Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកំពុងដេកលក់ ភ្លើងឆេះផ្ទះ ខ្លោចមនុស្ស

កំពុងដេកលក់ ភ្លើងឆេះផ្ទះ ខ្លោចមនុស្ស

ភ្នំពេញ ៖ លំនៅឋាន១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទាំងកណ្តាលយប់ បង្កឱ្យរងការខូចខាតអស់ទាំងស្រុង ក្នុងនោះ បានបណ្តាលឱ្យបុរសចំណាស់ ជាមន្ត្រីចូលនិវត្តន៍ម្នាក់ ដែលជាម្ចាស់ផ្ទះ ត្រូវឆេះស្លាប់ក្នុងភ្នក់ភ្លើង យ៉ាងអាណោចអាធ័ម ខណៈដែលសម្រាន្តលក់ រត់ចេញមិនទាន់។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៣ ស្ថិតនៅចំណុចផ្លូវបេតុង ក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។បុរសរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍អគ្គិភ័យ មានឈ្មោះឡាច សាម៉ុន អាយុ៥៨ឆ្នាំ ជាមន្ត្រី យោធាចូលនិវត្តន៍ មានលំនៅ ផ្ទះកើតហេតុខាងលើ។ ចំណែកផ្ទះដែលរងការឆាបឆេះ ជាប្រភេទសំណង់ ថ្មក្រោមឈើលើ មានទំហំ ៦ម៉ែត្រ គុណនឹង ១២ម៉ែត្រ (ឆេះខូចខាតអស់ទាំងស្រុង)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានដេកនៅក្នុងបន្ទប់លើផ្ទះ ប៉ុន្តែបន្ទប់គាត់អត់ជាប់សោទេ គឺបិទទ្វារធម្មតាប៉ុណ្ណោះ ប៉ុន្តែបានបិទទ្វារខាងមុខ ខ្ទាស់គន្លឹះជាប់ ចំណែក សមាជិកគ្រួសារផ្សេងទៀតបានដេកនៅក្នុងបន្ទប់ខាងក្រោម។ លុះដល់ពេលកើតហេតុ ស្រាប់តែមានភ្លើង ឆេះចេញពីផ្នែកជញ្ជាំងខាងក្រោយ ខាងលើផ្ទះ ភ្លាមៗនោះកូនៗបាននាំគ្នាឡើងទៅស្រែកហៅ ដាស់បុរស រងគ្រោះដែលជាឪពុកឱ្យក្រោក និងយកសោទៅចាក់ទ្វារ ដើម្បីជួយឪពុកដែរ។ ប៉ុន្តែដោយសារតែភ្លើងឆេះពេញបន្ទុកទៅហើយ ទើបចាក់មិនបាន រហូតអ្នកភូមិជួយគាស់ទ្វារនោះទៀត នៅគាស់ពុំបាន ហើយបុរសជាឪពុកត្រូវបានភ្លើងឆេះស្លាប់យ៉ាងអាណោចអាធ័ម។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ថា បន្ទាប់ពីកើត មាន ហេតុការណ៍អគ្គិភ័យខាងលើភ្លាម លោកបានដឹកនាំបញ្ជាផ្ទាល់ដល់ កម្លាំងពន្លត់អគ្គិភ័យ តាមបណ្តាល គោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១២គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ ការិយា ល័យរាជធានីភ្នំពេញ ចំនួន៨គ្រឿង ប្រើប្រាស់ទឹកអស់ ៨ឡាន ស្មើនឹង ៤៦ម៉ែត្រគូប រថយន្តជំនួយមកពី កងពលតូចលេខ៧០ ចំនួន៤គ្រឿង ពុំបានប្រើប្រាស់ទឹក។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការ ខូចខាតសម្ភារៈ និងទ្រព្យសម្បត្តិ រួមមាន ផ្ទះ ១ខ្នងទាំងស្រុង កៅអីដែក ប្រហែល៩៥០កៅអី រួមនិង របស់ របរប្រើប្រាស់ជាច្រើនទៀត តែពុំបណ្តាលឱ្យឆេះរាលដាល ដល់ផ្ទះអ្នកក្បែរខាងឡើយដោយកម្លាំង សមត្ថ កិច្ចជំនាញបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

ជុំវិញករណីអគ្គិភ័យខាងលើ នៅពុំទាន់មានការអះអាងឱ្យបានច្បាស់ថា បណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ ដោយប្រភពខ្លះសង្ស័យថា បណ្តាលមកពីម្ចាស់ផ្ទះអុជទៀន និងធូប សែននំព្រះខែ ហើយភ្លេចមើល បណ្តាល ឱ្យមានការឆាបឆេះតែម្តង តែខ្លះដាក់ការសង្ស័យថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES