Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចង់បានឡានរកស៊ី លួចឡានគេ ជាប់ខ្នោះ

ចង់បានឡានរកស៊ី លួចឡានគេ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចរថយន្តសម្រាប់ដឹកគ្រឿងចក្រ ១គ្រឿង រួចព្យាយាមបើកគេច ប៉ុន្តែត្រូវបានម្ចាស់ដឹងទាន់ បានជិះម៉ូតូដេញតាម និងប្តឹងនគរបាលឱ្យជួយអន្តរាគមន៍ រហូតឃាត់បានរួចវាយ ខ្នោះ នាំយកទៅធ្វើការសាកសួរ ក៏ឆ្លើយថា ព្រោះតែចង់បានឡាន យកទៅរកស៊ីពេក ទើបលួច។ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅក្នុងភូមិ សំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៊ុន វិសាល អាយុ២២ឆ្នាំ មុខរបរបើកបររថយន្តក្រុមហ៊ុនឯកជន មានលំនៅ ភូមិ៦ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចរថយន្តផ្លាដឺហ្វ័ម សម្រាប់ដឹកគ្រឿងចក្រ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3085 ដែលជាកម្មសិទ្ធិរបស់ឈ្មោះញិល រិត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើត ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ សព្វថ្ងៃស្នាក់នៅភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីបុរសជាម្ចាស់រថយន្ត បានឱ្យដឹងថា នៅមុនកើតហេតុ កាលពីវេលាយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ គាត់បានទុករថយន្តនៅលើចិញ្ចើមផ្លូវ មុខផ្ទះ រួចបានចូលដេកនៅក្នុងផ្ទះ ហើយខណៈពេលកំពុងដេកលក់ ស្រាប់តែឮសូរសំឡេងបញ្ឆេះរថយន្ត ធ្វើឱ្យគាត់ភ្ញាក់ពីដំណេក ក្រោករត់ចេញទៅមើល ឃើញជនសង្ស័យកំពុងបើករថយន្តគាត់ចេញពីកន្លែងចត ទើបគាត់ស្រែកឆោឡោ និងជិះម៉ូតូដេញតាមពីក្រោយជាប់រហូត ដោយជនសង្ស័យបានបើករថយន្តគេចទៅតាមផ្លូវក្រវាត់ក្រុងទី៣ ហើយគាត់បានដេញតាមរហូតដល់ចំណុចភ្លើងស្តុបកែងផ្លូវលេខ៤២ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល បានជួបកម្លាំងនគរបាលខណ្ឌកំបូលកំពុងល្បាត ហើយគាត់ក៏បានប្តឹងសុំឱ្យជួយអន្តរាគមន៍តែម្តង។

ម្ចាស់រថយន្តខាងលើ បានបន្តថា ពេលនោះកម្លាំងនគរបាលក៏បានជួយដេញតាម ហើយជនសង្ស័យបានបើកគេចឡើងទៅតាមផ្លូវជាតិលេខ៣ រហូតដល់ចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទើបកម្លាំងនគរបាលស្ទាក់ឃាត់បាន រួចវាយខ្នោះ នាំទៅសាកសួរ។

បន្ទាប់មកនគរបាលខណ្ឌកំបូល បានប្រគល់ជនសង្ស័យទៅឱ្យកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរនិងកសាងសំណុំរឿង ចាត់ការបន្ត ព្រោះរថយន្តនេះ ត្រូវបានជនសង្ស័យលួចយកចេញពីខណ្ឌពោធិ៍សែនជ័យ។

ក្រោយពេលនគរបាលចាប់ខ្លួនជនសង្ស័យខាងលើ បានធ្វើជាយំសោកស្តាយកំហុសដែលខ្លួនប្រព្រឹត្ត និងបាននិយាយថា ខ្លួនចង់ទិញរថយន្តធុនធំ ១គ្រឿង ដើម្បីរកស៊ី ហើយត្រូវបានបុរសម្នាក់ឈ្មោះម៉ាប់ អាយុប្រមាណជាង៤០ឆ្នាំ ទើបស្គាល់គ្នានៅវេលាយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ប្រាប់ថា “បើចង់ទិញឡាន រូបគេ (ឈ្មោះម៉ាប់) មាន១គ្រឿង”។ បន្ទាប់មក ឈ្មោះម៉ាប់ បានចង្អុលបង្ហាញទៅរថយន្តផ្លាដឺហ្វ័ម ១គ្រឿងខាងលើ ដែលម្ចាស់ឈប់ចតទុកលើចិញ្ចើមផ្លូវមុខផ្ទះ ហើយឈ្មោះម៉ាប់ បានប្រាប់ទៀតថា “បើចង់បាន កក់លុយមុនតែ ១០០០ដុល្លារមក”។

ជនសង្ស័យ បានបន្តថា ខ្លួនក៏ដឹងថារថយន្តនោះមិនមែនជារបស់ឈ្មោះម៉ាប់ ឡើយ ប៉ុន្តែដោយសារតែចង់បានរថយន្តរកស៊ី ក៏សុខចិត្តយកលុយ ៦០០ដុល្លារ ប្រគល់ឱ្យឈ្មោះម៉ាប់។ លុះដល់វេលាម៉ោង ៤ជិតភ្លឺ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ខ្លួនបានទៅបើករថយន្តនោះ យកចេញគេចខ្លួន ប៉ុន្តែរត់មិនរួច ព្រោះត្រូវម្ចាស់ដឹងទាន់ដេញតាម និងប្តឹងនគរបាលឱ្យឃាត់ខ្លួនតែម្តង៕

RELATED ARTICLES