ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុកជាមួយម៉ូតូសណ្តោងរទេះលក់ម្ហូប ១គ្រឿង ដែលស្ត្រីម្នាក់កំពុងបើក ឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ (បែកពងស្វាស) និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវ ជាតិលេខ៤ ស្ថិតនៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG-5266 ក្នុងល្បឿនលឿនបោះពួយពីទិសខាងលិច ទៅកើត។ លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូសណ្តោងរទេះលក់ម្ហូប១គ្រឿង បើកដោយស្ត្រីម្នាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នា ពីកើត ទៅលិច រួចបានបត់ឆ្លងផ្លូវ ពីត្បូង ទៅជើង ជាហេតុធ្វើឱ្យបុរសរងគ្រោះជាន់ហ្វ្រាំងឈប់មិនទាន់ គេចក៏មិនផុត ក៏បានជ្រុលទៅបុកគ្នាពេញទំហឹង បណ្តាលឱ្យបុរសខាងលើ រងរបួសធ្ងន់បែកពងស្វាសតែម្តង។

ក្រោយពេលកើតហេតុ បុរសរងគ្រោះខាងលើ ត្រូវបានរថយន្តពេទ្យដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាម។ បន្ទាប់មក កម្លាំងនគរបាលប៉ុស្តិ៍កន្ទោក និងខាងជំនាញ ចរាចរខណ្ឌកំបូល បានចុះទៅធ្វើការវាស់វែងនិងនាំយកម៉ូតូ ព្រមទាំម៉ូតូសណ្តោងរទេះលក់ម្ហូប ទៅរក្សាទុកនៅផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌ រង់ចាំការដោះ ស្រាយតាមច្បាប់នៅពេលក្រោយ៕
