Tuesday, October 22, 2024
Homeព័ត៌មានសិល្បៈលោកគួច ខេវិន ៖ទៅវិស្សមកាលនៅអាមេរិក សោក​ស្ដាយបំផុត ពេលឭលោកឧកញ៉ាឈាង រ័ត្ន ធ្វើអត្តឃាត ខណៈលោកលើកទឹកចិត្តស្រីអូន ឲ្យ​រឹង​មាំ ខ្លាំងក្លា ពុះពារបន្ដដំណើរទៅមុខ

លោកគួច ខេវិន ៖ទៅវិស្សមកាលនៅអាមេរិក សោក​ស្ដាយបំផុត ពេលឭលោកឧកញ៉ាឈាង រ័ត្ន ធ្វើអត្តឃាត ខណៈលោកលើកទឹកចិត្តស្រីអូន ឲ្យ​រឹង​មាំ ខ្លាំងក្លា ពុះពារបន្ដដំណើរទៅមុខ

អាមេរិក៖លោកគួច ខេវិន ដែលជាជនជាតិខ្មែរ សញ្ញាតិអាមេរិក ម្នាក់នោះបានចេញទៅវិស្សមកាល​នៅអាមេរិក​កាលពីថ្ងៃទី៣ តុលា ឆ្នាំ២០២៣ ដើម្បីសម្រាកលម្ហែអារម្មណ៍ ពីការមមាញឹកនឿយហត់ការងារក្នុងស្រុក ក្រោយ​ពី​លោកអាកខានចេញចូលប្រទេសមហាអំណាចមួយនេះតាំងពីផ្ទុះកូវីដ ម្លេះ។ប៉ុន្ដែភាពរីករាយទាំងនោះត្រូវ​បាន​លោកខេវិន អះអាងថាទៅជាស្រងូតស្រងាត់ទៅវិញ បន្ទាប់ពីលោកទទួលដំណឹងថាលោក​ឧកញ៉ាចិត្តធ័ម​ឈាង រ័ត្ន បានទទួលមរណភាពដោយការធ្វើអត្តឃាតកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ក្នុងអាយុ៤០ឆ្នាំ ។លោកគួច ខេវិន ក៍បានបង្ហាញការភ្ញាក់ផ្អើលផងដែរចំពោះដំណឹងថាលោកឧកញ៉ាឈាង រ័ត្ន និងភរិយា​មាន​បញ្ហាមិនចុះសម្រុងគ្នា ព្រោះទោះជាធ្លាប់ជួបនិងរាប់អានគ្នាយ៉ាងណា​​តែលោកមិនដែលដឹងរឿង​មួយនេះ​ឡើយ​។

 លោកគួច ខេវិន បានថ្លែងសារពីអាមេរិកថា”ខ្ញុំកំពុងសម្រាកលម្ហែវិស្សមកាល​នៅសហរដ្ឋអាម៉េរិកឆ្ងាយពីមាតុ​ភូមិកំណើត ភាពសប្បាយ រីករាយត្រូវរសាយអស់ទៅវិញហើយក្តីក្តុកក្តួលជាមួយ​នឹងសេចក្តីសោកស្តាយជាទី​បំផុតបានកើតឡើងនៅពេលដែលទទួលដំណឹងថាលោកឧកញ៉ាឈាង រ័ត្ន អតីតស្វាមីស្រីអូន បានទទួលមរ​ណ​ភាព​ដោយ​អត្តឃាតដែលមិននឹកស្មានដល់ទាល់តែ សោះ។ ខ្ញុំបានស្គាល់ រាប់អាននិងតែងកោតសរសើរ​ចំពោះ​គូស្វាមីភរិយានេះដែលស្តុកស្តម្ភដោយទ្រព្យសម្បត្តិ មានកិត្តិយសនិងមានទឹកចិត្តសប្បុរសធ័ម​បាន​បរិ​ច្ចាគលុយកាក់សន្ធឹកសន្ធាប់លើកិច្ចការសង្គមខ្មែរជាច្រើននាពេលកន្លងទៅ។ ខ្ញុំមិនធ្លាប់ដឹងទាល់សោះ​ថាគូ​ស្វាមីភរិយានេះមានបញ្ហាជីវិតមិនចុះសម្រុង ទើបតែគ្រាដែលមានដំណឹងមរណភាពរបស់លោកឧកញ៉ាឈាង រ័ត្ន ទើបខ្ញុំឮពីការឃ្លាតពីគ្នាដែលស្ទើរតែមិនជឿ?។ ពេលនេះអ្វីៗកន្លងហួសដោយមិនអស់ចិត្ត ព្រោះគ្មានអ្វី​ដែល​ត្រូវ​វិលត្រឡប់មករកហេតុ រកបច្ច័យ រកផល ដើម្បីដំណោះស្រាយល្អនោះទៀតឡើយសម្រាប់គូស្នេហ៍​ដែលធ្លាប់ល្អូកល្អិននេះគឺមានតែក្តីសោកស្តាយ អាឡោះអាល័យ និងការជួយរំលែកនូវក្តីទុក្ខសោកចំពោះក្រុម​គ្រួសារ​ទាំងសង្ខាងប៉ុណ្ណោះ ! សូមបួងសួងដល់គុណបុណ្យ នៃអំពើល្អដែលលោកឧកញ៉ាបានសន្សំ ជួយដឹក​នាំគាំពារដួងវិញ្ញាណខ័ន្តលោកឈាង រ័ត្ន បានសោយសុខនាសុគតិភព។ខ្ញុំសូមជួយជាកម្លាំងចិត្តចំពោះប្អូនស្រី ស្រីអូន សូមតាំងជំហរឲ្យរឹងមាំ តាំងចិត្តឲ្យខ្លាំងក្លាពុះពារបន្តដំណើរជីវិតទៅមុខទៀតប្រកបដោយជោគជ័យ “។

