ឧបទ្វីបកូរ៉េ៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងលោក Hwang Kyo-ahn បានថ្លែងកាលពីថ្ងៃច័ន្ទថាការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល (THAAD) របស់សហរដ្ឋអាមេរិកមិនអាចត្រូវបានពន្យាពេលបានឡើយក្នុងពេលដែលមានការកើនឡើងនូវការប្រឈមមុខនៃការគំរាមកំហែងប្រើមីស៊ីលនុយក្លេអែររបស់កូរ៉េខាងជើងនិងបើទុកជាចិនបានជំទាស់និងការចល័តអាវុធទំនើបនេះយ៉ាងណាក្តី ។
កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានថ្លែងថាការពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីលនេះត្រូវបានរៀបចំឡើងដើម្បីការពារសកម្មភាពបាញ់មីស៊ីលផ្លោងក៏ដូចជាគ្រាប់នុយក្លេអែរពីសំណាក់កូរ៉េខាងជើងតែប៉ុណ្ណោះ ។
ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងបានលើកឡើងថារ៉ាដាដ៏មានឥទ្ធិពលរបស់ប្រព័ន្ធការពារមីស៊ីលដ៏ទំនើបរបស់អាមេរិកអាចច្រៀតចូលយ៉ាងជ្រៅក្នុងអធិបតេយ្យភាពរបស់ចិន ដែលនាំឲ្យមានការអំពាវនាវពីមេដឹកនាំប្រឆាំងកូរ៉េខាងត្បូងធ្វើការសម្រេចចិត្តពន្យាពេលឬលុបចោលនូវការដាក់ពង្រាយប្រព័ន្ធនេះ ។
លោកប្រធានាធិបតីស្តីទីបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា កូរ៉េខាងជើងបាននិងកំពុងបង្កើនសមត្ថភាពអាវុធនុយក្លេអែរនិង អភិវឌ្ឍន៍នូវបច្ចេកវិទ្យាក្នុងការបង្កើតនូវអាវុធនេះរបស់ខ្លួនទៀតផង។
បច្ចុប្បន្នគឺមិនមែនជាពេលវេលាក្នុងការជជែកអំពីការព្យាយាមដោះស្រាយបញ្ហានុយក្លេអែររបស់កូរ៉េជើងឡើយ ។
កូរ៉េខាងជើងបានអនុវត្តនូវការធ្វើតេស្តមីស៊ីលនិងនុយក្លេអែរមួយចំនួនក្នុងការជំនះលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ។ កូរ៉េខាងជើងនិងខាងត្បូងគឺនៅតែស្ថិតក្នុងសង្គ្រាមតាមលក្ខណៈបច្ចេកទេសដោយសារតែជម្លោះក្នុងអំឡុងឆ្នាំ១៩៥០-១៩៥៣ដែលបានបញ្ចប់ដោយបទឈប់បាញ់ តែមិនមែនជាសន្ធិសញ្ញាសន្តិភាពមួយឡើយ ។
ចំពោះបញ្ហាចោទអំពីការឆ្លើយតបរបស់ចិននឹងការពង្រាយប្រព័ន្ធការពារមីស៊ីល លោក Hwang បានថ្លែងថាមានក្តីបារម្ភមួយចំនួនអំពីករណីនេះ ហើយក៏មានពេលវេលាកាន់តែច្រើនដ៏ចាំបាច់ត្រូវធ្វើការកត់សម្គាល់អំពីវាទៀតផង ។
ទោះជាយ៉ាងណាលោកបានបញ្ជាក់ថាទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងចិនគឺមិនត្រូវបានបង្កើតឡើងក្នុងរយៈពេលតែមួយថ្ងៃនោះឡើយ ។ យើងបានផ្សាភ្ជាប់ទំនាក់ទំនងតាមរូបភាពកិច្ចសហប្រតិបត្តិការផ្សេងៗជាច្រើនចាប់តាំងពីការចាប់ផ្តើមនៃការរឹតចំណងការទូតរបស់យើង ។