ភ្នំពេញ៖កូនស្រីរបស់លោកស្រីកែវ មន្ថា ហៅយិន សុខុម គឺតារាកំប្លែងជុំ រស្មី ហៅស្រីទូច រួមទាំងតារាចម្រៀងវ័យក្មេងល្បីឈ្មោះកញ្ញាស៊ូ ស៊ីរីកា និងបងប្អូន១១នាក់ដែលជាកូនជាចៅៗ របស់លោកស្រីសុខុម តារាភាពយន្តនិងចម្រៀងជំនាន់ទសវត្សរ៍ ៦០ បានទទូចស្នើរសុំឲ្យតុលាការស្វែងរកនូវភាពយុត្តិធម៌ពាក់ព័ន្ធរឿងបណ្ដាំមរតក ដែលមានភាពចម្រូងចម្រាសអស់រយៈពេលជាង២ឆ្នាំមកហើយ។
អ្នកស្រីជុំ រស្មី ហៅស្រីទូច បានអះអាងថាអ្នកស្រីនិងបងប្អូនកូនចៅចំនួន១១នាក់ត្រូវជាកូន ជាចៅ និងចៅទួត របស់វីរ:សិល្បការិនីលោកស្រី កែវ មន្ថា បាននឹងកំពុងជួបរឿងដ៏អយុត្តិធម៌ខ្លាំងបំផុតពីសំណាក់ប្តីក្រោយ និង កូនៗក្រោយរបស់លោកស្រី កែវ មន្ថា ដែល បានបំពានយកទ្រព្យសម្បត្តិដែលជាកេរ្តិ៍បណ្តាំមរតករួមចំណែកបន្សល់ទុកពីអ្នកម្តាយរបស់ខ្លួនដើម្បីបែងចែកសម្រាប់កូនៗនិងចៅដែលរឿងនេះបានអូសបន្លាយជាច្រើនខែដោះស្រាយមិនចេញ។
តារាកំប្លែងស្រីទូច ថ្លែងទាំងឈឺចាប់ថារូបលោកស្រីផ្ទាល់រួមទាំងបងប្អូនចំនួន១១ នាក់ខាងលើត្រូវជាកូនជាចៅនិងចៅទួតរបស់អ្នកម្ដាយ កែវ មន្ថា ហៅ យិន សុខុម ជាតារាភាពយន្ត និងចម្រៀងជំនាន់ទសវត្សរ៍៦០ ពេលនេះលោកស្រីនិងបងប្អូន កូន ក្មួយ ទាំង អស់កំពុងរងនូវភាពអយុត្តិធម៌ពីសំណាក់ប្ដីក្រោយម្ដាយរួមជាមួយ កូនក្រោយមិនបានធ្វើតាមបណ្តាំមរតករបស់អ្នកម្តាយលោកស្រីទេ ទោះបណ្តាំមរតក នោះកែប្រែយ៉ាងមិចក៏ដោយ ក៏ជាឆន្ទៈរបស់អ្នកម្តាយរបស់លោកស្រីក្នុងការចែកចែកឲ្យកូននិងថៅៗដែរ ហេតុនេះសូមតុលាការស្វែងរកយុត្តិធ័មឲ្យគ្រួសារលោកស្រីផង។អ្នកស្រីជុំ រស្មី ហៅស្រីទូច សង្កត់ថា”ភាគីប្តីក្រោយព្រមទាំងកូនៗពួកគាត់នោះកន្លងមកគឺបានបង្វែរសាច់រឿងម្តងជាទីពីរដងមកហើយដើម្បីចង់បានទ្រព្យមរតកតែខ្លួនឯង។ខ្ញុំនិងកូនចៅទាំង១១នាក់ស្នើរសុំដល់ប្រព័ន្ធតុលាការលោកមេត្តាពិនិត្យឲ្យច្បាស់ជុំវិញសំណុំរឿងក្តីរបស់ពួកខ្ញុំនេះផង ព្រោះប្រទេសមានច្បាប់ កុំឲ្យពួកគេរំលោភបំពានលើក្រុមគ្រួសារខ្ញុំបែបនេះ “។
ពាក់ព័ន្ធរឿងរ៉ាវនេះនៃបណ្តាំមរតកខាងលើយើងមិនទាន់អាចស្វែងរកការបកស្រាយពីភាគីម្ខាងទៀតដែលស្វាមីក្រោយរបស់លោកស្រី កែវ មន្ថា បានទេជុំវិញបញ្ហាវិវាទរឿងបណ្ដាំមរតកដ៍ក្ដៅគគុកនេះ។
សម្រាប់អ្នកស្រីជុំ រស្មី ហៅស្រីទូច បញ្ជាក់ថាអ្វីដែលអ្នកស្រីរួមនឹង បងប្អូនកូនថៅដែលក្នុងនោះក៏មានតារាចម្រៀងកញ្ញាស៊ូ សីរីកា គឺចង់បានឲ្យមានការផ្តល់ភាពយុត្តិធម៌ចំពោះពួកគាត់ដូចដែលមានសរសេរនៅក្នុងលិខិតបណ្តាំមរតករបស់លោក ស្រី កែវ មន្ថា ដែលជាម្តាយ។ដូច្នេះហើយអ្នកស្រីទទូចក៏បានស្នើរនិងអំពាវនាវយ៉ាងទទូចដល់ប្រព័ន្ធច្បាប់មេត្តាជួយរកយុត្តិធម៌នឹងពន្លឿនរឿងក្តីនេះដល់គ្រួសារពួកគាត់ផង។
សូមរំលឹកថាកាលពីខែមុននេះក្រុមគ្រួសាររបស់តារាកំប្លែងអ្នកស្រីទូច ក៏ធ្លាប់បាន ចេញមកទម្លាយ ភាពអយុត្តិធម៌ជាមួយបងប្អូនចំនួន១១ នាក់ពាក់ព័ន្ធរឿងទំនាស់មរតកដែលលោកស្រី កែវ មន្ថា បានសរសេរបណ្តាំទុកឲ្យកូនៗចៅៗព្រមជាមួយនឹងប្តីក្រោយរបស់លោកយាយ កែវ មន្ថា ជាបន្តបន្ទាប់ផងដែរ។ចំណែកតារាចម្រៀងល្បីឈ្មោះកញ្ញា ស៊ូ ស៊ីរីកា ដែលជាចៅរបស់លោកស្រី កែវ មន្ថា ក៏ស្នើរសុំដល់តុលាការជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារគាត់ខាងលើដែរ ខណៈដែលមជ្ឈដ្ឋានមហាជនក៍បានតាមដានរឿងមួយនេះដោយយកចិត្តទុកដាក់ ហើយពួកគេចង់ឃើញប្រព័ន្ធច្បាប់របស់កម្ពុជាផ្ដល់ភាពយុត្តិធ័មដល់ក្រុមគ្រួសារអ្នកស្រីជុំ រស្មី ហៅស្រីទូច ផង ។តាមព័តមានចុងក្រោយថាអ្នកស្រី ស្រីទូច និងបងប្អូនកូនចៅចំនួន១១នាក់ត្រូវជាកូន ជាចៅ និងចៅទួត របស់វីរ:សិល្បការិនីលោកស្រីកែវ មន្ថា និងតារាចម្រៀងស៊ូ ស៊ីរីកា ផងក៍ត្រៀមឡើងបំភ្លឺរឿងនេះនៅតុលាការក្នុងពេលឆាប់ៗនេះដែរ៕