Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកើតកូនភ្លោះបាន១ខែកន្លះ ឡានកិ...ន...ម៉ែ...ស្លា...ប់

កើតកូនភ្លោះបាន១ខែកន្លះ ឡានកិ…ន…ម៉ែ…ស្លា…ប់

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីសរសៃខ្ចីម្នាក់ ទើបនឹងសម្រាលកូនភ្លោះ ២នាក់ បាន១ខែកន្លះ ជិះម៉ូតូតាមផ្លូវសុខៗ ទាក់ដៃចង្កូតជាមួយសត្វគោ ១ក្បាល បណ្តាលឱ្យដួលខ្ទាតចូលរថយន្តដឹកដី ១គ្រឿង កិនស្លាប់នៅនឹងកន្លែងមួយរំពេច។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិប្រាសាទ ឃុំស្លក្រាម ស្រុកស្វាយចេក។

ស្ត្រីរងគ្រោះដែលត្រូវរថយន្តកិនស្លាប់ មានឈ្មោះសៃ បូរី អាយុ៣៧ឆ្នាំ មានប្តីឈោះម៉ុយ ម៉ុល អាយុ៣៨ឆ្នាំ និងមានលំនៅក្នុងភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក។ ស្ត្រីរងគ្រោះ មានកូនក្នុងបន្ទុក ចំនួន៤នាក់ (ស្រីទាំងអស់) ហើយទើបនឹងសម្រាលកូនភ្លោះ ២នាក់ បាន១ខែកន្លះប៉ុណ្ណោះ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q-6431 ធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុ ម៉ូតូរបស់ស្ត្រីរងគ្រោះ បានទាក់ដៃចង្កតជាមួយនឹងសត្វគោ ១ក្បាល ធ្វើឱ្យដួលម៉ូតូ ចូលរថយន្តកែច្នៃដឹកដី ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-9883 បើកបរក្នុងទិសដៅ ពីកើត ទៅលិច (បញ្ច្រាសទិសគ្នា) បណ្តាលឱ្យកិនស្ត្រីរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់កន្លែងកើតហេតុ បានធ្វើការវាស់វែង យករថយន្តបង្កហេតុ និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES