Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង់សំណាញ់ទាក់ជើងធ្លាក់ទឹក ហូរកួចស្លាប់

បង់សំណាញ់ទាក់ជើងធ្លាក់ទឹក ហូរកួចស្លាប់

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានស្លាប់ បន្ទាប់ពីយកសំណាញ់ទៅបង់ត្រី នៅមុខទឹកហូរ ទាក់ជើងនឹងក្រឡាសំណាញ់ ធ្លាក់ទឹក កួចហូររយៈពេលជាងកន្លះម៉ោង ទើបរកសពឃើញនៅម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។បានជនរងគ្រោះ មានឈ្មោះ វង្ស រុន ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

លោកវរសេនីយ៍ឯក អ៊ឹម ភារៈ អធិការនគរបាលស្រុកអូរជ្រៅ លោកបានបញ្ជាក់ថា នៅពេលជំនន់ទឹកភ្លៀងនៅមុខស្ពានទំនប់ដាច់ មានទឹកហូរកួច ប្រជាពលរដ្ឋ បាននាំគ្នាទៅនេសាទបែបបុរាណ ដោយបង់សំណាញ់ នៅមុខស្ពានផ្នែកខាងក្រោមទឹកហូរ មានមិនតិចជាង ២០ទៅ៣០នាក់ ហើយមានបុរសចំណាស់ ឈ្មោះ វង្ស រុន បានបង់ ទាក់ក្រឡាសំណាញ់ជាប់ជើង ធ្លាក់ទឹកចូលចំមុខទឹកហូរកួចទៅបាត់ នៅម៉ោង១៦និង៣០នាទីល្ងាច។ បន្ទាប់មក អ្នកទៅបង់សំណាញ់ជាមួយ រួមទាំងកម្លាំង នគរបាលប៉ុស្តិ៍ នាំគ្នាមុជទឹករក ឃើញសំណាញ់នៅក្បែរកន្លែងធ្លាក់ រហូតម៉ោង ១៧និង១៥នាទីល្ងាច ទើបរកសពឃើញ នៅចម្ងាយពីកន្លែងធ្លាក់ប្រមាណជិត៥០ ម៉ែត្រ។

លោកវរសេនីយ៍ឯក អ៊ឹម ភារៈ បានបន្តថា សពបានអណ្តែតទៅកណ្តាលវាលស្រែក្រោយ រកឃើញហើយ បានប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើ បុណ្យតាម ប្រពៃណី។ លោកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលមានជំនន់ទឹកភ្លៀង ត្រូវប្រុងប្រយ័ត្នចំពោះកូនចៅ និងខ្លួនឯង ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់កើតឡើង ដូចករណីខាងលើ៕

RELATED ARTICLES