អាមេរិក៖ មនុស្សប្រមាណជា២.០០០នាក់បានធ្វើបាតុកម្មបិទផ្លូវនៅខាងក្រៅអគារអាកាសយានដ្ឋានអន្តរជាតិ LAX Airport ទីក្រុង Los Angeles កាលពីថ្ងៃអាទិត្យចាប់ពីថ្ងៃរសៀលរហូតដល់ពេលរាត្រី ដោយប្រឆាំងតវ៉ានឹងការចេញបម្រាមហាមប្រាមជនមូស្លីមពីសំណាក់រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ អស់រយៈពេលពីរថ្ងៃមកហើយ ។
គោលនយោបាយថ្មីនេះគឺជាការដាក់ចេញបម្រាមរយៈពេល៩០ថ្ងៃលើការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកពីសំណាក់ប្រជាពលរដ្ឋនៃបណ្តាប្រទេសដែលកាន់សាសនាមូស្លីមចំនួន៧និងបញ្ឈប់បណ្តោះអាសន្ននូវកម្មវិធីជនភៀសខ្លួនសហរដ្ឋអាមេរិករយៈពេល១២០ថ្ងៃដែលជំរុញឲ្យមានការតវ៉ានៅទូទាំងប្រទេសកាលពីចុងសប្តាហ៍នេះ ។
អ្នកតវ៉ាជាច្រើននៅទីនោះបានលើកផ្ទាំងប៉ាណូដោយមានដាក់ពាក្យតែមួយម៉ាត់ថា ទេ (No) និងបានស្រែកច្រៀងនូវពាក្យដូចជាយើងនិយាយថាទេ ទេត្រាំ គ្មានការស្អប់ខ្ពើមអ្វីឡើយ ។
អ្នកមួយចំនួនក្នុងចំណោមបាតុករទាំងនោះបានអង្គុយលើផ្លូវថ្នល់និងប្រឈមមុខជាមួយនិងប៉ូលិសបង្ក្រាបកុប្បកម្ម ហើយថែមទាំងបិទផ្លូវចរាចរណ៍ចូលទៅកាន់អគារនៃចំណតយន្តហោះរហូតដល់ពួកគេត្រូវបានបញ្ចុះបញ្ចូលឲ្យចាកចេញពីទីនោះដោយមន្ត្រីសន្តិសុខរបស់អាកាសយាន្តដ្ឋានអន្តរជាតិនេះ ។
រហូតមកដល់ពេលនេះដែរពុំមានបាតុករណាម្នាក់ត្រូវបានចាប់ខ្លួនឡើយហើយប៉ូលិសនិយាយាថាពួកគេពុំមានគម្រោងបំបែកហ្វូងបាតុករនោះដែរ ។
គួរបញ្ជាក់ថាដោយសារតែភាពចលាចលនេះ បានធ្វើឲ្យអ្នកដំណើរជាច្រើននាក់ខកជើងហោះហើររបស់ពួកគេ ។ ចំណែកអាជ្ញាធរព្រលានយន្តហោះកើតហេតុបានបង្ហោះនៅលើបណ្តាញសង្គម Tweeter កាលពីវេលាម៉ោង៨យប់ក្នុងស្រុកដោយស្នើឲ្យអ្នកដំណើរពិនិត្យជើងហោះហើរជាមួយនិងផ្លូវដែលចូលមកកាន់ឬចាកចេញពីអាកាសយានដ្ឋាននេះនៅថ្ងៃកើតហេតុ។