Sunday, May 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពលរដ្ឋ១០០គ្រួសារ តវ៉ាសុំបូមទឹកដាក់ស្រែ

ពលរដ្ឋ១០០គ្រួសារ តវ៉ាសុំបូមទឹកដាក់ស្រែ

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋជាង១០០គ្រួសារ បាននាំគ្នាតវ៉ានៅស្ថានីយក្បាលប្រឡាយបង្ហូរទឹក ព្រះស្នែង និងបានស្នើសុំឱ្យលោកហង់ សុគន្ធ ដែលជាម្ចាស់សហកម្មសិទ្ធិគ្រប់គ្រងស្ថានីយប្រឡាយព្រះស្នែង និងព្រះគន្លង បូមទឹកស្ទឹងសែនដាក់បញ្ចូលទៅក្នុងប្រឡាយ ដើម្បីឱ្យប្រជាកសិករប្រើប្រាស់ និងបូមទឹក បញ្ចូលស្រែរបស់ពួកគាត់ ដែលកំពុងប្រឈមនឹងការខូចខាត។

បន្ទាប់ពីឃើញប្រជាពលរដ្ឋជាច្រើនរយនាក់ផ្ទុះការតវ៉ាទាមទារឱ្យមានការបូមទឹកស្ទឹងបង្ហូរចូលប្រឡាយ លោកហង់ សុគន្ធ ម្ចាស់សហកម្មសិទ្ធិគ្រប់គ្រងស្ថានីយប្រឡាយព្រះស្នែង និងព្រះគន្លង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានចុះទៅសម្របសម្រួលជាមួយប្រជាពលរដ្ឋ និងបានសាកសួរទៅអាជ្ញាធរស្រុកកំពង់ស្វាយ ដឹកនាំដោយលោកឡាង សារូ ដែលបានចុះទៅធ្វើការហាមឃាត់មិនឱ្យក្រុមការងាររបស់លោកបូម ទឹកបង្ហូរ បញ្ចូលប្រឡាយមេព្រះស្នែង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដោយបានធ្វើការសាកសួររកលិខិតបញ្ជាបេ សកកម្ម និងលិខិតបង្គាប់ការ ចំពោះការចុះមកហាមឃាត់ការបូមទឹករបស់ពួកគាត់នេះ។

តាមប្រភពពីប្រជាពលរដ្ឋ ដែលបានលើកគ្នាទៅតវ៉ា បានឱ្យដឹងថា លោកអភិបាលរងស្រុក ឡាង សារូ មិនមានលិខិតផ្លូវច្បាប់ណាមួយ យកមកបង្ហាញដល់ប្រជាពលរដ្ឋ និងលោកហង់ សុគន្ធ ក្រៅតែលិ ខិត បង្គាប់ការមួយចេញដោយលោកអ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ ដែលបានចាត់តាំងក្រុមការងារ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពិនិត្យស្រាវជ្រាវ ទប់ស្កាត់បង្ក្រាបបទល្មើសបំផ្លាញធម្មជាតិ និងការទន្ទ្រានឈូសឆាយដីព្រៃលិចទឹក មានសមាសភាព ២២រូប ក្រោមការដឹកនាំរបស់លោកឡាង សារូ ខ្លួនឯងផ្ទាល់នោះឡើយ។

ក្នុងលិខិតបង្គាប់ការដដែលនេះ បានបញ្ជាក់យ៉ាងច្បាស់ថា “ក្រុមការងារត្រូវចុះពិនិត្យស្រាវជ្រាវ ទប់ ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិ និងការទន្ទ្រានឈូសឆាយដីព្រៃលិចទឹក យកដីធ្វើជាកម្មសិទ្ធិ និងទប់ស្កាត់ការបង្កើនផលលើដីរបស់រដ្ឋ ក្រៅពីតំបន់ឆ្វៀលក្នុងដែន សមត្ថកិច្ចស្រុកកំពង់ស្វាយ ចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ចប់ភារកិច្ច”។ ប៉ុន្តែលិខិតបង្គាប់ការនោះ មិនបានបញ្ជាក់ពីការហាម ឃាត់លោកហង់ សុគន្ធ ម្ចាស់សហកម្មសិទ្ធិគ្រប់គ្រងស្ថានីយប្រឡាយព្រះស្នែង និងព្រះគន្លង បូមទឹកដាក់ ប្រឡាយនោះឡើយ។

ជាមួយគ្នានេះ លោកឡាង សារូ នៅតែបញ្ជាក់ប្រាប់ថា លោកបានទទួលបទបញ្ជាពីលោកអភិបាល ស្រុកកំពង់ស្វាយ និងលោកធំម្នាក់ (មិនបញ្ជាក់ឈ្មោះ) ថាឱ្យមកចុះហាមឃាត់ស្ថានីយបូមទឹកព្រះស្នែងនេះ ហើយលោកជាថ្នាក់ក្រោម ធ្វើតែតាមបទបញ្ជាថ្នាក់លើបញ្ជាប៉ុណ្ណោះ ដូច្នេះបើចង់ដឹងច្បាស់ សួរទៅលោក អភិបាលស្រុកទៅ។

