Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងស្រីរាវខ្យង លង់ទឹកស្លាប់៣នាក់

ក្មេងស្រីរាវខ្យង លង់ទឹកស្លាប់៣នាក់

ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីវ័យជំទង់ ចំនួន៣នាក់ បាននាំគ្នាសុំជីដូន ចេញទៅរកក្តាមខ្យង យក មកទុកធ្វើម្ហូប លុះពេលកំពុងរាវក្តាម ខ្យង ស្រាប់តែយុវតីម្នាក់ បានលង់ទឹក ភ្លាមនោះ យុវតី២នាក់ទៀត នាំគ្នាស្ទុះទៅជួយ តែអកុសល ដោយសារតែអ្នកលង់ទឹកស្រវាឱបជាប់ ស្អិតពេក ធ្វើឱ្យហែលមិនរួច ក៏បណ្តាលឱ្យលង់ទឹកស្លាប់ទាំង៣នាក់តែម្តង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នៅចំ ណុចក្នុងប្រឡាយវាលស្រែ ស្ថិតក្នុងភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ។

ក្មេងស្រីរងគ្រោះទាំង៣នាក់ ដែលលង់ទឹកស្លាប់ រួមមាន ទី១-ឈ្មោះស៊ុម សៅរី ភេទស្រី អាយុ១៦ឆ្នាំ មានលំនៅ ភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ។ ទី២-ឈ្មោះស៊ុម សៅរ៉ាត់ ភេទស្រី អាយុ១២ឆ្នាំ មានលំនៅ ភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ និងទី៣-ឈ្មោះអឿន សោភា ភេទស្រី អាយុ១២ឆ្នាំ មានលំនៅ ភូមិម៉ក់ហឺន ឃុំកូប ស្រុក អូរជ្រៅ។

តាមសម្តីស្ត្រីចំណាស់ឈ្មោះវ៉ាន់ សុត ភេទស្រី អាយុ៦៩ឆ្នាំ ត្រូវជាជីដូនរបស់ក្មេងស្រីរងគ្រោះ  បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រហែល ៤រសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ចៅៗ របស់គាត់ ទាំង៣នាក់ (ក្មេងស្រីរងគ្រោះ ទាំង៣នាក់) បានសុំគាត់ ទៅលេងទឹក និងរកក្តាម ខ្យង ដើម្បី យកមកធ្វើម្ហូប។ ពេលនោះ គាត់ក៏បានអនុញ្ញាតឱ្យទៅ លុះបណ្តើរគ្នាទៅដល់ចំណុចកើតហេតុ ចៅស្រី ទាំង៣នាក់ បាននាំគ្នាចុះរាវខ្យង ក្តាម បណ្តើរ ងូតទឹកលេងបណ្តើរ អស់ជាច្រើនម៉ោង។ ស្រាប់តែក្រោយមក ចៅស្រីម្នាក់ បានធ្លាក់ចូលក្នុងរណ្តៅទឹកជ្រៅ លុះឃើញបែបនេះ ចៅស្រី ២នាក់ទៀត បានស្ទុះហែលទៅជួយ ប៉ុន្តែដោយសារតែចៅស្រីដែលលង់ទឹកនោះបានស្រវាឱបអ្នកទាំង២ជាប់ រើមិនរួច ទើបបណ្តាលឱ្យលង់ស្លាប់ទាំង៣នាក់តែម្តង។

ជីនដូនរបស់ក្មេងស្រីរងគ្រោះ បានបន្តថា លុះដល់ម៉ោងជាង ៥ល្ងាចទៅហើយ នៅតែមិនទាន់ឃើញចៅ ទាំង៣នាក់ វិលត្រឡប់មកផ្ទះវិញទៀត ទើបគាត់សង្ស័យ ក៏បានទៅបបួលអ្នកភូមិ និងរាយការណ៍ ប្រាប់សមត្ថកិច្ច ចុះទៅស្វែងរកមនុស្ស។ លុះទៅកន្លែងកើតហេតុ ប្រទះឃើញ តែខោអាវរបស់ចៅស្រី នៅមាត់ប្រឡាយ លុះពេលចុះរាវរកក្នុងប្រឡាយ មួយសន្ទុះ ក៏ប្រទះឃើញចៅស្រីទាំង៣ ស្លាប់បាត់អស់ទៅ ហើយ។

សពក្មេងស្រីទាំង ៣ខាងលើ ត្រូវបានសមត្ថកិច្ចពិនិត្យនិងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ពិតជាស្លាប់ដោយ សារលង់ទឹក ប្រាកដមែន រួចក៏ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកមករៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES