ភ្នំពេញ ៖ កម្មករ ១ក្រុម កំពុងកាប់គាស់ឫសគល់ដើមអម្ពិលទឹកបារាំង ធំ១ដើម ក្នុងការដ្ឋានមួយកន្លែង តែមិនបានចងខ្សែឱ្យបានត្រឹមត្រូវ ស្រាប់តែដើមអម្ពិលទឹកបារាំងនោះ ដួលរលំសង្កត់លើរថយន្ត និងសំ យាបផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាត តែសំណាងល្អ មិនបង្កឱ្យមនុស្សណាម្នាក់រងរបួសឡើយ។ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១និង៥០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅចំណុច ផ្លូវលេខ២៣ ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

តាមប្រភពម្ចាស់ផ្ទះ បានឱ្យដឹងថា មុនពេលកើតហេតុ អំឡុងពេលគាត់បានចេញមកខាងក្រៅ ដើម្បីមកមើល រថយន្តរបស់គាត់ដែលបានចតនៅខាងមុខផ្ទះ ហើយបានឃើញក្រុមកម្មករក្នុងការដ្ឋានខាងលើ បាននាំគ្នាកាប់ គាស់ឫសគល់ដើមអម្ពិលទឹកបារាំង ១ដើម ដោយក្នុងនោះ គាត់មិនឃើញមានកម្មករណាចងខ្សែដើមអម្ពិល ទឹកបារាំងនោះ ឱ្យបានត្រឹមត្រូវនោះឡើយ ចាប់តាំងពីព្រឹកមកម៉្លេះ។ ខណៈនោះដែរ គាត់មិនបានចាប់អារម្មណ៏ រួចបានចូលទៅក្នុងផ្ទះវិញ។ លុះមកដល់វេលាកើតហេតុ ស្រាប់តែឮសំឡេងដួលរលំដើមឈើនោះចេញពី ក្នុងការដ្ឋាន ហើយគាត់បានរត់មកមើល ក៏ឃើញដើមអម្ពិលបារាំងដែលកាប់ព្រឹកមិញ បានដួលរលំសង្កត់លើ រថយន្ត មួយគ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2BD-6348 តែមិនបានបង្ក ឱ្យរងខូចខាតនោះឡើយ ព្រោះតែចុងឈើបានសំយាបផ្ទះរបស់គាត់ជួយទប់។

ក្រោយពេលកើតហេតុ ក្រុមកម្មករក្នុងការដ្ឋាន បានកាប់ដើមឈើខាងលើ ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ រួចសងសំណងទៅម្ចាស់រថយន្ត និងម្ចាស់ផ្ទះ ដើម្បីបញ្ចប់រឿង៕

