Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម លួចទូរស័ព្ទលក់ ជាប់ខ្នោះទាំងអ្នកទិញ

 លួចទូរស័ព្ទលក់ ជាប់ខ្នោះទាំងអ្នកទិញ

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចទូរស័ព្ទ បានចំនួន២គ្រឿង រួចយកទៅលក់ឱ្យជនសង្ស័យម្នាក់ទៀត ដែលទទួលចាំទិញ ទីបំផុតត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ខ្លួនបានទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីលួចទូរស័ព្ទនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅត្រង់ ចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះឡា ប៉ូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែកព្រះស្តេច សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង (ជនដៃដល់ជាអ្នកលួច) និងទី២-ឈ្មោះអ៊ួន រី ហៅឌីឌូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដក មានលំនៅ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង (អ្នកទទួលផល)។ ចំណែកជនរងគ្រោះ មានឈ្មោះម៉ាន រីហ្វីន ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅ ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីលួច (ទូរស័ព្ទ) មួយ កើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលលួចយកទូរស័ព្ទរបស់ជនរងគ្រោះ ឈ្មោះម៉ាន រីហ្វីន ចំនួន២គ្រឿង (ម៉ាកហ្គូហ្គល ពណ៌ទឹកមាស ១គ្រឿង និងម៉ាក iPhone 12 Pro Max ១គ្រឿង)។

ប្រភពដដែល បន្តថា ក្រោយពីទទួលបណ្តឹងជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នង ការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីលោកកែវ សុជាតិ ព្រះរាជ អាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះធ្វើការស៊ើប អង្កេតស្រាវជ្រាវកំណត់ អត្តសញ្ញាណ ឈានដល់ការនាំខ្លួនជនសង្ស័យ ២នាក់ ១-ឈ្មោះឡា ប៉ូ (អ្នកលួច) ២-ឈ្មោះអ៊ួន រី ហៅឌីឌូ (អ្នកទទួលផល) និងបានដកហូតវត្ថុតាង ទូរស័ព្ទ ២គ្រឿង បានមកវិញផងដែរ រួចក៏បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចទូរស័ព្ទ និងបានទទួលទិញទូរស័ព្ទរបស់ជនរងគ្រោះប្រាកដមែន។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង កសាងសំណុំរឿងបញ្ជូនទៅការិយា ល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES