Saturday, July 19, 2025
Homeសន្ដិសុខសង្គមធ្វើខួបស្នេហារួច ប្រុសស្លាប់ចោលស្រី

ធ្វើខួបស្នេហារួច ប្រុសស្លាប់ចោលស្រី

ភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូ ១គ្រឿង ក្នុងល្បឿនលឿន លុះឃើញជង្ហុកនៅខាងមុខ គេចចង្កូត ធ្វើឱ្យជ្រុល បុកជាមួយនឹងម៉ូតូ ១គ្រឿងទៀត ជិះគ្នា២នាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹង បណ្តាលឱ្យភាគីម៉ូតូ ជិះគេចជង្ហុក បានបោកក្បាលស្លាប់នៅនឹងកន្លែង ។  អ្វីដែលគួរឲ្យសង្វេគនោះ បុរសរងគ្រោះ ទើបតែធ្វើពិធី រំលឹកខួបស្នេហាជាមួយនារីជាសង្សាររួច ហើយក្រោយទទួលដំណឹងដ៏រន្ធត់នេះភ្លាម នារីជាសង្សារ បានមកដល់ កន្លែងកើតហេតុ ទួញយំឱបសព ដោយក្តីសោកស្តាយ ស្រណោះអាឡោះអាល័យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈាន ចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។ជនរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះ សយ ប៉េងឆៃ ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៤ ផ្នែកវិស្វករ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ជិតវត្តដំបូលខ្ពស់ ក្នុងខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិយកផ្កា ឃុំដូង ស្រុកបាទី ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសនារី ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគី NEX ពាក់ស្លាកលេខ ភ្នំពេញ 1CC-1106 ដឹកគ្នាធ្វើដំណើរ តាមបណ្តោយផ្លូវ៣៧១ ទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរសរងគ្រោះ ខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា  Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JN-4408 ជិះតែម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅពីជើង ទៅត្បូង (បញ្ច្រាសទិសគ្នា) ក្នុងល្បឿនយ៉ាងលឿន បានគេចពីជង្ហុក ធ្វើឱ្យរេចង្កូតទៅខាងឆ្វេងដៃ ចូលផ្លូវម្ខាងទៀត រួចជ្រុលទៅបុកម៉ូតូម៉ាកស៊ុយស៊ូគី NEX ដែល ជិះគ្នា២នាក់ ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យភាគីម្ចាស់ម៉ូតូ Scoopy ដួលបោកក្បាលស្លាប់ភ្លាមៗ នៅក្បែរ ម៉ូតូ យ៉ាងអាណោចអាធ័ម។ ចំណែកភាគីខាងម៉ូតូ NEX រងរបួសធ្ងន់ទាំងពីរនាក់ និងត្រូវបានរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ គេឃើញមិត្តភក្តិនិងសាច់ញាតិបុរសរងគ្រោះ រួមទាំងនារីជាសង្សារ បានមកដល់កន្លែងកើត ហេតុ ទួញយំឱបសព រៀបរាប់ថាហេតុអីបងដាច់ចិត្តទៅចោលអូន ដោយមិនបានលាមួយម៉ាត់។

បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ មក ធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយនៅ ពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅ រៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES