Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិស្សគេចសាលា ឆក់កាបូបស្រី ជាប់ខ្នោះ២

សិស្សគេចសាលា ឆក់កាបូបស្រី ជាប់ខ្នោះ២

ភ្នំពេញ ៖ នារីម្នាក់ ជិះម៉ូតូចេញពីផ្ទះ បំណងទៅរកទិញអីញ៉ាំ លុះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវជនសង្ស័យជាសិស្សសាលា ចំនួន ២នាក់ ជិះម៉ូតូ ១គ្រឿង ធ្វើសកម្មភាពឆក់កាបូបបានសម្រេច រួចព្យយាមរត់គេចខ្លួន តែគាប់ជួនបានរេចង្កូតម៉ូតូដួល និងត្រូវបាននារីរងគ្រោះស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋអ្នកដំណើរ និងសមត្ថកិច្ច ចាប់ក្របួចជាប់ភ្លាមៗ។

ករណីឆក់កាបូបនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ៩៩ ក្រុមទី៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន  ទី១-ឈ្មោះសុទ្ធ ជីវី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ផ្ទះជួល ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងទី២-ឈ្មោះផល វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅផ្ទះជួល ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ចំណែកជនរងគ្រោះ មានឈ្មោះប្រាក់ ចន្ធី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មការិនី មានស្រុកកំណើតនៅ ផ្ទះលេខ៥៧ ភូមិក្បាលដំរី ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

 លោកហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានបញ្ជាក់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះ ជិះម៉ូតូ ១គ្រឿង ម៉ាក Suzuki Nex តាមបណ្តោយផ្លូវបេតុង ៩៩ ពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 1KM-6061 បានឃើញជនរងគ្រោះទុកកាបូបស្ពាយនៅទ្រនាប់ជើងម៉ូតូ ជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបនោះបានសម្រេច តែបែរជាដួលម៉ូតូ និងត្រូវបាននារីរងគ្រោះស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាង ស្របពេលកម្លាំងសមត្ថកិច្ចល្បាតនៅជិតនោះ បានចុះអន្ត រាគមន៍ ឃាត់ជនសង្ស័យទាំង២នាក់ (១-ឈ្មោះសុទ្ធ ជីវី ២-ឈ្មោះផល វិចិត្រ) ព្រមទាំងដកហូតសម្ភារៈ រួមមាន ១-ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 1KM-6061 (មធ្យោ បាយជិះធ្វើសកម្មភាព)។ ២-ទូរស័ព្ទ ចំនួន២គ្រឿង ម៉ាក iPhone XS Max ពណ៌ខ្មៅ និងម៉ាក Oppo F11 ពណ៌ស្លែ (របស់ជនសង្ស័យ)។ ៣-កាបូបស្ពាយ១ ពណ៌ត្នោត ក្នុងនោះ មានទូរស័ព្ទ ១គ្រឿង ម៉ាក iPhone 12 Mini ពណ៌ខ្មៅ ប្រាក់ចំនួន ១៥ម៉ឺនរៀល ជារបស់ជនរងគ្រោះ (ប្រគល់ជូនជនរងគ្រោះវិញ)។

ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES