Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរំដោះនារីក្មេង៧នាក់ មេខ្យល់បោកទៅលក់នៅ ឡាវ

រំដោះនារីក្មេង៧នាក់ មេខ្យល់បោកទៅលក់នៅ ឡាវ

ភ្នំពេញ ៖ ក្រោមកិច្ចសហការដ៏ស្អិតល្មួតជាមួយអាជ្ញាធរនៃរដ្ឋាភិបាលឡាវ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ស្ថានទូតកម្ពុជា ប្រចាំប្រទេសឡាវ បានធ្វើអន្តរាគមន៍និងបានជួយសង្គ្រោះនារីជាជនជាតិខ្មែរ ចំនួន៦នាក់ ដែលរងគ្រោះដោយការជួញដូរទៅធ្វើការនៅប្រទេសឡាវ និងកំពុងបន្តការសហការដើម្បីសង្គ្រោះម្នាក់ទៀត។

ជុំវិញករណីខាងលើនេះ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ ដើម្បីនារីរងគ្រោះដែលត្រូវបានជួយសង្គ្រោះ បាន ឆាប់ត្រឡប់ មកដល់ប្រទេសកម្ពុជា ដែលជាស្រុកកំណើតរបស់ខ្លួន និងបានជួបជុំក្រុមគ្រួសារ ឪពុកម្តាយញាតិមិត្ត របស់ខ្លួនវិញ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បាន ទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីនារីខ្មែរចំនួន៧នាក់ ដែលបានបង្ហោះ សារអំពាវនាវតាមបណ្តាញសង្គម ហ្វេសប៊ុក ស្វែងរកការជួយសង្គ្រោះពួកគេ។ នារីទាំង៧នាក់ បានឲ្យដឹងថា េពួកនាងត្រូវបានជនខិលខូច បោកប្រាស់នាំទៅធ្វើការនៅខេត្តបរកែវ នៃប្រទេសឡាវ (តំបន់ត្រីកោណ) ដោយមេខ្យល់បានកុហកថា ឲ្យពួកនាងទៅធ្វើការនៅ KTV តែបែរជាយកនាងទៅលក់ ហើយពួកនាង បានរត់ចេញពីកន្លែងធ្វើការ បន្ទាប់ពីមានបញ្ហាជាមួយថៅកែ ដែលគ្រោងលក់ពួកនាងទៅប្រទេសទី៣ ទៀត។

ក្រោយពីបានទទួលព័ត៌មាននេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ បានសុំការសហការភ្លាម ពីអាជ្ញាធរឡាវ ដើម្បីជួយសង្គ្រោះនារីខ្មែរទាំង៧នាក់នោះ។  ជាមួយគ្នានេះ សម្តេចហ៊ុន ម៉ាណែត ក៏បាន ណែនាំឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ  ជំរុញស្ថានទូតកម្ពុជា ប្រចាំប្រទេសឡាវ ឱ្យផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ ដោយ សហការជាមួយសមត្ថកិច្ចឡាវ។

រហូតមកដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នារីខ្មែរចំនួន៦នាក់ ត្រូវបានជួយសង្គ្រោះ និងកំពុងស្ថិតនៅកន្លែង មានសុវត្ថិភាព និងមាន ការយកចិត្តទុកដាក់ខ្ពស់។ ដោយឡែក ស្ថានទូតបាន និងកំពុងបន្តសហការជា មួយកម្លាំងសមត្ថកិច្ចឡាវ បន្តខិតខំជួយសង្គ្រោះនារីខ្មែរម្នាក់ទៀត។

ការជួយសង្គ្រោះនារីខ្មែរទាំង៧នាក់នេះ បានបង្ហាញឱ្យឃើញពីចំណាត់ការដ៏រហ័សរហួន និងការយក ចិត្តទុកដាក់របស់មន្ត្រីរាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ជាពិសេស មន្ត្រីនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ និងអាជ្ញាធរពាក់ព័ន្ធ ដែល បានគិតគូរខ្ពស់អំពី សុវត្ថិភាព ទុក្ខលំបាក និងបញ្ហារបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ មិនថានៅបញ្ហាធំប៉ុនណា លំបាក យ៉ាងណា ឬឆ្ងាយដល់ណានោះឡើយ ឱ្យតែរាជរដ្ឋាភិបាលបានដឹង គឺមិនព្រងើយកន្តើយទុកពលរដ្ឋ ចោលនោះទេ គឺប្រឹងប្រែងអស់លទ្ធភាព ដើម្បីជួយពួកគេ។

នារីរងគ្រោះទាំង៦នាក់ ដែលបានសង្គ្រោះរួច បានបង្ហាញក្តីរំភើបរីករាយជាពន់ពេក ដែលបានរួចផុត ពីការជួញដូរ ជាពិសេសទទួលបានកិច្ចអន្តរាគមន៍យ៉ាងរហ័ស ពីសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងអាជ្ញាធរកម្ពុជា។ ពួកគេបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេច ហ៊ុន ម៉ាណែត ក៏ដូចជាអាជ្ញាធររបស់កម្ពុជា ក្នុងនោះរួមមានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង មន្ត្រីនៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសឡាវ ដែលបានខ្នះខ្នែងជួយសង្គ្រោះពួកគេ ឱ្យរួចផុត ពីគ្រោះថ្នាក់ និងអាចបានត្រឡប់មកកាន់ប្រទេសកំណើតវិញ៕

RELATED ARTICLES