វៀតណាម៖ ឧស្សាហកម្មកែច្នៃឈើក្នុងប្រទេសវៀតណាមប្រឈមនិងផលវិបាកជាច្រើនក្នុងថ្ងៃអនាគតតាមរយៈការចេញបទបញ្ជាពីសំណាក់រដ្ឋាភិបាលឲ្យបិទច្រកព្រៃឈើធម្មជាតិចាប់ពីថ្ងៃទីមករាតទៅ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក Chinh Nghia អនុប្រធាននាយកដ្ឋានព្រៃឈើចំណុះក្រសួងកសិកម្មនិងអភិវឌ្ឍន៍បានលើកឡើង ។
លោក Nghia បានថ្លែងថាផលវិបាកនេះនឹងក្លាយជាលទ្ធផលនៅក្នុងការកាប់ឈើប្រមាណជា៤០.០០០ម៉ែត្រគីបនៃវត្ថុធាតុដើមសម្រាប់ឆ្នាំ២០១៧។
មួយវិញទៀតវាក៏ធ្វើឲ្យប្រាកដថាការផ្គត់ផ្គង់ឈើសម្រាប់ផលិតកម្មក្នុងស្រុកគឺជាបញ្ហាមួយក្នុងប្រទេសវៀតណាមស្របពេលដែលឈើមិនទាន់កែច្នៃត្រូវបាននាំចេញបើទុកជាផលិតករក្នុងស្រុកជាច្រើនខ្វះខាតវត្ថុធាតុដើមយ៉ាងណាក្តី។
ដើម្បីមានវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់កែច្នៃនិងនាំចេញ ពាណិជ្ជករជាច្រើនបានស្នើថារដ្ឋាភិបាលឲ្យហាមឃាត់ការនាំចេញវត្ថុធាតុដើមទៅកាន់ប្រទេសដទៃ។ ប្រសិនជាបរិមាណឈើដែលនាំចេញត្រូវបានហាមឃាត់ក្នុងប្រទេសនេះ វានឹងជួយដល់ពាណិជ្ជករក្នុងស្រុកក្នុងការផ្តួចផ្តើមគំនិតស្វែងរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ជាទិញជាមួយនិងដៃគូរបស់ពួកគេក្នុងតំបន់អឺរ៉ុបនិងសហរដ្ឋអាមេរិកជាដើម ។
ជាមួយនិងការចែករំលែកនូវគំនិតយោបល់របស់លោកលើសំណើនេះ លោក Huynh Kim Bau ជំនួយការអគ្គនាយកក្រុមហ៊ុន Saigon Furniture Co.Ltd បានថ្លែងថារដ្ឋាភិបាលគួរតែហូតយកពន្ធ៣០ទៅ៣៥%នៃការនាំចេញឈើមិនទាន់កែច្នៃ ជាកម្រិតតែមួយដូចគ្នានឹងការហូតយកពីសំណាក់បណ្តាប្រទេសដទៃក្នុងតំបន់ដូចយ៉ាង កម្ពុជានិងថៃជាដើម ។
ទោះជាយ៉ាងណាលោក Duong Phuong Thao អគ្គនាយករងនៃអគ្គនាយកដ្ឋាននាំចេញ-នាំចូលចំណុះក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានថ្លែងថាឈើកែច្នៃរួចដែលបាននាំចេញមានតម្លៃ៧ប៊ីលានដុល្លារក្នុងឆ្នាំ២០១៦ ខណៈតម្រូវការពិភពលោកស្ថិតក្នុងកម្រិត៤០០ប៊ីលានដុល្លារសម្រាប់ផលិតផលឈើ។ ចំណែកឧស្សាហកម្មកែច្នៃឈើក្នុងស្រុកប្រើប្រាស់ឈើមិនទាន់កែច្នៃចំនួន៣០លានម៉ែត្រគីបសម្រាប់ផលិតកម្មជារៀងរាល់ឆ្នាំនិងបាននាំចេញទៅកាន់បណ្តាប្រទេសជាង១០០។ មានតែពីរភាគបីប៉ុណ្ណោះនៃឈើដែលមានប្រភពពីក្នុងស្រុកខណៈនៅសេសសល់ត្រូវបាននាំចូល ។