Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរប្លន់ផ្ទះពលរដ្ឋលក់ចាប់ហួយ  វ៉ៃម្ចាស់ផ្ទះ ស្លាប់១ របួសធ្ងន់២

ចោរប្លន់ផ្ទះពលរដ្ឋលក់ចាប់ហួយ  វ៉ៃម្ចាស់ផ្ទះ ស្លាប់១ របួសធ្ងន់២

ខេត្តព្រះសីហនុ ៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ១ក្រុម បានធ្វើសកម្មភាពចូលប្លន់ផ្ទះអ្នកលក់ចាប់ហួយ មួយកន្លែង ដោយប្រើល្បិចធ្វើជាចូលទៅទិញស្រាបៀរ រួចល្បួងនាំបុរសម្នាក់ ជាម្ចាស់ផ្ទះ ឱ្យទៅយកលុយ ជាមួយខ្លួន ហើយក៏នាំយកទៅវាយសម្លាប់ចោលនៅខាងក្រោយផ្ទះ ។ បន្ទាប់មកបានវិលត្រឡប់មកវិញវាយ ប្លន់ស្ត្រីចំណាស់ជាម្តាយ និងក្មួយប្រសាស្រីម្ចាស់ផ្ទះ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ ប្លន់យកបានខ្សែក ខ្សែដៃ ប្រមាណជិត ២តម្លឹង ហើយនាំគ្នាគេចខ្លួនបាត់អស់ដោយសុវត្ថិភាព។

ករណីប្លន់ផ្ទះចាប់ហួយនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណជិត ៩យប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះលក់ចាប់ហួយ មួយកន្លែង ស្ថិតនៅអូរតាសេក ក្រុមទី១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងករណីខាងលើ មានឈ្មោះហ៊ឹម ប៉ូឡូ ភេទប្រុស អាយុ៤៣ឆ្នាំ ជាម្ចាស់ផ្ទះ លក់ចាប់ហួយ។ ចំណែកជនរងគ្រោះ ២នាក់ទៀត ដែលត្រូវជនសង្ស័យវាយរបួសធ្ងន់ ទី១-ឈ្មោះហ៊ឹម ខេន ភេទស្រី អាយុ៨១ឆ្នាំ ត្រូវជាម្តាយរបស់បុរសរងគ្រោះជាម្ចាស់ផ្ទះចាប់ហួយ និងទី២-ឈ្មោះខុន រី ភេទស្រី អាយុ ៣៦ឆ្នាំ ត្រូវជាក្មួយម្ចាស់ផ្ទះ។ ជនរងគ្រោះទាំង៣នាក់ មានលំនៅ ផ្ទះកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណជិត ៩យប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ មានជនមិនស្គាល់អត្តសញ្ញាណ ១ក្រុម បានចូលទៅផ្ទះអ្នកលក់ចាប់ហួយ មួយកន្លែង ស្ថិតនៅឃុំទំ នប់លក ស្រុកស្ទឹងហាវ ដោយបន្លំថា ទិញស្រាបៀរ។ បន្ទាប់មក បានឱ្យបុរសរងគ្រោះ ជាម្ចាស់ផ្ទះ ឈ្មោះហ៊ឹម ប៉ូឡូ ទៅជាមួយខ្លួន ដោយប្រាប់ថា ទៅយកលុយ។ ក្រោយមក ក្រុមជនសង្ស័យបានត្រឡប់មកវិញម្តងទៀត រួចក៏ធ្វើសកម្មភាពវាយប្លន់ស្ត្រីជាម្តាយម្ចាស់ផ្ទះលក់ចាប់ហួយ និងក្មួយប្រសាស្រីម្នាក់ទៀត បណ្តាលឱ្យរង របួសធ្ងន់ ហើយប្លន់យកបានមាស-ប្រាក់ អស់មួយចំនួន រួមមាន ខ្សែក ទម្ងន់១តម្លឹង ខ្សែដៃ ៥ជី ចិញ្ចៀន ៣ជី រួចនាំគ្នាគេចខ្លួនពីកន្លែងកើតហេតុបាត់អស់ភ្លាមៗ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ដែលរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ។

សមត្ថកិច្ច បានបញ្ជាក់ថា នៅក្នុងហេតុការណ៍ប្លន់នេះ ជនល្មើសបានប្រើដំបងវាយជនរងគ្រោះជាម្ចាស់ផ្ទះ ចំនួន២នាក់ បណ្តាលឱ្យបែកក្បាលបែកមុខបែកមាត់ រងរបួសធ្ងន់។ ចំណែកបុរសរងគ្រោះជាម្ចាស់ផ្ទះ ដែលត្រូវ ក្រុមជនល្មើសហៅទៅយកលុយនោះ មិនឃើញត្រឡប់មកវិញនោះទេ។ រហូតមកដល់វេលាព្រឹកថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចរកឃើញសព ដេកស្លាប់នៅក្នុងព្រៃខាងក្រោយផ្ទះជនរងគ្រោះ ប្រហែលជិត ១០០ម៉ែត្រ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចចម្រុះ កំពុងបើកប្រតិបត្តិការស្រាវជ្រាវ កំណត់មុខសញ្ញាក្រុមជនសង្ស័យ ដើម្បីតាមចាប់ខ្លួន នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES