Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ខ្មែរវ៉ៃកម្ទេចរទេះលក់នំជប៉ុន សង២ពាន់ដុល្លារ

 ខ្មែរវ៉ៃកម្ទេចរទេះលក់នំជប៉ុន សង២ពាន់ដុល្លារ

ខេត្តសៀមរាប ៖ បុរសជាជនជាតិខ្មែរម្នាក់ ប្រកបរបរលក់ការ៉េមឆា បានកើតមានជម្លោះ ជាមួយបុរសជន ជាតិជប៉ុន ជាអ្នកលក់នំតាមរទេះក្បែរគ្នា រហូតដល់ផ្ទុះអំពើហិង្សា ទាញញញួរវាយកម្ទេចរទេះលក់នំ របស់ ជនជាតិជប៉ុន បណ្តាលឱ្យរងការខូចខាត លុះក្រោយមក សមត្ថកិច្ចបានហៅភាគីទាំងសងខាង មកសម្រប សម្រួល ដោយភាគីជនជាតិខ្មែរ បានសងសំណងទៅឱ្យជនរងគ្រោះជនជាតិជប៉ុន ចំនួន២ពាន់ ដុល្លារ ដើម្បីបញ្ចប់រឿង។

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ កាលពីរ សៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ថា ករណីជម្លោះដែលបានកើតឡើងរវាងអ្នកលក់ការ៉ែមឆា តាមរទេះ ជាមួយបុរសជនជាតិជប៉ុន ដែលមានរទេះលក់ជាប់គ្នានោះ ត្រូវបានភាគីទាំងសងខាង សម្របសម្រួលគ្នា បញ្ចប់រឿងរួចហើយ ដោយសងសំណងទៅឱ្យជនរងគ្រោះ (ជនជាតិជប៉ុន) ២០០០ដុល្លារ។

លោកស្នងការនគរបាលខេត្តសៀមរាប បានឱ្យដឹងថា ជុំវិញករណីខាងលើនេះ លោកបានបញ្ជាឱ្យលោក វរសនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ដាក់កម្លាំងចុះទៅអន្តរាគមន៍ទាន់ពេលវេលា កាលពីអំឡុងពេលដែលកំពុងកើតហេតុមកម៉្លេះ។ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បាននាំគូភាគីទាំងសងខាង មកធ្វើការបំភ្លឺ និងដោះស្រាយតាមការស្ម័គ្រចិត្តព្រមព្រៀងបញ្ចប់ជម្លោះ ប្រកបដោយការយោគយល់ អធ្យាស្រ័យសងសំណងការខូចខាតរួចរាល់ នៅអធិការដ្ឋាន នគរបាល ក្រុងសៀមរាប។

សូមបញ្ជាក់ផងដែរថា ជម្លោះខាងលើ បានកើតឡើងកាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ រវាងអ្នកលក់ការ៉ែមឆា តាមរទេះ ជាមួយបុរសជនជាតិជប៉ុន ដែលមានរទេះលក់ជាប់គ្នា នៅជាប់មាត់ស្ទឹងសៀមរាប ពីខាងលិច ទល់មុខវត្តព្រះព្រហ្មរ័ត្ន ក្នុងភូមិសាស្ត្រសង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប ទើបសមត្ថកិច្ចឱ្យសម្របសម្រួល ទើបត្រូវគ្នានៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

ប្រភពព័ត៌មានពីអ្នកជិតខាងនោះ បានឱ្យដឹងថា បុរសជាជនជាតិជប៉ុន ខាងលើ បានមកបើករបរលក់ ដូរតាម រទេះ ហើយពេលបានកម្រៃបន្តិចបន្តួច ឆ្លៀតយកទៅជួយកុមារកំព្រា និងអ្នកទីទាល់ក្រទៀតផង៕

RELATED ARTICLES