Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ករណីលួចដុតស្រូវ ប្តឹងជាង១ខែ អាជ្ញាធរថា ហួសដែនសមត្ថកិច្ច

 ករណីលួចដុតស្រូវ ប្តឹងជាង១ខែ អាជ្ញាធរថា ហួសដែនសមត្ថកិច្ច

ភ្នំពេញ ៖ ក្រុមគ្រួសារមួយ បានអះអាងថា ពួកគាត់កំពុងជួបរឿងអយុត្តិធម៌ ដោយសារផលស្រូវដែលពួកគាត់ខំប្រឹងធ្វើស្រែ ក្រោមកម្តៅថ្ងៃ រាប់ខែ ទម្រាំបានផល ត្រូវបានភ្លើងឆេះខ្ទេចគ្មានសល់ ព្រោះតែមានគេលួចដុត រីឯជនបង្កហេតុ ត្រូវបានពួកគាត់ស្គាល់មុខយ៉ាងច្បាស់ និងថែមទាំងដាក់ពាក្យបណ្តឹង រយៈពេលជាង១ខែទៅហើយ នៅតែមិនទាន់មានដំណោះស្រាយទៀត។ យ៉ាងណាករណីនេះ ត្រូវបានអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថាករណីនេះ អាជ្ញាធរធ្លាប់បានចូលរួមដោះស្រាយ ៣លើករួចមកហើយ តែភាគីទាំងសងខាងមិនព្រមព្រៀងគ្នា និងឈានដល់ការដាក់ពាក្យបណ្តឹងឡើងតុលាការ ផុតពីសមត្ថកិច្ចអាជ្ញាធរដែនដីទៅហើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Chhay Srey Oun បានផុសវីដេអូបង្ហាញអំពីករណីភ្លើងឆេះគំនរស្រូវដែលបានច្រូតរួច និងអះអាងថា ត្រូវគេលួចដុត ដោយភ្ជាប់ជាមួយនឹងសំណេរថា “សូមថ្នាក់លើជួយពិនិត្យ និងរកយុត្តិធម៌ជូនក្រុមគ្រួសារនាងខ្ញុំផង សូមបងប្អូនជួយស៊ែរបានដល់ថ្នាក់លើ និងថ្នាក់ដឹកនាំបានឃើញផង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ”។

កញ្ញា ឆាយ ស្រីអូន អាយុ២៥ឆ្នាំ ដែលត្រូវជាកូនម្ចាស់ស្រូវ និងជាម្ចាស់គណនីហ្វេសប៊ុក Chhay Srey Oun បានលើកឡើងថា ដំបូងឡើយ មុនឈានដល់ការឆេះស្រូវនោះ ជនបង្កហេតុ បានដុតចំប៉ើងនៅក្បែរនឹងកន្លែងដែលមានស្រូវគរទុកនោះ មានសាក្សីនៅកន្លែងកើតហេតុបានឃើញដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺថាមុនកើតហេតុឆេះស្រូវ គឺសាក្សីក៏បានប្រាប់ជនបង្កហេតុ កុំឱ្យដុតចំប៉ើងនោះ ព្រោះខ្លាចចេះដល់ស្រូវ តែជនបង្កហេតុ នៅតែដុត រហូតដល់ឆេះរាលដាលដល់ស្រូវ ៧បាវ ប្រមាណជាកន្លះតោន។

កញ្ញា ឆាយ ស្រីអូន បានអះអាងថា ចាប់តាំងពីថ្ងៃកើតហេតុឆេះស្រូវ មកដល់ពេលនេះ ជាងមួយខែហើយ តែដូចជាដោះស្រាយមិនចេញនោះឡើយ ដូច្នេះនាងនិងក្រុមគ្រួសារ បានស្នើសុំចំពោះអាជ្ញាធរ មេត្តាជួយដោះស្រាយ និងរកយុត្តិធម៌ឱ្យគ្រួសារនាងផង។

