Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងប៉ូលិសដាក់ខ្នោះកង់ឡាន គាស់ខ្ទេច ជាប់ខ្នោះ

ខឹងប៉ូលិសដាក់ខ្នោះកង់ឡាន គាស់ខ្ទេច ជាប់ខ្នោះ

ខេត្តកណ្តាល ៖ បុរសម្នាក់ បានចតរថយន្តនៅកន្លែងហាមចត លុះសមត្ថកិច្ចសណ្តាប់ធ្នាប់ប្រទះឃើញ ក៏ដាក់ខ្នោះកង់រថយន្តជាប់ ដើម្បីរង់ចាំម្ចាស់រថយន្ត ចូលខ្លួនដោះស្រាយ ស្រាប់តែបុរសជាម្ចាស់រថយន្ត មកដល់ឃើញកង់ឡានរបស់ខ្លួនជាប់ខ្នោះ ក៏ខឹងច្រឡោត ហៅបក្ខពួកម្នាក់ទៀត យកដែកគាស់ មកគាស់ខ្នោះ កង់ឡានរបស់សមត្ថកិច្ច បណ្តាលឱ្យខូចខាត ទីបំផុតត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ (ម្ចាស់រថយន្ត) បញ្ជូនទៅចាត់ការតាមច្បាប់ ខណៈ បក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់។

ករណីឃាត់ខ្លួននេះ បានធ្វើឡើង កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ជនសង្ស័យ មានគ្នា២នាក់ ទី១-ឈ្មោះសេន ហ្វាហ្វី ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរកម្មករ មានលំនៅ ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ (ឃាត់ខ្លួន) និងទី២-ឈ្មោះសុះ ចាន់ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរកម្មករ មានលំនៅ ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ (រត់គេចខ្លួន)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឱ្យ កម្លាំងជំនាញក្រុងស្រាវជ្រាវតាមចាប់ជនបង្កដែលបំផ្លិចបំផ្លាញខ្នោះចាក់កង់ឡានរបស់អធិការដ្ឋានក្រុងតាខ្មៅ រហូតឈាន ដល់ការឃាត់ខ្លួនជន បង្កហេតុបានម្នាក់ នៅចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពខាងលើ បញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ មានរថយន្តមួយគ្រឿង ម៉ាក Visto ពណ៌ក្រហម យកមកចតនៅកន្លែងដែលហាមចត ឃើញដូច នេះកម្លាំងផ្នែកសណ្តាប់បានយកខ្នោះទៅចាក់កង់ ដើម្បីរង់ចាំម្ចាស់មក ដើម្បីណែនាំ។ ក្រោយមកជនសង្ស័យមកដល់កន្លែងចតរថយន្ត បានឃើញរថយន្តខ្លួន ជាប់ខ្នោះ ក៏បានហៅបក្ខពួកម្នាក់ទៀត យកដែកមកគាស់ខ្នោះ ធ្វើឱ្យខូចខាតទាំងស្រុង រួចក៏បានជិះរថយន្តចេញទៅបាត់ទៅ។

បន្ទាប់ពីធ្វើការស្រាវជ្រាវ សមត្ថកិច្ចកំណត់អត្តសញ្ញាណជនបង្កហេតុបាន លុះដល់ល្ងាចថ្ងៃដដែល ក៏បានឃាត់ខ្លួនបុរសម្នាក់ មកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ រីឯបក្ខពួកម្នាក់ទៀត បានរត់គេចបាត់ ហើយសមត្ថកិច្ចកំពុងតាមចាប់ខ្លួន៕

RELATED ARTICLES