Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតារាចម្រៀង រតនៈ ពិសី តុលាការសម្រេចឃុំខ្លួន

តារាចម្រៀង រតនៈ ពិសី តុលាការសម្រេចឃុំខ្លួន

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានសម្រេចចេញដីកាឃុំខ្លួនតារាចម្រៀង កែវ ពិសី ហៅរតនៈ ពិសី ដាក់ពន្ធនាគារព្រៃស (ម២) ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ អាចជួញដូរបាន (ចេញសែកស្អុយ)។

គួរបញ្ជាក់ថា កាលរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនតារាចម្រៀង និងសម្តែង កែវ ពិសី ហៅរតនៈ ពិសី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការ ធ្វើការសាកសួរ ក្រោយចាប់ខ្លួនពីបទរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។

ការឃាត់ និងបញ្ជូនខ្លួនតារាសម្តែង កែវ ពិសី គឺធ្វើឡើងតាមពាក្យបណ្តឹងរបស់ឈ្មោះផាន់ សូរិយា ភេទស្រី អាយុ៣១ឆ្នាំ ដែលបានប្តឹងចោទប្រកាន់ឈ្មោះ កែវ ពិសី ពីបទរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានឈ្មោះកែវ ពិសី ហៅរតនៈ ពិសី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរជាម្ចាស់ក្រុមហ៊ុន ELI KP TRADING CO LTD មានអាសយដ្ឋានផ្ទះលេខ១៩ ផ្លូវលេខ៥ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តារាចម្រៀងរូបនេះ ធ្លាប់ត្រូវបានសមត្ថកិច្ចកោះហៅឱ្យចូលបំភ្លឺ ជុំវិញករណីចេញសែកគ្មានសាច់ប្រាក់ (សែកស្អុយ) តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលបានដាក់ចូលទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២០ ខែកញ្ញា និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

ពាក់ព័ន្ធករណីចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ (សែកស្អុយ) នោះ ត្រូវបានតារាចម្រៀងរូបស្រស់ រតនៈ ពិសី បំភ្លឺនៅសមត្តកិច្ចថា រូបនាងក៏ចាញ់បោកគេដូចគ្នា ហើយអ្នកដែលជំពាក់ប្រាក់នាងរាប់ម៉ឺនដុល្លារ កំពុងរត់គេចខ្លួន ទុកឱ្យរូបនាងរ៉ាប់រងសងតែម្នាក់ឯង។

ស្ថិតក្នុងដំណាក់ការស៊ើបសួរនៅសាលាដំបូងរាជធានីភ្នំពេញ គេឃើញជនរងគ្រោះជាបន្ត បន្ទាប់ បានទៅដាក់ពាក្យបណ្តឹង ប្តឹង រតនៈ ពិសី ករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានដូចគ្នា សរុបទឹកប្រាប់រាប់ម៉ឺនដុល្លារ៕

RELATED ARTICLES