Sunday, November 24, 2024
Homeព័ត៌មានសិល្បៈសឿ សុធារ៉ា ទិញផ្ទះបុរី១ឆ្នាំ មិនបានផ្ទះ អង្វរសុំ លុយ២ម៉ឺនដុល្លារវិញ យកទៅសង់ផ្ទះ

សឿ សុធារ៉ា ទិញផ្ទះបុរី១ឆ្នាំ មិនបានផ្ទះ អង្វរសុំ លុយ២ម៉ឺនដុល្លារវិញ យកទៅសង់ផ្ទះ

ភ្នំពេញ ៖ អតីតតារាសម្តែង សឿ សុធារ៉ា បានជួបរឿងទុក្ខសោកក្នុងជីវិតផ្ទួនៗជាបន្តបន្ទាប់ ក្រោយពីបែកបាក់ ស្វាមី បាត់បង់ម្តាយ ធ្លាក់ខ្លួនកើតមានបញ្ហាសតិអារម្មណ៍ ត្រូវលេបថ្នាំជាប់ជាប្រចាំ ស្រាប់តែពេលថ្មីៗនេះ បាន បាត់បង់ឪពុកថែមម្នាក់ទៀត រហូតធ្លាក់ខ្លួនគ្មានផ្ទះសម្បែងជ្រក លុះបានជំនួយចំនួន ២ម៉ឺនដុល្លារ ពីលោកខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានផ្តល់ យកទៅទិញផ្ទះបុរី ដើម្បីស្នាក់នៅ បែរជាជាង ១ឆ្នាំមកហើយ មិន បានផ្ទះ ទើបអតីតតារាសម្តែងរូបនេះ បានអង្វរដល់ម្ចាស់បុរី ប្រគល់ប្រាក់ ២ម៉ឺនដុល្លាររបស់នាង ត្រឡប់មកវិញ ដើម្បីនាងបានយកទៅសង់ផ្ទះស្នាក់នៅ។

តាមរយៈវីដេអូ ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់តារាសម្តែង សាវិន ហ្វីលីព ក្នុងពិធីបុណ្យ៧ថ្ងៃ សព ឪពុកសឿ សុធារ៉ា  កាលពីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ អ្នកនាងសឿ សុធារ៉ា បានរៀបរាប់ថា “ពេលនេះ ប៉េខ្ញុំ (ឪពុក) បានស្លាប់ហើយ ហើយខ្ញុំរំពឹងថា អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន គាត់បានសន្តោសប្រណីខ្ញុំ ឱ្យលុយយកទៅទិញផ្ទះ តម្លៃ២ម៉ឺនដុល្លារ នៅក្នុងបុរី ម៉ន ដានី គម្រោង២៩ ផ្លូវជាតិលេខ៣ ខ្ញុំគិតថា ឱ្យតែ បុរីធ្វើហើយ ខ្ញុំយកប៉េខ្ញុំ និងបងស្រីខ្ញុំម្នាក់ ហើយកូនៗខ្ញុំ ទៅរស់នៅ គាត់ (លោកខៀវ កាញារីទ្ធ) ឱ្យក្នុងនាមថា ជ្រកថ្ងៃ ជ្រកភ្លៀង ជ្រកខ្យល់ តែឥឡូវខាងបុរី ដូចជាមិនបានឃើញដំណើរការអីទេ ខ្ញុំចាំជាង ១ឆ្នាំហើយ អ៊ីចឹងនាងខ្ញុំសូមជម្រាបជូនដល់បងស្រី ម៉ន ដានី សូមបងស្រីមេត្តាយោគយល់ដល់ប្អូនដែលកំពុងរងគ្រោះពិត ហើយយោគយល់ដល់អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលគាត់បានប្រគល់លុយផ្ទាល់ ចេញសែក ហើយប្អូន ទៅបើកផ្ទាល់ និងបានយកទៅឱ្យបុរីផ្ទាល់ ជាមួយលោកបង ព្រះសង្ឃ ២អង្គទៀត យល់ដល់លុយជា លុយរបស់គាត់ សូមឱ្យបងស្រី ម៉ន ដានី យោគយល់ដល់ទឹកចិត្តគាត់ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ដែលគាត់ផ្តល់លុយ ចំនួន២ម៉ឺនហ្នឹង ទៅទិញផ្ទះខាងបង ឱ្យចៅ កូនស្រីធំហើយ ពេញវ័យហើយ និងខ្ញុំ ហើយបងស្រីខ្ញុំ ហើយប៉េខ្ញុំ អត់បាននៅផ្ទះហ្នឹងទេ ស្លាប់ហើយ អ៊ីចឹងសូមបងស្រី ម៉ន ដានី យោគយល់ ដល់ខ្ញុំ ទឹកចិត្តរបស់ឯកឧត្តមអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ គាត់ផ្តល់លុយហ្នឹង ដើម្បីជួយឱ្យ មានផ្ទះជ្រក អ៊ីចឹងសូមបងអាចជួយប្រគល់លុយហ្នឹងឱ្យប្អូនមកវិញ ចំនួនតែ ២ម៉ឺនទេបង បើបង Shopping តែមួយភ្លែត ក៏អស់ដែរបង ឱ្យប្អូនយកលុយហ្នឹងទៅធ្វើផ្ទះ នៅដីកំពង់ឆ្នាំង ដែលគេឱ្យភិមាន នៅកំពង់ ឆ្នាំងហ្នឹង…”។

