ខេត្តសៀមរាប ៖ បុរស ២នាក់ បានកើតមានជម្លោះពាក្យសម្តីនឹងគ្នា នៅក្នុងវង់ផឹកស៊ី ជាហេតុធ្វើឱ្យភាគី ម្ខាងចងគំនុំ រហូតដល់បែកគំនិតរួមដៃជាមួយប្រពន្ធ លីកាំបិតផ្គាក់ ទៅកាប់ជនរងគ្រោះ ចំនួន៣កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម។ បន្ទាប់មក ជនដៃដល់បានហៅប្រពន្ធឱ្យមកជួយលើកសពបោះចោលក្នុង ថ្លុកទឹក រួចនាំគ្នារត់គេចខ្លួន ទីបំផុតត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ក្របួចជាប់ទាំង២នាក់ប្តីប្រពន្ធ នាំយកមកចាត់ការតាមច្បាប់។
ករណីឃាតកម្មដ៏សាហាវឃោរឃៅនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង១០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែ តុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចថ្លុកទឹក មាត់ប្រឡាយ តាមបណ្តោយផ្លូវជាតិលេខ៦ មុខដីឡូត៍ ខាងលិចអតីត ភោជនីយដ្ឋានអាប៉ូឡូប្លាហ្សា ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ រហូតមកដល់វេលាម៉ោង ១២ថ្ងៃ ត្រង់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនដៃដល់ ទាំង២នាក់ប្តីប្រពន្ធ ដល់ផ្ទះតែម្តង ស្ថិតនៅភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម។
ជនសង្ស័យជាឃាតករទាំង២នាក់ប្តីប្រពន្ធ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បុរសជាប្តី មានឈ្មោះហូល ហៃ ហៅម៉ែន អាយុ៣១ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះកឿម កាន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម។ ដោយឡែក ជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា មានអាយុប្រហែលជាង ៣៥ឆ្នាំ មុខរបរចាប់ម៉ូយដាក់ឡានតាក់ស៊ី។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង ៤និង១០នាទី ទៀបភ្លឺ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅចំណុចថ្លុកទឹកមាត់ប្រឡាយ ជាប់ផ្លូវជាតិលេខ៦ ក្រុងសៀមរាប ដោយមានអ្នកប្រទះឃើញសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ សម្បុរស្រអែម អាយុប្រហែល៣៥ឆ្នាំ មានកម្ពស់ប្រហែល ១,៥០ម៉ែត្រ មានសាក់រូបនៅលើដើមទ្រូង និងផ្នែកខ្នង ពាក់អាយឺតដៃវែង ពណ៌ខ្មៅ ស្លៀកខោសាច់ក្រណាត់ជើងខ្លី ត្រឹមជង្គង់ ពណ៌ខ្មៅ ដេកស្លាប់ក្នុងថ្លុកទឹក ជាប់មាត់ផ្លូវ ដោយមានស្លាកស្នាមរបួសដាច់រយះបំពង់ក និងមានស្នាមកាប់នៅលើដងខ្លួន ជាច្រើនកន្លែងទៀតផង។
ក្រោយកើតមានករណីខាងលើ តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានឱ្យកម្លាំងចម្រុះ មានដូចជា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងអធិការនគរបាលក្រុងសៀមរាប កម្លាំងការិយាល័យនគរបាលបច្ចេកទេសខេត្ត កម្លាំងនគរបាលមូលដ្ឋាន កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យកន្លែងកើតហេតុ រួចសន្និដ្ឋានថា ជនរងគ្រោះ អាចត្រូវឃាតកម្មសម្លាប់ ដោយសារតែរឿងគំនុំ ព្រោះបុរសរងគ្រោះ ជាអ្នកចាប់ម៉ូយដាក់ឡានតាក់ស៊ី ហើយជាទម្លាប់ តែងតែចងអង្រឹងដេកនៅកន្លែងទំនេរ។ ក្រោយពីផ្តាច់ជីវិតជនរងគ្រោះរួច ជនដៃដល់បានអូសសពជនរងគ្រោះ យកទៅទម្លាក់ចោលនៅក្បែរប្រឡាយ មុខដីឡូត៍ពីខាងលិចអតីតភោជនីយដ្ឋាន អាប៉ូឡូប្លាហ្សា តែម្តង។
