Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរៀនកាច់កម៉ូតូ ចេញលួចលើកទី១ ជាប់ខ្នោះ

រៀនកាច់កម៉ូតូ ចេញលួចលើកទី១ ជាប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ បានចូលទៅលេងល្បែងក្នុងកាស៊ីណូ រហូតចាញ់អស់លុយគ្មានសល់ ស្រាប់តែត្រូវជនសង្ស័យម្នាក់ទៀត បានបបួលឱ្យទៅលួចម៉ូតូ ដោយបានជួយបង្រៀនពីវិធីលួច (កាច់កម៉ូតូ) អស់ជាង៤ម៉ោង លុះឃើញថាអាចយកទៅប្រើការបាន ក៏ធ្វើសកម្មភាពចេញលួចលើកដំបូង ស្រាប់តែម្ចាស់គេ ឃើញទាន់ ស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាង និងកម្លាំងអាវុធហត្ថ ប្រដេញចាប់ក្របួចជាប់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នៅចំ ណុចខាងជើងបុរីហ្គោដឡាក់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ជនសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះចាន់ លីនដា ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត  បានឱ្យដឹងថា ដោយ ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការ សម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតវត្ថុតាង ម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ បញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសាកសួរ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ករណីនេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះខន ចាន់នី ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅភូមិអូរនាង សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ដោយ បានប្តឹងពីករណីលួចម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ 1X-4771 កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចខាងជើងបុរីហ្គោដឡាក់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា នៅចំពោះមុខកម្លាំងជំនាញ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ រូបខ្លួនបានលេងល្បែង ចាញ់លុយអស់ ហើយខ្លួនបានអង្គុយមើលគេ ពេលនោះស្រាប់តែឈ្មោះជី ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ បានបបួលខ្លួនទៅលួចម៉ូតូ ហើយឈ្មោះជី បាននាំទៅក្រៅកាស៊ីណូ និងបានយកទួរណឺវីស ពណ៌ខៀវ ១ដើម ដង្កាប់ពណ៌ខៀវ ១ដើម មកបង្រៀនខ្លួន ពីរបៀបកាច់កម៉ូតូ រហូតដល់វេលាម៉ោងប្រហែល ៥និង៣០នាទី ថ្ងៃដដែល ក្រោយពីរៀនចេះ អាចប្រើការបានហើយ ឈ្មោះជី បានដឹកខ្លួនទៅកន្លែងមួយ ដើម្បីចាំមើល ម៉ូតូណាចតទុកចោល ដើម្បីធ្វើសកម្មភាពលួចតែម្តង។

បន្ទាប់មក ខ្លួនបានលួចកាច់កម៉ូតូរបស់ជនរងគ្រោះខាងលើ ដែលចតទុកនៅមុខបន្ទប់ ហើយជិះចេញ តែត្រូវ បានប្រជាពលរដ្ឋនៅក្បែរនោះស្រែកឆោឡោ ហើយប្តឹងទៅសមត្ថកិច្ច ឱ្យឃាត់ខ្លួនតែម្តង។ក្រោយទទួលបានចម្លើយសារភាព និងមានវត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានកសាងសំណុំរឿង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត។ ចំណែកម៉ូតូ ជាវត្ថុតាង ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទ ល្មើស បានឱ្យដឹងថា ក្រោយពីបញ្ចប់ការស៊ើបសង្កេត និងយោងលើរបាយការណ៍របស់មូលដ្ឋាន កងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត បានបញ្ជូនសំណុំរឿង និងជនសង្ស័យ ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីនៅព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣៕

RELATED ARTICLES