Monday, October 21, 2024
Homeព័ត៌មានជាតិព្រះបដិមា៥ ផុសពីដីច្រាំងទន្លេ ផ្អើលអ្នកស្រុក អុជធូបបន់ស្រន់

ព្រះបដិមា៥ ផុសពីដីច្រាំងទន្លេ ផ្អើលអ្នកស្រុក អុជធូបបន់ស្រន់

ខេត្តកំពង់ឆ្នាំង ៖  បុរសម្នាក់ បានចេញទៅដាក់លប រកត្រីដូចសព្វដង ស្រាប់តែពេលទៅដល់មាត់ច្រាំងទន្លេ ប្រទះឃើញព្រះបដិមា ចំនួន៥អង្គ បានផុសចេញពីដីច្រាំងទន្លេ ក៏រើសយកមកដាក់នៅផ្ទះ បង្កឱ្យមានការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋ អ្នកភូមិជិតឆ្ងាយ នាំគ្នាទៅអុជធូបបន់ ស្រន់សុំក្តីសុខ ដោយជឿថា ជាព្រះបដិមា មាន បារមី។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះប្រជា ពលរដ្ឋមួយកន្លែង ស្ថិតក្នុងភូមិកៀនឃ្លាំង ស្ថិតក្នុងឃុំអម្ពិលទឹក ស្រុកកំពង់ត្រឡាច។

បុរសដែលរើសបានព្រះបដិមា ៥អង្គនោះ មានឈ្មោះប៊ុត សុភិន អាយុ៤០ឆ្នាំ មានប្រពន្ធឈ្មោះអ៊ុយ ស៊ីថន អាយ៣៦ឆ្នាំ និងមានកូនចំនួន ៦នាក់ក្នុងបន្ទុក។ ក្រុមគ្រួសារនេះ សព្វថ្ងៃមានលំនៅក្នុងភូមិគៀនឃ្លាំង ឃុំអពិល ទឹក ស្រុកកំពង់ត្រឡាច។

លោក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បានបញ្ជាក់ប្រាប់ថា ក្រោយពីទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋរើសបានព្រះបដិមា ចំនួន៥ព្រះអង្គ លោកក៏បានឱ្យមន្ត្រីរបស់លោកទៅពិនិត្យមើលភ្លាម ហើយក៏ឃើញថា ប្រជាពលរដ្ឋកំពុងតែចោមរោមមើលព្រះបដិមានោះមែន។ ប៉ុន្តែនៅមិនទាន់ដឹងច្បាស់ថា តើរើសពីក្នុងទន្លេ ឬយ៉ាងណានោះទេ។ ចំណែកមន្ត្រីរបស់លោក ក៏មិនទាន់បានចូលទៅដល់ដែរ ព្រោះថា មានមនុស្សច្រើនពេក កំពុងដុតធូបទៀន ដើម្បីសុំសេចក្តីសុខតាមជំនឿ។

លោកសុខ ធួក ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា លោកបានបញ្ជូន មន្ត្រីវប្បធម៌និងវិចិត្រសិល្បៈស្រុកកំពង់ត្រឡាច ទៅពិនិត្យមើលដល់ផ្ទះនោះហើយ។ ម្ចាស់បដិមាទាំង៥ព្រះអង្គ បានអះអាងថា ពេលគាត់ទៅដាក់លប បានប្រទះឃើញព្រះបដិមាទាំង៥ព្រះអង្គ ផុសចេញពីក្នុងដីច្រាំងទន្លេ ហើយក៏យកមកដាក់នៅផ្ទះ ក្នុងគោលបំណងសុំសេចក្តីសុខ។

លោកប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា បើពិនិត្យមើលតាមរូបភាព ដែលមន្ត្រីរបស់លោកផ្ញើមក គឺព្រះបដិមា ទាំង៥ព្រះអង្គនោះ រួមមាន ព្រះនារាយណ៍ ១អង្គ ព្រះគណេស ១អង្គ ព្រះពុទ្ធរូប ១អង្គ ព្រះឥសី ឈរកាន់ជើងច្រត់ ១អង្គ និង១អង្គទៀត មិនទាន់ស្គាល់ ហើយរូបលោកនិង មន្ត្រីជំ នាញ នឹងចុះទៅពិនិត្យដោយផ្ទាល់ ។

យ៉ាងណា លោកសុខ ធួក បានបញ្ជាក់ថា មើលរូបរាងតាមរូបភាពឥសីឈរកាន់ឈើច្រត់ ពីបុរាណ មិនមានទេ សង្ស័យធ្វើថ្មី។ ចំណែករូបដែលមិនស្គាល់ គឺមិនមែនជាបដិមាបុរាណអីនោះទេ។ រីឯព្រះនារាយណ៍ និងព្រះគ ណេស ក៏មិនទាន់ដឹងច្បាស់ថា តើជារូបបុរាណ ឬក៏រូបចាក់ថ្មីដែរ៕

RELATED ARTICLES