អ្នកនាង សឿ សុធារ៉ា បានបន្តថា “ឧទាហរណ៍ថា បើគាត់មិនអាចប្រគល់មកឱ្យវិញ ចំនួនទាំងអស់ បានតែ ចំនួនពាក់កណ្តាលមកវិញ ក៏បានដែរ ប្អូននឹងធ្វើលំនៅបែបដូចថា មួយជ្រកបានទេ មកធ្វើលើដីដែលគេឱ្យទៀត ១ម៉ឺន ក៏បានដែរបង វាស្មើនឹងពាក់កណ្តាល។ សូមបងម៉ន ដានី អាណិតខ្ញុំ អាណិតកូន អាណិតបងស្រី ដែល តស៊ូជាមួយនាងខ្ញុំ ញ៉ាំអត់ឃ្លានអីជាមួយគ្នា ហើយយល់មុខដល់អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ គឺចិត្តគាត់ធំធេងចំពោះក្រុមគ្រួសារតូចរបស់ខ្ញុំនេះ វេទនាណាស់ គាត់ឱ្យលុយខ្ញុំ ជាសែក ខ្ញុំដកលុយសុទ្ធ ទៅឱ្យបុរី ហើយលុយហ្នឹង ខ្ញុំកាន់បានតែ៥នាទី អាពេលគេហុចហ្នឹង ហើយបន្ទាប់មក ឱ្យលោកបងទុកឱ្យ ខ្លាចបាត់ ព្រោះអីលុយហ្នឹង គឺជាទឹកចិត្តរបស់គាត់ អ៊ីចឹងយកហ្នឹង យកទៅទិញផ្ទះ សរសេរដាក់អីទេ ដឹងតែ បានផ្ទះនៅ មានឯណា ឥឡូវ ១ឆ្នាំជាងហើយ ប្រគល់ជូនគាត់ អត់មានខ្វះ ១រៀលទេ ។ សូមបងអាណិត យោគយល់ កាលៈទេសៈនេះ យោគយល់ដល់មុខមាត់ តំណែង ទឹកចិត្តរបស់គាត់ផង…”។ 

