Thursday, November 21, 2024
Homeព័ត៌មានជាតិក្រុមហ៊ុននាំចេញម៉ាស៊ីនច្រូត ១ទឹក ទៅវៀតណាម  សំណូមពរគយ រឹតបន្តឹងការអនុវត្តច្បាប់

ក្រុមហ៊ុននាំចេញម៉ាស៊ីនច្រូត ១ទឹក ទៅវៀតណាម  សំណូមពរគយ រឹតបន្តឹងការអនុវត្តច្បាប់

ភ្នំពេញ ៖ ក្រុមហ៊ុនវៀតណាមមួយ  ដែលបានទទួលទិញម៉ាស៊ីនត្រាក់ទ័រ ពិសេសម៉ាស៊ីនច្រូតស្រូវ ម៉ាកគូបូតា មួយទឹក ពីកម្ពុជា កំពុងជួបបញ្ហាខាតបង់យ៉ាងខ្លាំង  ដោយបច្ចុប្បន្ន មានឈ្មួញមួយក្រុម បានទិញនិងមានឃ្លាំងស្តុក​ម៉ាស៊ីន​ច្រូតស្រូវ ម៉ាកគូបូតា មួយទឹក នៅច្រកព្រំដែន ភ្នំឌិន  និងនាំចេញទៅលក់ឱ្យវៀតណាម ក្នុងមួយខែ ខ្ទង់រយគ្រឿង ដោយគ្មានច្បាប់ទម្លាប់ និងមិនបានបង់ពន្ធគយត្រឹមត្រូវ។

តំណាងក្រុមហ៊ុនវៀតណាម ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនគាត់ ជាក្រុមហ៊ុនស្របច្បាប់ ក្នុងការទិញត្រាក់ទ័រ ពិសេសម៉ាស៊ីនច្រូតស្រូវ ម៉ាកគូបូតា មួយទឹក ពីកម្ពុជា នាំចេញទៅលក់នៅប្រទេសវៀតណាម ដោយមានការបំពេញបែបបទបង់ពន្ធគយ តាមច្រកទ្វារព្រំដែនស្របច្បាប់របស់កម្ពុជា។ ប៉ុន្តែមួយរយៈចុងក្រោយនេះ មានឈ្មួញខាងកម្ពុជា សហការជាមួយឈ្មួញវៀតណាម ដែលមានឃ្លាំងស្តុកគ្រឿងចក្រ ម៉ាស៊ីនច្រូតស្រូវ ម៉ាកគូបូតា នេះដែរ បាននាំចេញម៉ាស៊ីនច្រូតស្រូវ ម៉ាកគូបូតា នេះត្រង់ៗ តាមច្រកទ្វារអន្តរជាតិ ភ្នំឌិន ខេត្តតាកែវ និងច្រកព្រំដែនបន្ទាយចក្រី ខេត្តព្រៃវែង  មួយខែៗ ជាង១០០គ្រឿង ដោយគ្មានច្បាប់ និងមិនបង់ពន្ធគយត្រឹមត្រូវឡើយ  គឺបង់ក្រោមតុ ១គ្រឿង ១០០ ទៅ២០០ដុល្លារ។

តំណាងក្រុមហ៊ុន បានត្អូញត្អែរថា  ដោយសារឈ្មួញរកស៊ីលួចនាំគ្រឿងចក្រ (ម៉ាស៊ីនច្រូតស្រូវ) ចូលវៀតណាម គេចពន្ធច្រើនយ៉ាងនេះ  ធ្វើឱ្យក្រុមហ៊ុនគាត់ ដែលរកស៊ីស្របច្បាប់ មានការនាំចេញធ្លាក់ចុះ ស្ទើរតែក្ស័យធនទៅហើយ។

តំណាងក្រុមហ៊ុនខាងលើ បានសំណូមពរឱ្យខាងគយ និងកម្លាំងការពារព្រំដែនខាងកម្ពុជាជួយទប់ស្កាត់ការនាំចេញម៉ាស៊ីន​ច្រូតស្រូវ ដែលប្រើហើយមួយទឹកនេះ ចូលទៅវៀតណាមដោយខុសច្បាប់ទៀត  និងសូមសមត្ថកិច្ចកម្ពុជា មានវិធានការច្បាប់ ចំពោះឈ្មួញរត់ពន្ធទាំងនោះ ឱ្យសមតាមច្បាប់ផង៕

RELATED ARTICLES