ក្រោយពេលផ្លាស់ប្តូរឥរិយាបថសម្តែងពីតារាឯកស្លូតបូត មកជាតារាឆ្នាសឆ្នើម គេសង្កេតឃើញថា មិន ណាត់វ៉ារ៉ា ដូចជាប្រកាន់យកឥរិយាបថសិចស៊ីកាន់តែខ្លាំង។ សូម្បីតែនាងទៅលេងសមុទ្រ ក៏មានរូបភាពសិចស៊ីកក្រើកពិភពអ៊ីនធើរណេត ឱ្យប្រុសៗរសើបព្រឺព្រួចបេះដូងដែរ ។
មួយរយៈនេះ នៅតាមទំព័រទស្សនាវដ្តីនានា មានតែរូបភាពសិចស៊ីអួតបង្ហាញទ្រង់ទ្រាយរបស់មិន ណាត់វ៉ារ៉ា ឆ្លងកាត់ខ្សែភ្នែកមហាជនជាប្រចាំ។ ប្រហែលជាក្លាយជាទម្លាប់ទៅហើយ បានជាសូម្បីតែពេលទៅលេងសមុទ្រ ក៏នាងនៅតែឆ្លៀតសិចស៊ី ធ្វើឱ្យបរិយាកាសខែរងា ប្រែជាក្តៅរោលរាលមួយរំពេច។
អ្នកខ្លះសរសើរថា ភាពសិចស៊ីរបស់នាងជាមន្តស្នេហ៍ ហើយក៏មានបុរសមិនតិចទេ ប្រាថ្នាចង់ក្លាយជាម្ចាស់កម្មសិទ្ធលើរូបនារីសិចស៊ីនេះ។ ប៉ុន្តែ បុរសមិនតិចទេ ដែលត្រូវខកបំណង ព្រោះនាងប្រាប់ថា ពេលនេះ នាងមានបុរសម្នាក់គ្រាន់ជជែកកំដរការអផ្សុក។ នាងប្រាប់ថា នាងមិនចង់ឆាតជាមួយបុរសច្រើនរូបក្នុងពេលតែមួយទេ ព្រោះនាងមិនឱ្យអំពល់ស្មុគស្មាញ។
ទោះជាយ៉ាងណាក៏ដោយ នាងប្រាប់ថា នាងមិនទាន់ប្រាកដប្រជាជាមួយបុរសម្នាក់នេះទាំងស្រុងទេ ហើយគេក៏មិនទាន់មានលក្ខណៈត្រូវចិត្តនាងទាំងស្រុងដែរ តែអ្វីដែលនាងចូលចិត្តឆាតជាមួយគេ មកពីគេចេះធ្វើឱ្យនាងសប្បាយចិត្ត។
មើលទៅនាងហាក់ទុកឱកាសសម្រាប់បុរសផ្សេងទៀតនៅឡើយ ដោយបង្ហើបប្រាប់ពីលក្ខណៈបុរសដែលនាងត្រូវការពិតប្រាកដថា “ត្រូវមានលក្ខណៈចាស់ទុំ មានភាពកក់ក្តៅ និងចិត្តល្អ”។ ដូច្នោះ បុរសដែលមានលក្ខណៈសម្បត្តិបែបនេះ អាចស្មគ្រ័ធ្វើជាបេក្ខជនប្រជែងយកបេះដូងនាងបាន ដោយនាងប្រាប់ថា នាងពុំមែនជាស្រីពិបាកចែចង់ទេ ព្រោះ “បើខ្ញុំពេញចិត្តខ្លាំង នឹងមិនពិបាកឡើយ។ តែបើខ្ញុំមិនចូលចិត្ត ទោះតាមញ៉ែឱ្យស្លាប់ទៅទៀត ក៏មិនបានដែរ”។
នៅក្នុងការសម្តែងសាច់រឿង នាងធ្លាប់ក្បត់ចិត្តមិត្តភក្តិ ដណ្តើមយកសង្សាររបស់គេ តែសម្រាប់នៅក្នុងជីវិតពិតវិញ នាងប្រាប់ថា ការដណ្តើមសង្សារមិត្ត គឺជារឿងដែលនាងស្អប់បំផុត។ ដូច្នោះ នាងមិនអាចដណ្តើមសង្សាររបស់នរណាម្នាក់បានទេ។
យើងចង់ដឹងថា ស្រីស្អាតសិចស៊ីដូចជារូបនាង ធ្លាប់មានបទពិសោធន៍ត្រូវគេដណ្តើមសង្សារឬទេ? ចម្ងល់នេះត្រូវផ្តល់ចម្លើយថា “បើដណ្តើមយកទៅបាត់មិនធ្លាប់ទេ តែបើសង្សារ លបលួចទៅមានអ្នកផ្សេង។ លុះពេលចាប់បាន ខ្ញុំក៏នៅតែជាអ្នកឈ្នះ។ ខ្ញុំកំណត់ឱ្យគេជ្រើសរើស។ បើជ្រើសយកខ្ញុំនោះ ខ្ញុំនឹងផ្តល់ឱកាសឱ្យគេ”។ ស្អាតសិចស៊ីបែបនេះ បើសង្សារនាងជ្រើសរើសអ្នកផ្សេងច្បាស់ជាខាតធំហើយ៕