ឆ្លើយតបសំណើរបស់អតីតារាសម្តែង សឿ សុធារ៉ា ខាងលើនេះ លោកស្រី ម៉ម ដានី បានឲ្យ សឿ សុធារ៉ា ទាក់ទងជាមួយក្រុមការងារសាងសង់ផ្ទះ និងប្រធានគម្រោងទី២៩ នៃបុរី ម៉ន ដានី ដើម្បីពិនិត្យឯកសារ  និងសំណើរបស់សុំដកលុយមកវិញ ដោយលោកស្រីបានបញ្ជាក់ថា  ករណីផ្ទះសឿ សុធារ៉ា   គឺអំណោយ របស់លោកខៀវ កាញារីទ្ធ  អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

លោកស្រី ម៉ន ដានី បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ថា «សូមជម្រាបជូនដំណឹង ជូនលោកស្រី សឿ សុធារ៉ា ៖

យោងតាមព័ត៌មានទទួលបានពីការបង្ហោះរបស់លោកហ្វីលីព សូមលោកស្រី មេត្តាចូលរួមសហការជាមួយ ក្រុមការងារសាងសង់ផ្ទះ លោកហួត ហយ និងប្រធានគម្រោង លោកលួម ផល្លី ដើម្បីពិនិត្យឯកសារ និង សំណើរបស់លោកស្រី ។

សូមស្នើលោកស្រី សឿ សុធារ៉ា ទំនាក់ទំនង និងធ្វើសំណើផ្ទាល់ មកកាន់ក្រុមការងារគម្រោងម៉ន ដានី និងភូមិដ្ឋានសន្តិភាព ដើម្បីក្រុមការងារមានព័ត៌មានច្បាស់លាស់ មុនឈានដល់ការដោះស្រាយជូនលោកស្រី សឿ សុធារ៉ា។

គ្រប់បញ្ហា ត្រូវតែមានដំណោះស្រាយ សូមស្នើអតិថិជន មេត្តាសហការផ្ទាល់ជាមួយក្រុមការងារគម្រោង។ 

សូមលោកស្រី សឿ សុធារ៉ា មេត្តាទទួលជ្រាប និងសូមទាក់ទងមកកាន់លោក ហួត ហយ  (លេខទូរស័ព្ទ 015 761 718 , តេឡេក្រាម)។

បញ្ជាក់ ៖ ករណីផ្ទះលោកស្រី សឿ សុធារ៉ា   គឺអំណោយរបស់ ឯឧ ខៀវ កាញារីទ្ធ  អតីតរដ្ឋមន្ត្រីក្រសួង ព័ត៌មាន ។ សូមអរគុណ!»។

គួររំលឹកថា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ លោកខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន ផ្តល់ប្រាក់ចំនួន ២ម៉ឺនដុល្លារ ដល់អតីតតារាសម្តែង សឿ សុធារ៉ា ដើម្បីទិញផ្ទះសម្រាប់ស្នាក់នៅ។ ក្រោយពីបានប្រាក់នេះរួចមក អ្នកនាងសឿ សុធារ៉ា បានយកទៅទិញផ្ទះ នៅបុរីម៉ន ដានី គម្រោងទី២៩ ផ្លូវជាតិ លេខ៣ ក្នុងខេត្តកំពង់ស្ពឺ  តែរហូតមកដល់ពេលនេះ មានរយ:ពេលជាង ១ឆ្នាំមកហើយ នាងមិនទាន់ទទួល បានផ្ទះទេ ទើបនាងប្រកាសអង្វរសុំម្ចាស់បុរី គឺលោកស្រី ម៉ន ដានី ប្រគល់លុយ ២ម៉ឺនដុល្លារនោះ ត្រឡប់មក វិញ ដើម្បីនាងយកទៅសង់ផ្ទះ នៅលើដីដែលគេផ្តល់ឲ្យនាង នៅឯខេត្តកំពង់ឆ្នាំង ដើម្បីបានស្នាក់នៅ ជុំកូន ទាំងពីរនាក់៕

RELATED ARTICLES