ឆ្លើយតបទៅនឹងការលើកឡើងខាងលើ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលស្រុកគិរីវង់ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ដោយបញ្ជាក់ថា «ថ្មីៗនេះមានការបង្ហោះព័ត៌មាននៅតាមបណ្តាញសង្គម ហ្វេសប៊ុក ដែលមានគណនី ឈ្មោះ Chhay Srey Oun មានខ្លឹមសារថា ថ្នាក់លើជួយពិនិត្យ និងរកយុត្តិធម៌ជូនគ្រួសារនាងខ្ញុំផង ដែលជាប្រជាពលរដ្ឋរស់នៅឃុំគោកព្រេច ស្រុកគិរីវង់ បានបង្ហោះនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

ពាក់ព័ន្ធនឹងករណីភ្លើងឆេះស្រូវ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅតាមដងផ្លូវស្ថិតនៅក្នុងភូមិសំរោង ខាងលិច ឃុំគោកព្រេច ស្រុកគិរីវង់ ដែលប្រជាពលរដ្ឋឈ្មោះ យន ឡាច មានទីលំនៅ ភូមិសំរោងខាងលិច ឃុំគោកព្រេច បានប្តឹងឈ្មោះកង មុត ដែលបានដុតចំប៉ើង តាម ដងផ្លូវ ពីភូមិសំរោងខាងលិច ទៅភូមិបាម ឃុំគោកព្រេច បណ្តាលឱ្យឆាបឆេះពំនូកស្រូវដែលរៀបនៅក្បែរចិញ្ចើមផ្លូវ អស់ចំនួន១ពំនូក (ផលស្រូវប្រហាក់ប្រហែល៧បាវ)។ លុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឈ្មោះយន ឡាច និងភរិយាឈ្មោះសយ អ៊ាង បានដាក់ពាក្យប្តឹងមកសាលាឃុំគោកព្រេច ដើម្បីធ្វើការដោះស្រាយ។ អាជ្ញាធរឃុំ បានកោះអញ្ជើញភាគីទាំងពីរមកធ្វើការសម្រុះសម្រួល ចំនួន ៣ដង រួចមកហើយ ៖

– លើកទី១ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ (ក្រោយពីបានទទួលពាក្យបណ្តឹងផ្ទាល់មាត់)

– លើកទី២ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣

– លើកទី៣ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានអាជ្ញាធរស្រុកចូលរួមសម្រុះសម្រួលផងដែរ។

ការសម្រុះសម្រួលទាំងបីលើកខាងលើ គឺភាគីទាំងពីរមិនឯកភាពគ្នា និងមិនទទួលយកការសម្រុះសម្រួលពីអាជ្ញាធរឡើយ។ ភាគីដើមបណ្តឹង បានបន្តដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តតាកែវ។ ករណីនេះសាលា ដំបូងខេត្ត បាននិងកំពុងដំណើរការរឿងក្តីរបស់ខ្លួន តាមនីតិវិធី។ សូមបញ្ជាក់ថា ៖ សាលាដំបូងខេត្ត បានកោះអញ្ជើញភាគីទាំងពីរម្តងរួចមកហើយ…»។

ដោយឡែក នៅថ្ងៃដដែលនោះដែរ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏បានចេញសេចក្តីបំភ្លឺព័ត៌មានមួយផងដែរ ដោយបញ្ជាក់ថា «មានគណនីហ្វេសប៊ុកឈ្មោះ Chhay Srey Oun បានផុសនូវវីដេអូ អមខ្លឹមសារថា “សូមថ្នាក់លើជួយពិនិត្យនិងរក យុត្តិធម៌ជូនក្រុមគ្រួសារនាងខ្ញុំផង សូមបងប្អូនជួយស៊ែរបានដល់ថ្នាក់លើ និងថ្នាក់ដឹកនាំបានឃើញផង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ” ដែលវីដេអូ មានបង្ហាញអំពីករណីភ្លើងឆេះគំនរស្រូវ (ត្រូវគេដុត) ដែលបានច្រូតរួច។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាលោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ ធ្វើការស្រាវជ្រាវដើម្បីឆ្លើយតបជូនមហាជន។