បន្ទាប់ពីកម្លាំងជំនាញធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យសពរួច ក៏បានវេចខ្ចប់សព រួចដឹកយកទៅបូជានៅវត្តត្រាំនាគ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ដើម្បីទុករក្សាធាតុនៅក្នុងវត្ត រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
បន្ទាប់ពីសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវយ៉ាងល្អិតល្អន់រួចមក នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃដដែល ក៏កំណត់បានមុខសញ្ញាជនដៃដល់ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ខាងលើ ត្រូវជាប្តីប្រពន្ធ នៅចំណុចភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម រួចក៏នាំយកមកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះហូល ហៃ ហៅម៉ែន បានឆ្លើយសារភាពថា រូបគេពិតជាធ្វើសកម្មភាពកាប់ជនរងគ្រោះ បណ្តាលឱ្យស្លាប់ប្រាកដមែន មូលហេតុដោយសារមានគំនុំ (ធ្លាប់ឈ្លោះគ្នាក្នុងវង់ផឹកស៊ី)។
ជនដៃដល់ខាងលើ បានសារភាពបន្តថា មុនកើតហេតុ នៅវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ខ្លួនបានបើកម៉ូតូដឹកប្រពន្ធ ឈ្មោះកឿម កាន ប្រដាប់ដោយកាំបិតផ្គាក់ ១ដើម ចេញពីផ្ទះ នៅភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម សំដៅមករកគូទំនាស់ នៅចំណុចតូបលក់បាយ កន្លែងកើតហេតុ ព្រោះជនរងគ្រោះ តែងតែដេកនៅទីនោះ រៀងរាល់យប់។ ពេលទៅដល់ ខ្លួនបានចុះពីម៉ូតូ កាប់ជនរងគ្រោះ ដោយប្រើដៃទាំងសងខាង កាប់ចំបំពង់កផ្នែកខាងមុខ ចំនួន១កាំបិត ខណៈដែលជនរងគ្រោះដេកផ្ងារ ។ ភ្លាមនោះ ជនរងគ្រោះបានប្រកាច់ ស្ទុះរត់ចេញពីតូបលក់បាយ ទៅទិសខាងត្បូង ផ្លូវជាតិលេខ៦ ហើយដួលផ្កាប់មុខនៅចិញ្ចើមផ្លូវ ភ្លាមនោះរូបគេបានកាប់បន្ថែម ចំត្រង់ស្លាបប្រចៀវខាងស្តាំ ផ្នែកខាងក្រោយ ចំនួន១កាំបិត និងកាប់ចំចង្កេះខាងស្តាំ ចំនួន១កាំបិតទៀត សរុប៣កាំបិត បណ្តាលឱ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងតែម្តង។ បន្ទាប់មក ខ្លួនបានហៅប្រពន្ធឱ្យជួយលើកសពជនរងគ្រោះបោះចូលទៅក្នុងថ្លុកទឹក មាត់ប្រឡាយ ហើយបើកម៉ូតូគេចទៅផ្ទះវិញ ដោយយកក្រណាត់ជូតសម្អាតឈាមចេញពីកាំបិតផ្គាក់។ លុះព្រឹកឡើង ខ្លួនបានសំលៀងនិងលាងសម្អាតកាំបិតផ្គាក់ម្តងទៀត រួចហើយក៏យកទៅសៀតនៅលើធ្នឹមផ្ទះ។ បន្ទាប់មក ទើបយកក្រណាត់ដែលប្រឡាក់ឈាម ដុតជាមួយគំនរសំរាមក្បែរផ្ទះ។ លុះដល់វេលាម៉ោង១២ថ្ងៃត្រង់ ក៏ត្រូវបានសមត្ថកិច្ចចុះនាំខ្លួនតែម្តង។
ចំណែកស្ត្រីជាប្រពន្ធ ឈ្មោះកឿម កាន បានឆ្លើយសារភាពថា មុនពេលកើតហេតុ ១សប្តាហ៍ នៅអំឡុងម៉ោងប្រមាណ ៩យប់ (មិនចាំថ្ងៃច្បាស់) ប្តីរបស់នាងបានកើតមានទំនាស់ និងវាយតប់គ្នាជាមួយជនរងគ្រោះ ខណៈកំពុងអង្គុយផឹកស្រា-សជាមួយគ្នា ជាហេតុធ្វើឱ្យប្តីរបស់នាង ចងគំនុំតាំងពីថ្ងៃនោះមក។ រហូតមកដល់វេលាយប់កើតហេតុ នៅវេលាម៉ោងប្រមាណ ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ប្តីបានបើកម៉ូតូដឹកនាងចេញពីផ្ទះ និងប្រដាប់ដោយកាំបិតផ្គាក់ ១ដើម មកធ្វើសកម្មភាពកាប់ជនរងគ្រោះជាគូទំនាស់ រហូតដល់ស្លាប់តែម្តង ។ លុះពេលប្តីកាប់ជនរងគ្រោះស្លាប់ហើយ នាងក៏បានជួយប្តី លើកសពជនរងគ្រោះ បោះចូលក្នុងថ្លុកទឹកផងដែរ។
ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