Tuesday, May 14, 2024
Homeព័ត៌មានជាតិគាស់ទ្វារសាលាលួចម៉ូតូ១គ្រឿង ជាប់ខ្នោះ

គាស់ទ្វារសាលាលួចម៉ូតូ១គ្រឿង ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់ទ្វារចូលទៅក្នុងសាលា១កន្លែង រួចបានបន្តធ្វើសកម្មភាពកាច់ក​ម៉ូតូ១គ្រឿងបាន សម្រេច លុះ៣ថ្ងៃក្រោយ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបាន នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើលួចមានស្ថានទម្ងន់ទោស លួចម៉ូតូខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចសាលារៀនហ្គោលឌិនហ្គេត ផ្ទះលេខ៦៥ ផ្លូវលេខ៣១៣ ក្រុម៣០ ភូមិ០៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ រហូតមកដល់ វេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ ក៏ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចបេនឡាន សូរិយា សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសៀង វីស៊ុយ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិន ពិតប្រាកដ។ ចំណែកជនរងគ្រោះ មានឈ្មោះប៊យ ដុក ភេទប្រុស អាយុ២៤ឆ្នាំ បុគ្គលិកសាលា​ហ្គោលឌិនហ្គេត ស្នាក់នៅក្នុងសាលា ស្ថិតនៅ ផ្ទះលេខ៦៥ ផ្លូវលេខ៣១៣ ក្រុម៣០ ភូមិ០៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ រីឯម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JZ-7216។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការចង្អុលណែនាំពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ និងការបញ្ជាដឹកនាំដោយលោកប៊ុន សត្យា ស្នងការរងទទួលផែនការងារ​នគរបាលព្រហ្មទណ្ឌ នៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ កម្លាំងការិយាល័យជំនាញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះសៀង វីស៊ុយ នៅចំណុចបេនឡានសូរិយា សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ពាក់ព័ន្ធបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយ ដោយយកទួណឺវីស គាស់ផ្តាច់ត្រចៀកទ្វាររបងសាលា ចូលទៅខាងក្នុង រួចធ្វើសកម្មភាពយកជើងធាក់បំបាក់សោកម៉ូតូ លួចយកម៉ូតូ១គ្រៀងទៅបាត់ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពដដែលបន្តថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះសៀង វីស៊ុយ សមត្ថកិច្ចបានដកហូត ម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីឡេត ពណ៌ស ស៊េរីឆ្នាំ២០១៥ លេខតួ 404098 និងលេខម៉ាស៊ីន 404195 ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-3762 ចំនួន១គ្រឿង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។/

RELATED ARTICLES