បន្ទាប់ពីទាញទទួលបានភាពលេចធ្លោនៅក្នុងសួនសិល្បៈ ហើយរូបសម្រស់មានភាពទាក់ទាញ មានមន្តស្នេហ៍ផងនោះ អតីត Freshie លេខ១ ជំនាន់ទី១២ ប្រចាំឆ្នាំ២០១៣ សុីន យូប៊ីន ត្រូវបានបុរសៗសម្បូរទ្រព្យជាច្រើន តាមចោមរោមសុំស្នេហ៍ បូករួមទាំងឧកញ៉ាម្នាក់ ដែលចង់ឧបត្ថម្ភ ជ្រោមជ្រែងនាង ដោយសារតែចង់បានប្រាណនាងមកនែបនិត្យ។
ក្នុងជំនួបផ្ទាល់ជាមួយយូប៊ីន នៅក្នុងកម្មវិធីមួយ កាលពីថ្មីៗនេះ នាងបានទទួលស្គាល់ថា ពិតជាមានបុរសមួយចំនួន តាមថ្ពក់ស្នេហ៍នាងមែន តែនាងពុំបានអើពើចាប់អារម្មណ៍ទេ។
យូប៊ីន និយាយថា “បើខ្ញុំប្រាប់ថា គ្មានអ្នកស្រលាញ់ ក៏គ្មានគេជឿដែរ ការពិតមានច្រើនមែន តែខ្ញុំអត់ដែលយកចិត្តទុកដាក់លើបញ្ហាហ្នឹងទេ។ ក្នុងនោះក៏មានអ្នកទូរស័ព្ទមកថា មានអ្នកចង់ឧបត្ថម្ភខ្ញុំដែរ តែខ្ញុំតែងតែរត់គេច ដោយការផ្លាស់ប្តូរលេខទូរស័ព្ទជាញឹកញាប់ ព្រោះខ្ញុំមិនចង់ឱ្យមានការរំខាន។ ម៉្យាងខ្ញុំគិតថា អ្នកដែលតាមស្រលាញ់ខ្ញុំតាមរយៈទូរស័ព្ទ ពុំមែនជាមនុស្សល្អទេ ពោលគឺបើស្រលាញ់ខ្ញុំពិតប្រាកដ គួរតែចេញមុខ ចូលដល់ឪពុកម្តាយរបស់ខ្ញុំ”។
យូប៊ីន ប្រកាសថា នាងមិនទទួលការឧបត្ថម្ភជ្រោមជ្រែងពីបុរសណាម្នាក់ទេ បើទោះបីបុរសនោះជាឧកញ៉ា ឬមន្ត្រីធំក្តី។
យូប៊ីន បន្ថែមថា “សព្វថ្ងៃនេះ គ្រួសារខ្ញុំមានជីវភាពមធ្យម អាចឱ្យខ្ញុំរស់បាន ហើយមួយរយៈចុងក្រោយនេះទៀត ខ្ញុំលេងសិល្បៈទាញបានចំណូលគួរសម ដោយមិនពឹងគ្រួសារដូចមុនទៀតទេ។ ដូច្នេះចាំបាច់អីដែលខ្ញុំត្រូវពឹងលើការជ្រោមជ្រែងពីអ្នកដទៃនោះ? គឺខ្ញុំមិនដើរផ្លូវនឹងទេ”។
ការថ្លែងបែបនេះ ច្បាស់ជាធ្វើឱ្យបុរសៗសម្បូរទ្រព្យ រួមទាំងឧកញ៉ាម្នាក់ ដែលតាមស្នេហ៍នាងយ៉ាងស្អិតផងនោះ ខកចិត្តខ្លាំងជាពុំខាន ត្បិតអីយូប៊ីន ចង់បានស្នេហាពិតប្រាកដ ដោយមិនទទួលការចិញ្ចឹមជ្រោមជ្រែងពីបុរសណាម្នាក់ ដោយត្រូវដោះដូរក្នុងរឿងស្នេហានោះទេ៕