ទីផ្សាររថយន្ត៖ ក្រុមហ៊ុនផលិតរថយន្ត Toyota បានរបូតបាត់នូវកៅអីអ្នកផលិតរថយន្តធំជាងគេបំផុតលើពិភពលោកដោយសារតែក្នុងអំឡុងពេលពេញមួយឆ្នាំ២០១៦ យីហោនេះលក់ដាច់បានត្រឹមតែ១០,១៧៥លានគ្រឿងប៉ុណ្ណោះ គឺតិចជាងយីហោអាល្លឺម៉ង់ Volkswagen បន្តិចប៉ុណ្ណោះដែលលក់បាន១០,៣១លានគ្រឿង ។ ខណៈយីហោយក្សរបស់អាមេរិក General Motors គ្រោងបង្ហាញតួលេខលក់សរុបនៅទូទាំងពិភពលោកនៅសប្តាហ៍ក្រោយ ។
ប្រសិនជាបរិមាណនៃការលក់ដាច់របស់ក្រុមហ៊ុន GM ថយចុះបន្តិច យីហោអាល្លឺម៉ង់ Volkswagen នឹងក្លាយជាអ្នកផលិតរថយន្តធំជាងគេបំផុតលើពិភពលោកជាលើកដំបូងបន្តតំណែងពី Toyota ។ ម្យ៉ាងវាក៏ជាការសម្រេចបាននូវការបោះជំហានទៅមុខដ៏ប្រសើរមួយដែរ បើទុកជា Volkswagen មានរឿងអាស្រូវពាក់ព័ន្ធនិងកេរ្តិ៍ឈ្មោះរបស់ខ្លួនទាក់ទងការធ្វើតេស្តគុណភាពនៃប្រព័ន្ធបញ្ចេញឧស្ម័ន ឬផ្សែងក៏ដោយ ។ តែយ៉ាងណាកំណើននៃការលក់រថយន្តយីហោនេះក្នុងទីផ្សារយក្សចិនបានជួយទូទាត់ដល់ការខូចខាតដែលបណ្តាលមកពីការផ្ទុះរឿងអាស្រូវដ៏ធំខាងលើនេះ ។
ចំណែកក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor Corp. បានកាន់កាប់កៅអីអ្នកផលិតរថយន្តធំជាងគេបំផុតនៅទូទាំងពិភពលោកអស់រយៈពេល៤ឆ្នាំមកហើយ បើទុកជាខ្លួនបានធ្លាក់មកតាមពីក្រោយយីហោ GM កាលពីឆ្នាំ២០១១ យ៉ាងណាក្តី នៅពេលដែលផលិតកម្មត្រូវបានវាយលុកឬរំខានដោយគ្រោះធម្មជាតិរញ្ជួយផែនដីនិងរលកយក្សស៊ូណាមិនៅភាគឦសានប្រទេសជប៉ុន ។
រីឯក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋានក្នុងទីក្រុង Detroit របស់សហរដ្ឋ អាមេរិក GM គឺជាអ្នកលក់រថយន្តដាច់ជាងគេលំដាប់កំពូលអស់រយៈកាល៧ទសវត្សរ៍មកហើយដែររហូតមកដល់យីហោ Toyota បានដណ្តើមកាន់កាប់តំណែងនេះដែលធ្វើបានតាមរយៈទីផ្សារលក់របស់ម៉ូដែលស៊ីដាន Camry , Prius ម៉ាស៊ីនកូនកាត់(Hybrid) ម៉ូដែលប្រណីត Lexus ដែលវ៉ាដាច់យីហោ GM កាលពីឆ្នាំ២០០៨ ។ ការលក់របស់ Toyota នៅទូទាំងពិភពលោកកាលពីឆ្នាំទៅប្រសើរជាងអំឡុងឆ្នាំ២០១៥បន្តិចបន្តួចកើនឡើងប្រមាណជា០,២% ប៉ុន្តែនៅតែមិនទាន់អំណោយផលល្អក្នុងការប្រជែងជាមួយនិងយីហោ Volkswagen ដដែល ខណៈយីហោ Audi , Porsche និង Skoda និងបានជំរុញឲ្យការលក់លើទូទាំងពិភពលោករបស់ខ្លួន៣,៨%ធៀបនឹងឆ្នាំមុន ។ GM ផលិតរថយន្ត Cadillac និង Opel ។
ក្នុងឆ្នាំ២០១៥ Toyota លក់ដាច់បាន១០,១៥លានគ្រឿងខណៈ Volkswagen ជាប់លំដាប់លេខ២លក់ដាច់បាន៩,៩៣លានគ្រឿងនិងGM ជាប់លំដាប់ថ្នាក់លេខ៣លក់ដាច់បាន៩,៨លានគ្រឿង ។
ទោះជាយ៉ាងណាប្រភពផ្លូវការរបស់ពីក្រុមហ៊ុន Toyota បានបង្ហើបឲ្យដឹងថាពួកគេមិនបារម្ភអំពីតំណែងអ្នកលក់ដាច់ជាងគេបំផុតទី១លើពិភពលោកឡើយប៉ុន្តែក្រុមហ៊ុនមានក្តីបារម្ភត្រឹមតែចង់បានការផលិតរថយន្តល្អតែប៉ុណ្ណោះ ។