៏ប្រាប់ទៅ ក្រុមគ្រួសារគាត់ថា អ្នកជំងឺ ស្លាប់ហើយ។ ដោយសារក្រុមគ្រួសារមិនអស់ចិត្ត គ្រូពេទ្យបានបន្តការសង្កត់ទ្រូង រហូតទៅដល់មន្ទីរពេទ្យបង្អែក ខេត្តតាកែវ។ ពេលទៅដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត គាត់ក៏ឡើងមកមើល ដល់ក្នុងឡាន ដោយផ្ទាល់តែម្តង ហើយក៏ប្រាប់ថា គាត់ស្លាប់ហើយ មិនចាំបាច់ដាក់គាត់ចុះទេ។ បន្ទាប់មកឡាន សង្គ្រោះរបស់មន្ទីរពេទ្យបង្អែកអង្គរកោ ក៏ដឹកសពមកផ្ទះរបស់គាត់។ ពេលដឹកសពមកដល់ផ្ទះវិញ អ្នកបើករ ថយន្តសង្គ្រោះ បានជួយរុញប្រង់កា ដែលដាក់សព និងជួយលើកសពចេញពីប្រង់កា ដាក់ទៅក្នុងផ្ទះរបស់គាត់ និងថែមទាំងបានទទួលការអរគុណពីក្រុមគ្រួសាររបស់សពទៀតផង (តាមការបញ្ជាក់ពីអ្នកបើកបរ)។អាស្រ័យហេតុនេះសូមសាធារណជន មេត្តាជ្រាប។ មន្ទីរពេទ្យបង្អែកអង្គរកា  សូមចូលរួមរំលែកទុក្ខដ៏ សែន ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសព និងបួងសួងសូមឱ្យវិញ្ញាណក្ខន្ធបានទៅកាន់សុគិតិភព…»៕

RELATED ARTICLES