Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាត់កូនក្រមុំ ម៉ែភ័យយំហើមភ្នែក

បាត់កូនក្រមុំ ម៉ែភ័យយំហើមភ្នែក

ខេត្តតាកែវ ៖ យុវតីរូបស្រស់ម្នាក់ បានធ្វើដំណើរចេញពីផ្ទះ ដោយប្រាប់ថា ទៅជួយលក់បាយអ៊ំប្រុសរបស់ ខ្លួននៅក្រុងដូនកែវ ខេត្តតាកែវ រួចស្រាប់តែបាត់ខ្លួនឈឹង ទាក់ទងមិនបានសោះ ហើយទោះជាក្រុមគ្រួសារ ខំតាមស្វែងរកយ៉ាងណាក៏នៅតែគ្មានដំណឹង អស់រយៈពេល៩ថ្ងៃមក ហើយជាហេតុធ្វើឱ្យឪពុកម្តាយមាន ការភ័យព្រួយ ដេកយំ ទន្ទឹងផ្លូវកូនស្រីត្រឡប់មកផ្ទះវិញ។

យុវតីដែលបាត់ខ្លួន មានឈ្មោះស៊្រុន ណារិន អាយុ១៨ឆ្នាំ មុខរបរលក់បាយ មានលំនៅ ភូមិក្តាញ់ (ត្រពាំងល្វា) ឃុំក្តាញ់ ស្រុកព្រៃកប្បាស មានឪពុកឈ្មោះស្រី ហ៊ត អាយុ៥៥ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះកែម ទុំ អាយុ ៥៣ឆ្នាំ មុខរបរត្បាញហួល-ផាមួង មានបងប្អូនចំនួន៤នាក់ (ប្រុស២ ស្រី២) ហើយយុវតីដែលបាត់ខ្លួន គឺជា កូនពៅក្នុងគ្រួសារ។

តាមប្រភពពីក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា យុវតីឈ្មោះស៊្រុន ណារិន បានបាត់ ខ្លួនតាំងពីវេលាម៉ោង ២រសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ មកម៉្លេះ ហើយត្រូវឪពុកម្តាយ ក្រុមគ្រួសារតាម ស្វែងរក និងប្តឹងសមត្ថកិច្ចឱ្យជួយស្រាវជ្រាវស្វែងរក រហូតមកត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅតែគ្មាន ដំណឹងអ្វីបន្តិចនៅឡើយ។

ប្រភពដដែល បន្តថា មុនពេលបាត់ខ្លួន យុវតីស៊្រុន ណារិន បានប្រាប់ថា នាងបានទៅជួយលក់បាយអ៊ំប្រុស នៅក្រុងដូនកែវ ខេត្តតាកែវ តែមុនកើតហេតុ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នាងបានធ្វើដំណើរ ត្រឡប់មកលេងផ្ទះ ដេកសម្រាកបាន២យប់។ លុះមកដល់វេលាម៉ោង ២រសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នាងគ្រាន់តែប្រាប់ថា ទៅផ្ទះអ៊ំ (ទៅលក់បាយ) នៅទីរួមខេត្តវិញហើយ រួចក៏ចាកចេញទៅបាត់ទៅ ស្រាប់ តែបាត់ដំណឹងសូន្យឈឹងតាំងពីពេលនោះមកតែម្តង។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយពេលយុវតី ស៊្រុន ណារិន ចេញពីផ្ទះបាត់ រហូតដល់ព្រលប់ថ្ងៃដដែល ក្រុមគ្រួសារបានទទួលទូរស័ព្ទពីអ៊ំប្រុស សួរថា “ណារិន ចេញមកវិញឬនៅ?” ទើបនាំគ្នាឆោឡោ តាមស្វែងរក តែសូម្បីទូរស័ព្ទក៏មិនអាចទាក់ទងបាន ក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយស្រាវជ្រាវ តែគិតមកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤  អស់រយៈពេល៩ថ្ងៃហើយ នៅតែគ្មានដំណឹងនៅឡើយ ធ្វើឱ្យឪពុកម្តាយព្រួយបារម្ភ ដើរតាមរក កូនស្រីទាំងទឹកភ្នែក។

ជាមួយនេះ ក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើ បណ្តាញសង្គម ហ្វេសប៊ុក ប្រសិនបើប្រទះឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថតនេះ សូមជួយ ផ្តល់ដំណឹងមកក្រុមគ្រួសារ តាមរយៈទូរស័ព្ទលេខ ០៦៩ ៤៦៥ ២៨២ ដោយក្តីអនុគ្រោះផង។ ហើយបើកូនស្រីបានឮដំណឹងនេះហើយ សូមវិលត្រឡប់មកផ្ទះវិញ ព្រោះឪពុកម្តាយ ពិតជាមានការ ព្រួយបារម្ភពីសុខទុក្ខនិងសុវត្ថិភាពកូនស្រីខ្លាំងណាស់៕

RELATED ARTICLES