 សូមបញ្ជាក់ថាលោកឧកញ៉ាឈាង រ័ត្ន ត្រូវបានមហាជនជាច្រើន រួមទាំងសិល្បករទូទៅគោរពលោក​និងចាត់​ទុកថា​ជាឧកញ៉ាចិត្តធ័មម្នាក់ព្រោះលោកតែងតែជួយដល់អ្នកមានជីវភាពខ្វះខាត និងធើ្វការងារសប្បុរសធ័ម​ជាបន្ដ​បន្ទាប់​។សម្រាប់លោកគួច ខេវិន ដែលជាអតីតអគ្គនាយករងCTN ,SEA TV និងEV រាប់អាននិងជួបជា​មួយ​លោក​ឧកញ៉ាឈាង រ័ត្ន ជាញឹកញាប់ ប៉ុន្ដែលោកមិនដែលដឹងថាលោកឧកញ៉ាមាន​បញ្ហាក្នុងគ្រួសារ​ឡើយ​។លោកឧកញាឈាង រ័ត្ន បានទទួលមរណភាពដោយធ្វើអត្តឃាតក្នុងអាយុ៤០ឆ្នាំ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤ និង៥០នាទី នៅផ្ទះលេខ១៤២ ផ្លូវR12 ស្ថិតនៅគម្រោងរ៉ូសវីល បុរីប៉េង ហួត ភូមិវាល​ស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ប្អូនថ្លៃលោកឧកញ៉ាឈាង រ័ត្ន គឺលោកម៉ៅ ស៊ីវន បានប្រាប់អ្នកសារព័តមានថាលោកឧកញ៉ាមានវិបត្តិផ្លូវចិត្តលែងលះគ្រួសារថ្មីៗ មិនទាន់ដាច់ស្រេច ។នៅថ្ងៃកើតហេតុលោកនិងក្រុមគ្រួសារបានទៅធ្វើបុណ្យនៅខេត្តព្រៃវែង  ចំណែកបងថ្លៃលោកឧកញ៉ាឈាង រ័ត្ន មិនទៅជាមួយឡើយ ដោយថាជាប់រវល់ទៅជួបគ្រូចិនសែ នៅខេត្តកំពង់ចាម ។លុះពេលលោកត្រឡប់មកផ្ទះវិញនៅម៉ោង១៤ និង៥០នាទីឃើញឡានឧកញ៉ានៅចតមុខផ្ទះ ហើយពេល​លោក​ចាក់សោរដើរចូលទៅក្នុងផ្ទះ និងដើរទៅក្រោយផ្ទះ ក៍ប្រទះឃើញបងថ្លៃឧកញ៉ាឈាង រ័ត្ន ចងកនិងខ្សែអង្រឹង​ជាប់ជណ្ដើរទ្វាក្រោយផ្ទះ ស្លាប់បាត់ទៅហើយ។ក្រោយផ្ទុះរឿងលោកឧកញ៉ាធ្វើអត្តឃាត​នេះដែរនៅលើ​បណ្ដាញ​សង្គមានការបញ្ចេញសារឆ្លងឆ្លើយរបស់លោកឧកញ៉ាឈាង រ័ត្ន និងភរិយាលោកស្រីអូន ជាបន្ដបន្ទាប់​ក្នុងនោះលោកមិនចង់បែកពីភរិយាឡើយ…។

 សពលោកឧកញ៉ាឈាង រ័ត្ន ត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកើតហេតុខាងលើ ហើយនៅ​ព្រឹកថ្ងៃទី១៣ បានដង្ហែរទៅបញ្ចុះនៅស្រុកកំណើតលោកឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដោយមាន​ក្រុមការងារ និងសិល្បករជាច្រើនចូលរួម។លោកគួច ខេវិន បានប្រាប់អ្នកយកព័តមានយើងតាមឆាត​ហ្វេសបុក​ថាលោកក៍មានការសោកស្ដាយដែរដែលមិនបានចូលរួមពិធីបុណ្យសពលោកឧកញ៉ាឈាង រ័ត្ន ដោយផ្ទាល់ ព្រោះជាង១សប្ដាហ៍ទៀតទើបលោកវិលមកខ្មែរវិញ៕

RELATED ARTICLES