ដោយមិនអាចឆ្លើយតបទៅនឹងសំណួររបស់ម្ចាស់ស្ថានីយបូមទឹកព្រះស្នែងបាន និងដោយមើល ឃើញប្រ ជាពលរដ្ឋមកជួបជុំគ្នាច្រើនផង លោកឡាង សារូ និងមន្ត្រីចម្រុះប៉ុន្មាននាក់នោះ បានចាកចេញពីស្ថានីយបូម ទឹកព្រះស្នែង អស់ភ្លាមៗតែម្តង។

ដោយឡែក ប្រជាពលរដ្ឋធ្វើស្រែប្រាំង នៅតំបន់កាត់ឆ្វៀល ដែលរួមមានប្រមាណជាង១០០គ្រួសារ ដែល បាននាំគ្នាមកតវ៉ា បានបញ្ជាក់ប្រាប់ថា ពួកគាត់មិនយល់ព្រមលើការហាមឃាត់របស់អាជ្ញាធរស្រុក ដែល មានលោកឡាង សារូ ដឹកនាំនេះទេ ព្រោះស្រូវរបស់ពួកគាត់នៅឯ តំបន់ខាងក្រោម កំពុងត្រូវការទឹកស្រោច ស្រពជាចាំបាច់។ ការចុះមកហាមឃាត់ម្ចាស់ស្ថានីយមិនឱ្យបូមទឹកដាក់ប្រឡាយនេះ គឺអាជ្ញាធរចង់ សម្លាប់ ប្រជាពលរដ្ឋតែម្តង ព្រោះម្នាក់ៗបានជំពាក់បំណុលធនាគារ យកប្រាក់មកធ្វើស្រែ បើគ្មានទឹកបែបនេះ តើ ស្រូវនឹងរស់ម្តេចបានទៅ? ហើយ ពួកគាត់ទៅរកប្រាក់ឯណាទៅសងធនាគារ? ប្រជាពលរដ្ឋបានបញ្ជាក់ ច្បាស់ៗថា បើអាជ្ញាធរស្រុក ចុះមកហាមឃាត់ទៀត ពួកគាត់នឹងទៅប្តឹងដល់រដ្ឋបាលខេត្តតែម្តង។

អ្នកស្រី ថៃ នាង រស់នៅកោះគ្របបាយ លោកឈឿង ឈឹម រស់នៅភូមិអូរគន្ធរ អ្នកស្រី ភឿ ពិសិដ្ឋ រស់នៅភូមិខ្សាច់ជីរស់ និងលោកហ៊ឹម ហៀង រស់នៅភូមិអូរសំបួរ បានឱ្យដឹងបន្ថែមថា ពួកលោកទាំងអស់គ្នា មិនទទួលយកក្រុមណាផ្សេង ដែលចាត់តាំងដោយរដ្ឋបាលខេត្តកំពង់ធំ ចុះមកបូមទឹកប្រឡាយនេះ ជំនួស លោកហង់ សុគន្ធ នោះឡើយ ព្រោះក្រុមដែលរដ្ឋបាលខេត្តដាក់មកលើកមុនៗ គឺបានធ្វើបាបប្រជាពល រដ្ឋខ្លាំងណាស់ ទាំងការបូមទឹកឱ្យប្រជាពលរដ្ឋប្រើប្រាស់មិនគ្រប់គ្រាន់ និងទារថ្លៃបូមខ្ពស់កប់ពពក ដោយ ដំបូងថាយកថ្លៃដូចម្ចាស់ស្ថានីយដើម (លោកហង់ សុគន្ធ) គឺ១១០ដុល្លារ ក្នុងការប្រើប្រាស់មួយរដូវ តែដល់ ពេលប្រជាពលរដ្ឋប្រមូលផលរួច បែរជាទាមទារឡើងថ្លៃ ដល់១៥០ដុល្លារទៅវិញ។

ក្រោយពីអភិបាលរងស្រុក ចាកចេញពីកន្លែងដែលប្រជាកសិករប្រមូលផ្តុំគ្នានោះ ម្ចាស់ស្ថានីយបូមទឹក ប្រឡាយព្រះស្នែង លោកហង់ សុគន្ធ បានចាត់តាំងឱ្យក្រុមការងាររបស់លោកបូមទឹក បញ្ចូលប្រឡាយ វិញជាធម្មតា ធ្វើឱ្យប្រជាកសិករមានការត្រេកអរជាខ្លាំង ព្រោះស្រូវរបស់ ពួកគាត់ដែលកំពុងរង់ចាំទឹក ប្រឡាយនេះទៅសង្គ្រោះ នឹងរស់ឡើងវិញមិនខាន ខណៈដែលផ្ទៃដីស្រូវកង្វះទឹកមានដល់ទៅរាប់ រយ ហិកតារឯណោះ៕

RELATED ARTICLES