Sunday, May 19, 2024
Homeព័ត៌មានជាតិកូវីដ-១៩ មកទៀតហើយ! ប្រយ័ត្នផងបងប្អូន! កម្ពុជា រកឃើញឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង JN.1

កូវីដ-១៩ មកទៀតហើយ! ប្រយ័ត្នផងបងប្អូន! កម្ពុជា រកឃើញឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង JN.1

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានចេញ សេចក្តី ប្រកាសព័ត៌មាន ស្តីពីការរកឃើញការឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ចេអិនវ័ន (Omicron JN.1) នៅកម្ពុជា ដែលបង្ហាញថា កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយទេ ពេលនេះវាបានមកវិញទៀតហើយ ដូច្នេះសូម បងប្អូនជនរួមជាតិ មានការប្រុងប្រយ័ត្នខ្ពស់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 មានខ្លឹមសារទាំងស្រុងថា «ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូន ប្រជាពលរដ្ឋ មេត្តាជ្រាបថា យោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៣ បានបញ្ជាក់ពីការរកឃើញវីរុសបំប្លែងថ្មី ប្រភេទ Omicron JN.1 ចំនួន ៤ករណី ដែលបច្ចុប្បន្ននេះ អ្នកជំងឺទាំង ៤នាក់ បានទទួលការព្យាបាលជាសះស្បើយទាំងអស់គ្នាហើយ ដោយបន្តធ្វើចត្តាឡីស័ក នៅតាម ផ្ទះរៀងៗខ្លួន។ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបផងដែរថា តាមចំ ណាត់ថ្នាក់របស់អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់អំពីវីរុសបំប្លែងថ្មី ប្រភេទ Omicron JN.1 នេះ មិនសូវមានសភាពធ្ងន់ធ្ងរទេ គឺជាវីរុសបំប្លែងថ្មី ដែលជាប្រភេទចាប់អារម្មណ៍ VOI (Variant of Interest) មិនមែនជាវីរុសបំប្លែងថ្មី ដែលជាប្រភេទព្រួយបារម្ភ VOC ( Variant of Concern) នោះទេ។

ទន្ទឹមនឹងនេះ ប្រព័ន្ធតាមដានជំងឺឆ្លង របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល បានកត់ សម្គាល់ពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ដោយតេស្តរហ័ស នៅក្នុងចំណោមអ្នកជំងឺដែលមកទទួលសេវា សុខាភិបាល នៅតាមមន្ទីរពេទ្យនានា មានការកើនឡើង។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវ ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវការចម្លងវីរុស បំប្លែងថ្មី នៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តនូវវិធានការបង្ការនានា ដូចខាងក្រោម ៖

– អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការបង្ការការចម្លង គឺពាក់ម៉ាស លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬជែលលាងដៃ។

– ត្រូវខ្ទប់មាត់និងច្រមុះ ពេលក្អក កណ្តាស់ ដោយប្រើផ្នត់កែងដៃ ម៉ាស ក្រមា កន្សែង ឬក្រដាសអនាម័យ រួចខ្ចប់បោះចោលក្នុងធុងសំរាមបិទជិត។

– អ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជាកុមារ ជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ ជាដើម មិនត្រូវចូលរួមជាមួយព្រឹត្តិការណ៍ដែលមានមនុស្សច្រើន បើមិនមានការចាំបាច់ បំផុតនោះ ត្រូវតែមានការអនុវត្តកិច្ចការពារខ្លួនឱ្យបានល្អ និងរក្សាគម្លាត ពីគ្នា ព្រមទាំងមានអ្នកជួយមើល ការខុសត្រូវឱ្យបានត្រឹមត្រូវ ព្រមទាំងអនុវត្តវិធានការដូចជម្រាបជូនខាងលើនេះ។

– បុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញ​ នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរៀងៗខ្លួន ឱ្យបានសមស្រប ដើម្បីបង្ការ ការឆ្លងវីរុសកូវីដ-១៩។

– ប្រសិនបើអ្នកមានអាការក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យា បាលជំងឺនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ឱ្យបានទាន់ពេលសមស្រប។

ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខ ភាព សាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសុខាភិបាល ក៏ដូចជាទំ ព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ»៕ ដារិទ្ធ

RELATED ARTICLES