Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ជិះម៉ូតូជួបប៉ូលិស រត់គេច ជាប់ខ្នោះ២

 ជិះម៉ូតូជួបប៉ូលិស រត់គេច ជាប់ខ្នោះ២

ខេត្តកណ្តាល ៖ ជនសង្ស័យ ចំនួន៣នាក់ កំពុងជិះម៉ូតូដឹកគ្នាតាមផ្លូវ នៅពេលយប់ លុះជួបកម្លាំងសមត្ថកិច្ចកំពុងចេញល្បាត ឃាត់សាកសួរ ស្រាប់តែជនសង្ស័យម្នាក់ បានស្ទុះរត់គេចបាត់ នៅសល់តែបក្ខពួក ២នាក់ ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងដកហូតបានថ្នាំញៀន ចំនួន៨កញ្ចប់។

ករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀននេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង២០នាទីយយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ស្ពានព្រែកតាទៀង ត្រើយខាងជើង ស្ថិតនៅភូមិព្រែកតាឃិន សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន។

ជនសង្ស័យទាំង២នាក់ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះហ៊ន ណាលិះ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិព្រែកតាទៀង សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន និងទី២-ឈ្មោះហ៊ុល ភារៈ ហៅចារៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិព្រែកតាទៀង សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន។ ចំណែកបក្ខពួកម្នាក់ទៀត ដែលបានរត់គេចខ្លន មានឈ្មោះពុំ ពិជ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិព្រែកតាទៀង សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន។

ដោយឡែក វត្ថុតាងចាប់យក រួមមាន ១-គ្រឿងញៀន ប្រភេទម៉ាទឹកកក (ice) ចំនួន៨កញ្ចប់ (ធំ៣ មធ្យម៥) មានទម្ងន់សរុប ៤៦ក្រាម។ ២-ម៉ូតូ ចំនួន១គ្រឿង ម៉ាកហុងដា គុបជ្រុង ពណ៌ទឹកប៊ិកចាស់ គ្មានស្លាកលេខ។ ៣-ទូរស័ព្ទដៃ ម៉ាក Oppo ចំនួន៤គ្រឿង (ពណ៌ទឹកមាស ចំនួន២គ្រឿង ពណ៌ខៀវ ចំនួន១គ្រឿង និងពណ៌ខ្មៅ ចំនួន១គ្រឿង) និង៤-សម្ភារៈសម្រាប់វេចខ្ចប់ មួយចំនួន។

តាមប្រភពសមត្ថកកិច្ច បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយតាកែវ នៃអធិការដ្ឋាននគរបាលក្រុងសំពៅពូន បានល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ដល់ចំណុចកើតហេតុ បានប្រទះឃើញមុខសញ្ញាសង្ស័យ ចំនួន៣នាក់ កំពុងជិះម៉ូតូដឹកគ្នា មកពីទិសខាងកើតភូមិ ចំណុចបឹងក្នុង ចុងព្រែកតាទៀង។ ពេលមកដល់ចំណុចកើតហេតុ កម្លាំងសមត្ថកិច្ចបានឃាត់សាកសួរ ភ្លាមៗនោះ ជនសង្ស័យឈ្មោះពុំ ពិជ បានរត់គេចខ្លួនរួចបាត់ និងឃាត់បានជនសង្ស័យ ចំនួន២នាក់ (ឈ្មោះហ៊ន ណាលិះ និងឈ្មោះហ៊ុល ភារៈ) និងរកឃើញម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន ៨ចំនួនកញ្ចប់ (ធំ៣ មធ្យម៥) ដែលលាក់ទុកក្នុងថង់ពណ៌លឿង ហើយដែលជនសង្ស័យឈ្មោះពុំ ពិជ បោះចោលនៅតាមផ្លូវបេតុង មាត់ព្រែក ត្រើយខាងជើងព្រែកតាទៀង។

បន្ទាប់មក កម្លាំងនគរបាលប៉ុស្តិ៍ បាននាំខ្លួនជនសង្ស័យទាំង២នាក់ (ឈ្មោះហ៊ន ណាលិះ និងឈ្មោះហ៊ុល ភារៈ) យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយតាកែវ និងរាយការណ៍ទៅជំនាញផ្នែកប្រឆាំងគ្រឿងញៀនក្រុងសំពៅពូន តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថា គ្រឿងញៀនខាងលើ ពិតជារបស់ជនសង្ស័យឈ្មោះពុំ ពិជ ប្រាកដមែន ដែលមុនពេលកើតហេតុ ជនសង្ស័យឈ្មោះពុំ ពិជ បានទូរស័ព្ទហៅពួកខ្លួនទាំង២នាក់ ឱ្យទៅដឹកជនសង្ស័យឈ្មោះពុំ ពិជ ពីចុងព្រែកតាទៀង សំដៅទៅផ្ទះ ស្ថិតនៅភូមិព្រែកតាទៀង សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន។

ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES