Sunday, May 19, 2024
Homeព័ត៌មានជាតិសេចក្ដីកែតម្រូវ និងសុំទោសជាសាធារណៈ

សេចក្ដីកែតម្រូវ និងសុំទោសជាសាធារណៈ

សារព័ត៌មាន “នគរធំ” (Nokor Thom Daily )  ឆ្នាំទី២៨- ២៩ លេខ៣៣៣៦ ចេញផ្សាយថ្ងៃសៅរ៍-អាទិត្យ ទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៣-ថ្ងៃចន្ទ ទី០១ ខែមករា ឆ្នាំ២០២៤ បានចុះផ្សាយអត្ថបទព័ត៌មានមួយ ក្រោមចំណង ជើងថា “ដកតំណែងប្រធានមន្ទីរបង្អែក ខេត្តរតនគិរី” ។

អត្ថបទព័ត៌មាននេះ បានភ្ជាប់ជាមួយរូបថត ២សន្លឹក គឺរូបថតលោកប្រធានមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី និងរូបថតមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី ដោយការភ័ន្តច្រឡំ ទាំងរូបភាព ចំណងជើង និងខ្លឹមសារ ហើយ ត្រូវបានមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី និងក្រុមគ្រួសារលោកប្រធានមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី ចេញមក ប្រតិកម្ម ដោយបដិសេធច្រានចោលថា ការផ្សាយព័ត៌មាននេះ ខុសពីការពិតទាំងស្រុង និងធ្វើឲ្យប៉ះពាល់់ ធ្ងន់ធ្ងរដល់កិត្តិយសលោកប្រធានមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី ព្រោះបុគ្គលដែលត្រូវបានដកតំណែងនោះ គឺលោកអ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី មិនមែនជាលោកវេជ្ជបណ្ឌិត ហ៊ីង ផាន សគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី នោះទេ ។

មន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានចេញលិខិតបំភ្លឺព័ត៌មាន ចុះថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា មន្ទីរពេទ្យបង្អែក ខេត្តរតនគិរី សូមបំភ្លឺដោយ យោងតាមបណ្ដាញសារព័ត៌មាននគរធំ (NOKOR THOM DAILY) ដែលបានចុះផ្សាយក្នុងទំព័ររបស់ខ្លួន ដែលមានចំណងជើងថា “ដកតំណែងប្រធានមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី” ព្រមទាំងយករូបលោកវេជ្ជបណ្ឌិត ហ៊ីងផាន សគន្ធា រួមទាំងរូបមន្ទីរពេទ្យបង្អែកខេត្តរតនគិរី វាផ្ទុយស្រឡះពីការពិតនៃរឿងហេតុកើតឡើង ។ មន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងសាមីខ្លួន សូមធ្វើការច្រានចោលទាំងស្រុង នូវការចុះផ្សាយព័ត៌មានក្នុងនគរធំ នេះ ដែលខុសពីការពិត ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាប ជាព័ត៌ មាន ។

 ជាមួយគ្នានេះ មន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានចេញសេចក្ដីបំភ្លឺ ក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដែលមានខ្លឹមសារថា «តាងនាមឲ្យលោកប្រធានមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី វេជ្ជបណ្ឌិត ហ៊ីងផាន សគន្ធា សូមធ្វើការបដិសេធទាំងស្រុង នូវការចុះផ្សាយព័ត៌មាន របស់កាសែតនគរធំ (NOKOR THOM DAILY) ដែលបានចុះផ្សាយនៅក្នុងកាសែត ដោយប្រើប្រាស់ចំណងជើង និងរូបភាពរបស់ លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដោយគ្មានការអនុញ្ញាត និងផ្ទុយពីការពិត។ ការចុះផ្សាយព័ត៌មានរបស់កាសែតនគរធំ (NOKOR THOM DAILY) ធ្វើឲ្យសាធារណជនមានការភ័ន្ដច្រឡំ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងកេរ្ដិ៍ឈ្មោះរបស់លោកប្រធានមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី ជាខ្លាំង។ អាស្រ័យហេតុនេះ សូមកាសែត នគរធំ (NOKOR THOM DAILY) ធ្វើការកែសម្រួលជាបន្ទាន់ និងធ្វើការចុះ ផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ» ។