តាមរយៈការចុះស្រាវជ្រាវ ករណីខាងលើកើតឡើងកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិសំរោងខាងលិច ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ស្រូវដែលបានឆេះ ជារបស់ឈ្មោះយន ឡាច ភេទប្រុស អាយុ៥៩ឆ្នាំ មានលំនៅ ភូមិសំរោងខាងកើត ឃុំគោកព្រេច ស្រុកគិរីវង់ (ដើមបណ្តឹង) ជនសង្ស័យមានឈ្មោះ កង មុត ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិសំរោងខាងលិច ឃុំគោកព្រេច ស្រុកគិរីវង់ មុខរបរអ្នកទិញស្រូវ។

សូមបញ្ជាក់ជូនសាធារណជន ក៏ដូចជាអង្គភាពសារព័ត៌មាននានា ដែលបានចែកចាយនូវខ្លឹមសារខាងលើឱ្យបានជ្រាបថា បន្ទាប់ពីកើតហេតុ ម្ចាស់ស្រូវជាជនរងគ្រោះ មិនបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ឬអធិការដ្ឋាននគរបាលស្រុកគិរីវង់ នោះទេ គឺបានប្តឹងទៅ រដ្ឋបាលឃុំគោកព្រេច ដើម្បីសម្របសម្រួលដោយមានទាំងតំណាងរដ្ឋបាលស្រុក ចូលរួមផង តែជាលទ្ធផល ក្រោយពីសម្រួលគ្នាចំនួន ៣លើក គឺមិនត្រូវរ៉ូវគ្នានោះឡើយ និងបានបន្តប្តឹងទៅសាលាដំបូងខេត្តតាកែវ។ ជាក់ស្តែងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សាលាដំបូងខេត្តតាកែវ បានចេញដីកាកោះឱ្យភាគីទាំង២ ចូលទៅបំភ្លឺ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ ចំពោះមូលហេតុ គឺភាគីឈ្មោះកង មុត បានដុតចំបើង រាលដាលឆេះស្រូវឈ្មោះយន ឡាច។

ក្នុងន័យនេះ ដំណើរការនៃការកសាងសំណុំរឿង បាននិងកំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួររបស់អយ្យការអមសាលាដំបូងខេត្តតាកែវ នៅឡើយ ដែលផ្ទុយពីខ្លឹមសាររបស់ម្ចាស់គណនី Chhay Srey Oun ដែលតែងតែផុសលើបណ្តាញសង្គម (Facebook , Tiktok) ថាគ្មានយុត្តិធម៌ដល់ក្រុមគ្រួសាររបស់ខ្លួន…»។

បន្ទាប់ពីមានការបំភ្លឺព័ត៌មានផ្ទួនៗ ពីអាជ្ញាធរ និងសមត្ថកិច្ចរួចមក ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhay Srey Oun បានបង្ហោះសំណេរតបថា “តើឱ្យគ្រួសារខ្ញុំទទួលយកយ៉ាងណា បើស្រូវខ្ញុំឆេះអស់ ៧បាវ កាលនោះស្រូវឈ្មួញទិញ ក្នុងតម្លៃ ១៣០០៛ជាង ហើយសំណងជនបង្ក ឱ្យមកគ្រួសារខ្ញុំ តែ១៥ម៉ឺនរៀល តើវាសមមាត្រគ្នាទេ? ចុះកម្លាំងពលកម្ម ឪខ្ញុំខំធ្វើ ថ្លៃជី ថ្នាំ ភ្ជួររាស់ ខំធ្វើក្រោមកម្លៅថ្ងៃ ច្រូតកាត់ទឹកត្រឹមចង្កេះ ទម្រាំអូសដល់គោក ដី២គីឡូ សំណងពីជនបង្ក ១៥ម៉ឺនរៀល យកមិនយកអត់ ហើយថែមទាំងរងការប្រមាថពីជនបង្ក ដេញទៅប្តឹងដល់ណាប្តឹងទៅ…”៕

RELATED ARTICLES