Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនឈ្នួល បោកកូនជ្រូកម្ចាស់ផ្ទះ លួចលុយ ៦ពាន់ដុល្លារ ជាប់ខ្នោះ

កូនឈ្នួល បោកកូនជ្រូកម្ចាស់ផ្ទះ លួចលុយ ៦ពាន់ដុល្លារ ជាប់ខ្នោះ

ភ្នំពេញ ៖ នារីបម្រើតាមផ្ទះម្នាក់ ឆ្លៀតពេលម្ចាស់ផ្ទះមិននៅ បែកគំនិតធ្វើសកម្មភាពលួចបោកកូនជ្រូកដី លួចលុយប្រមាណជាង ៦ពាន់ដុល្លារ និងម៉ូតូរបស់ម្ចាស់ផ្ទះ រួចព្យាយាមរត់គេចខ្លួន តែត្រូវម្ចាស់ផ្ទះដឹង ក៏ប្តឹងសមត្ថកិច្ចតាមចាប់ខ្លួនបាន នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះ លេខ៣០ ផ្លូវលេខ៣ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ រហូតមកដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួននារីជើងល្អបាន នៅឯឃុំស្រងែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះសុខ ឡាង ភេទស្រី អាយុ៥០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅ ផ្ទះលេខ៣០ ផ្លូវលេខ៣ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ ភ.ឌ.ណ ភេទស្រី អាយុ១៩ឆ្នាំ  មុខរបរជាអ្នកបម្រើតាមផ្ទះ ធ្វើការនិងស្នាក់នៅផ្ទះកើត ហេតុខាងលើ និងមានស្រុកកំណើត នៅឃុំស្រងែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នារីសង្ស័យខាងលើ បានចូលមកធ្វើការងារជាអ្នកបម្រើនៅ ក្នុងផ្ទះ របស់ ជនរងគ្រោះ មួយរយៈមកហើយ។ មុនពេលកើតហេតុ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះនិងក្រុមគ្រួសារ បាននាំគ្នាចេញទៅព្យាបាលជំងឺ នៅមន្ទីរពេទ្យ ដោយទុកឱ្យ ជនសង្ស័យ ជាអ្នកបម្រើ នៅមើលផ្ទះ តែឯង ស្រាប់តែពេលនោះ ឃើញឱកាសស្ងាត់ល្អ ជនសង្ស័យបែកគំនិតយកកូនជ្រូក ដី ដែលជនរងគ្រោះសន្សំប្រាក់ យកទៅបោកបំបែក លួចយកប្រាក់ប្រហែល ៦ពាន់ដុល្លារ រួចលួចយកម៉ូតូម្ចា ស់ផ្ទះ ១គ្រឿងទៀត ម៉ាកធូដេ ពណ៌ក្រហម  ពាក់ស្លាកលេខ ភ្នំពេញ 1IG-5016 ជិះគេចខ្លួនបាត់។

ប្រភពដដែល បន្តថា បន្ទាប់ពីជនរងគ្រោះត្រឡប់មកផ្ទះវិញ បាត់ជនសង្ស័យ ទើបនឹកឆ្ងល់ លុះចូលមើលក្នុង បន្ទប់ ឃើញថាកូនជ្រូកដែលខ្លួនសន្សំលុយ បានបែកខ្ទេច និងថែមទាំងបាត់ម៉ូតូ ១គ្រឿងទៀតផង ទើបដឹង ថាជនសង្ស័យ ជាអ្នកបម្រើផ្ទះ បានលួចយក។

រហូតមកដល់វេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះបានតាម រកឃើញ ជនសង្ស័យនៅឯឃុំស្រងែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ស្រងែ ឃាត់ខ្លួន ជនសង្ស័យតែម្តង។

ជាមួយនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ប្រាក់ចំនួន ១០៧០ដុល្លារ និងកាបូបមួយ។ ចំណែកម៉ូតូ ជនសង្ស័យបានយកទៅផ្ញើមិត្តភក្តិ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ចាម ប្រគល់ជូនសមត្ថកិច្ចខណ្ឌច្បារអំពៅ ជាម្ចាស់ករណី ដើម្បីនាំយកទៅសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES