Monday, May 6, 2024
Homeព័ត៌មានជាតិសិស្សជាប់បាក់ឌុប២០២៣ អាចដកវិញ្ញាបនបត្រ បណ្តោះអាសន្ន ឥតគិតថ្លៃ ពីថ្ងៃ២៣ធ្នូ

សិស្សជាប់បាក់ឌុប២០២៣ អាចដកវិញ្ញាបនបត្រ បណ្តោះអាសន្ន ឥតគិតថ្លៃ ពីថ្ងៃ២៣ធ្នូ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានប្រកាសពីការដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ ដែលមានដាក់ QR Code ស្តង់ដារ ដែលពុំតម្រូវឱ្យធ្វើនីត្យានុកូល កម្មលើ ឯកសារថតចម្លង និងអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបាន តាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh”។សេចក្តីជូនដំណឹងរបស់ក្រសួងទាំងពីរ បញ្ជាក់ថា បេក្ខជនប្រឡងជាប់បាក់ឌុប អាចទាក់ទងមន្ទីរអប់រំ យុវជននិងកីឡា ឬគ្រឹះស្ថានសិក្សាសាមី ដើម្បីទៅដកយកវិញ្ញាបនបត្របណ្តោះអាសន្ន ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ តទៅ។

សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជននិងកីឡា ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ មានខ្លឹមសារទាំងស្រុងថា «ក្រសួងអប់រំ យុវជននិងកីឡា (គ.អ.យ.ក) និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (គ.ប.ទ) មានកិត្តិយស សូមជម្រាបជូនដល់មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញា បត្រមធ្យម សិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ ព្រមទាំងគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជន និងសាធារណជនទាំងអស់ មេត្តាជ្រាបថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ សិស្សានុ សិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ នឹងទទួល បានវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ដែលមានដាក់ QR Code ស្តង់ដារ ដែលអាច ផ្ទៀងផ្ទាត់អំពីយថាភូតភាព បូរណភាព និងសុពលភាពបាន តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលអភិវឌ្ឍដោយ ក.ប.ទ។

សិស្សានុសិស្ស អាចប្រើវិញ្ញាបនបត្រនេះ ដើម្បីដាក់ពាក្យស្នើសុំចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដោយពុំតម្រូវឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លង នៃវិញ្ញាបនបត្របណ្តោះអាសន្នក្នុងទម្រង់ ជាក្រដាស ឡើយ ហើយគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ អាចស្កេន QR Code ស្តង់ដារ ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃវិញ្ញាបនបត្រនេះ តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសាវ verify.gov.kh នេះជាលើកទី២ ដែល គ.អ.យ.ក និង ក.ប.ទ បានធ្វើកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើប្រាស់វិញ្ញា បនបត្របណ្តោះអាសន្នមធ្យម សិក្សាទុតិ យភូមិ ដែលមានដាក់ QR Code ស្តង់ដារ។ កិច្ចសហប្រតិបត្តិការនេះ គឺជាការបន្តជំរុញការប្រើប្រាស់ បច្ចេក វិទ្យាឌីជីថល ឱ្យបានទូលំទូលាយ ដើម្បីឱ្យការផ្តល់សេវាសាធារណៈ កាន់តែមានភាពងាយស្រួល ល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១- ២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងមុំទី១ នៃបញ្ចកាណទី៥ របស់យុទ្ធ សាស្ត្របញ្ចកាណ ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ សិស្សានុសិស្ស អាចស្នើសុំវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ ជាឯកសារទន់ (Soft Copy) ដោយចូលទៅក្នុង Telegram Bot ឈ្មោះ “វិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ” តាមរយៈតំណភ្ជាប់ https://go.gov.kh/bac-ii ឬស្គេន QR Code ដូចមានជូនភ្ជាប់ខាងក្រោម បន្ទាប់ពីទទួលបានវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ជាឯកសារ រឹង (Hard Copy) នៅមន្ទីរអប់រំ យុវជននិងកីឡារាជធានី ខេត្ត និងនៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជន។

អាស្រ័យហេតុនេះ សូមមាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា សាធារណៈនិងឯកជន និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន»៕

RELATED ARTICLES