 ក្រោយពីបានឃើញលិខិតបំភ្លឺព័ត៌មាន និងសេចក្ដីបំភ្លឺរបស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ខាងលើនេះ ការិយាល័យនិពន្ធ និងព័ត៌មាន នៃសារព័ត៌មាន ”នគរធំ” បានធ្វើការសិក្សា ពិនិត្យព័ត៌មាននេះឡើងវិញ និងបានទទួលស្គាល់កំហុសឆ្គងទាំងស្រុងដែលបានចុះផ្សាយព័ត៌មានដែលសហការីយើងរាយការណ៍ព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ នាំឲ្យមានការភ័ន្តច្រឡំ ទាំងរូបភាព ចំណងជើង និងខ្លឹមសារព័ត៌មាន។

ដូច្នេះ សារព័ត៌មាន ”នគរធំ” សូមធ្វើការកែតម្រូវថា អភិបាលខេត្តរតនគិរី ចេញដីកាដកតំណែងលោកអ៊ុង រតនា ពីប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី មិនមែនដកតំណែងប្រធានមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី នោះទេ។ ចំណែករូបភាពដែលភ្ជាប់ក្នុងអត្ថបទព័ត៌មាន ចុះផ្សាយក្នុងសារព័ត៌មាន «នគរធំ» លេខ៣៣៣៦ ចេញផ្សាយថ្ងៃសៅរ៍-អាទិត្យ ទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៣-ថ្ងៃចន្ទ ទី០១ ខែមករា ឆ្នាំ២០២៤ នោះ គឺជារូបភាព លោកវេជ្ជបណ្ឌិត ហ៊ីងផាន សគន្ធា ប្រធានមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី ពុំមែនជារូបលោកអ៊ុង រតនា ប្រធាន មន្ទីរសុខាភិបាលខេត្តរតនគិរី ដែលត្រូវបានដកតំណែងនោះទេ ។

សារព័ត៌មាន “នគរធំ” ពិតជាមានការសោកស្ដាយយ៉ាងខ្លាំងណាស់ ចំពោះកំហុសឆ្គងដោយអចេតនា នៃការចុះផ្សាយអត្ថបទព័ត៌មានខុសពីការពិតទាំងស្រុងខាងលើនេះ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ លោកវេជ្ជបណ្ឌិត ហ៊ីងផាន សគន្ធា ប្រធានមន្ទីពេទ្យបង្អែក ខេត្តរតនគិរី ។ ដូច្នេះសូមសាធារណជន កុំមានការយល់ច្រឡំតាមការចុះផ្សាយរបស់សារព័ត៌មាន”នគរធំ” កាលពីថ្ងៃសៅរ៍-អាទិត្យ ទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៣-ថ្ងៃចន្ទ ទី០១ ខែមករា ឆ្នាំ២០២៤ នោះ។ ជាមួយគ្នានេះ សារព័ត៌មាន “នគរធំ” សូមទោសជា សាធារណៈ ជូនចំពោះលោកវេជ្ជបណ្ឌិត ហ៊ីងផាន សគន្ធា ប្រធានមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី និងមន្ទីរពេទ្យ បង្អែក ខេត្តរតនគិរី ចំពោះកំហុសឆ្គងដោយអចេតនានេះ ។

សារព័ត៌មាន «នគរធំ» សន្យាថា នឹងមិនឲ្យមានកំហុសបែបនេះកើតឡើងទៀតទេ ហើយសង្ឃឹមថា លោក វេជ្ជបណ្ឌិត ហ៊ីងផាន សគន្ធា ប្រធានមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី មេត្តាយោគយល់ អធ្យាស្រ័យ អភ័យទោស ដោយក្តីអនុគ្រោះ ។

ឆ្លៀតក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៤ ដែលនឹងឈានចូលមកដល់នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ សារព័ត៌ មាន «នគរធំ» សូមជូនពរលោកវេជ្ជបណ្ឌិត ហ៊ីងផាន សគន្ធា ប្រធានមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី និងក្រុម គ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក នៃមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី ជួបប្រទះតែសេចក្ដីសុខ ចម្រើនគ្រប់ ប្រការ និងសូមប្រកបដោយពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ…៕      

                    សារព័ត៌មាន «នគរធំ»

RELATED ARTICLES