Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាញ់៣គ្រាប់ ជាប់ខ្នោះ៣នាក់

បាញ់៣គ្រាប់ ជាប់ខ្នោះ៣នាក់

ខេត្តបាត់ដំបង ៖ ក្មេងទំនើងឈាមរាវ ១ក្រុម បាននាំគ្នាធ្វើសកម្មភាពព្រួតគ្នាដេញវាយ និងប្រើកាំភ្លើងហ្គាស់ បាញ់គ្រាប់ឃ្លីដែក បាញ់ប្រហារទៅលើយុវជនម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ រួចព្យាយាមរត់គេចខ្លួន បានតែ ប៉ុន្មានម៉ោង ក៏ត្រូវសមត្ថកិច្ចជំនាញ ស្រាវជ្រាវបង្ក្រាបបាន ចំនួន៣នាក់ ខណៈបក្ខពួកផ្សេងទៀត បានគេច ខ្លួនបាត់អស់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៤០នាទីព្រលប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុច កាហ្វេភូមិ ស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។ លុះមកដល់វេលាម៉ោង ១១និង១៨នាទីយប់ ថ្ងៃដដែលទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនក្រុមជនដៃដល់បានចំនួន៣នាក់។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះយ៉េន ចនណាតុន ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ទី២-ឈ្មោះសុខ ផានិត ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ និងទី៣-ឈ្មោះរី រូហ្សា ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។ ចំណែកជនរងគ្រោះ មានឈ្មោះស្រៀង ចំរ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិបែក ចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការងផែនការងារនគរ បាលព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលទៅលើនីតិវិធីពីលោកកែវ សុជាតិ ព្រះរាអាជ្ញា នៃអយ្យ ការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាល មានលោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រួមគ្នាជាមួយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការស្រាវជ្រាវនិងបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំភ្លើង ហ្គាស់ បាញ់គ្រាប់ឃ្លីដែក) ១ករណី និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់  ព្រមទាំងដកហូតវត្ថុតាង រួមមាន កាំភ្លើងខ្លី ម៉ាក PIETRO BERETTA ប្រើហ្គាស់ បាញ់គ្រាប់ឃ្លីដែក ចំនួន១ដើម កំប៉ុងហ្គាស់ សម្រាប់ បញ្ចូលកាំភ្លើង ចំនួន១កំប៉ុង គ្រាប់ឃ្លីដែក ចំនួន៨គ្រាប់ ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ បាត់ដំបង 1AS- 7840។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៦និង៤០នាទីព្រលប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចកាហ្វេភូមិ ស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ជនសង្ស័យខាងលើ រួមជាមួយ បក្ខពួកផ្សេងទៀតដែលកំពុងរត់គេចខ្លួន បានធ្វើសកម្មភាពជិះម៉ូតូ ចំនួន៣គ្រឿង និងប្រដាប់ដោយកាំ ភ្លើងខ្លីបាញ់គ្រាប់ឃ្លីដែក បាញ់ប្រហារទៅលើជនរងគ្រោះឈ្មោះស្រៀង ចំរ៉ុង បណ្តាលឱ្យរងរបួស ចំនួន៣គ្រាប់ (ចំកខាងស្តាំ ១គ្រាប់ កំភួនដៃខាងឆ្វេង ១គ្រាប់ និងកដៃខាងឆ្វេង ១គ្រាប់)។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចទទួលបានព័ត៌មាននេះ ហើយផ្តើមសហការស្រាវជ្រាវរហូតដល់វេលា ម៉ោង ១១និង១៨នាទីយប់ ថ្ងៃដដែល ទើបសមត្ថកិច្ចបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់។ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES