ទីផ្សារអង្ករ៖ បណ្តាញព័ត៌មានបរទេសផ្សាយថាការនាំចេញអង្កររបស់ប្រទេសវៀតណាមក្នុងអំឡុងខែមករាដើមឆ្នាំថ្មី២០១៧នេះសម្រេចបានចំនួន៣២៥.០០០តោនដែលមានទំហំទឹកប្រាក់១៣៦លានដុល្លារ ថយចុះ៣២%ក្នុងផ្នែកបរិមាណនិង៣៥,១%ចំពោះទំហំទឹកប្រាក់ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ។
ប្រធានសមាគមស្បៀងអាហារវៀតណាមលោក Huynh The Nang បានថ្លែងថាវិស័យអង្ករនឹងប្រឈមក្នុងការលំបាកកាន់តែច្រើននាឆ្នាំនេះ ។
ក្នុងឆ្នាំ២០១៦ ចិនគឺជាអ្នកនាំចូលអង្ករធំជាងគេបំផុតរបស់វៀតណាមតាមរយៈការបញ្ជាទិញអង្ករចំនួន១,៧៤លានតោនដែលមានតម្លៃទឹកប្រាក់៧៨២,៣លានដុល្លារ ថយចុះក្នុងអត្រាប្រចាំឆ្នាំប្រមាណជាំ១៧,៥%ផ្នែកបរិមាណនិង៨,៦%ចំពោះទំហំទឹកប្រាក់។
គួរបញ្ជាក់ផងដែរថាអ្នកនាំចូលអង្ករធំជាងគេក្នុងបណ្តាប្រទេសអាស៊ានដទៃទៀតរបស់វៀតណាមមានដូចជា ហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ក៏បង្ហាញឲ្យឃើញពីការថយចុះយ៉ាងគំហុកផងដែរប្រមាណជា៦៤,១%ចំពោះហ្វីលីពីន ៤៥,៥%ម៉ាឡេស៊ី និង៥១,៨%ឥណ្ឌូណេស៊ី ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា