Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប្អូនស្រីបោកស៊ីដាច់លុយបងថ្លៃ ៣០ម៉ឺនដុល្លារ ជាប់គុក២ឆ្នាំ

 ប្អូនស្រីបោកស៊ីដាច់លុយបងថ្លៃ ៣០ម៉ឺនដុល្លារ ជាប់គុក២ឆ្នាំ

ភ្នំពេញ ៖ ករណីស្ត្រីម្នាក់ ប្រើល្បិចបោកស៊ីដាច់លុយនិងមាសបងថ្លៃ សរុបជាទឹកប្រាក់ប្រមាណជាង៣០ម៉ឺនដុល្លារ និងត្រូវបងថ្លៃប្តឹងសមត្ថកិច្ចចាប់ខ្លួននោះ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទជាប្អូនថ្លៃ ដាក់ពន្ធនាគារ កំណត់២ឆ្នាំ តម្រូវឱ្យសងប្រាក់ទៅបងថ្លៃ ចំនួន ២៨៩ ១៧៩ដុល្លារ និងពិន័យចូលរដ្ឋ ចំនួន១៦លានរៀល។ សាលក្រម បានទុកសិទ្ធិឱ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនភាគីណាមួយកើតទុក្ខមិនសុខចិត្តចំពោះការកាត់ក្តីនេះ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានលើកយកសំណុំរឿងឆបោក មួយករណី មកបើកសវនាការជាសាធារណៈ ដោយសវនាការនោះដឹកនាំដោយលោកហុក ពៅ ចៅក្រមជំនុំជម្រះ និងលោកស៊ីន រក្សា ព្រះរាជអាជ្ញារង ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

នៅចំពោះមុខអង្គសវនាការ មានជនជាប់ចោទឈ្មោះម៉ន សូលីដែត ភេទស្រី អាយុ៣០ឆ្នាំ មុខរបរជាអាជីវករ និងមេធាវីការពារក្តី។ រីឯដើមបណ្តឹងរដ្ឋប្បវេណី មានឈ្មោះវ៉ា សូលីដា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរអ្នករកស៊ី (ដើមបណ្តឹង និងជនជាប់ចោទត្រូវជាបងប្អូនថ្លៃ)។

សវនាការបានសាកសួរដេញដោលទៅលើជនជាប់ចោទ និងដើមបណ្តឹងរដ្ឋប្បវេណី ដែលមានមេធាវីការពារក្តីរៀងខ្លួន រហូតដល់ទីបញ្ចប់ ទើបចៅក្រមជំនុំជម្រះបានលើកពេលប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ ទៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ។ ប៉ុន្តែអ្វីដែលសាធារណៈមានការចាប់អារម្មណ៍នៅក្នុងអង្គសវនាការនោះ គេពិនិត្យឃើញជនជាប់ចោទពាក់ព័ន្ធករណី ឆបោក ដែលមានទំហំប្រាក់ជិតកន្លះលានដុល្លារ បែរជាបង្ហូរទឹកភ្នែកទួញយំ ព្រមទាំងបានសំណូមពរឱ្យតុលាការដោះលែងរូបខ្លួន ឱ្យនៅក្រៅឃុំ ដើម្បីមានឱកាសរកប្រាក់សងដើមបណ្តឹងវិញ តែការសំណូមពរនេះត្រូវបានជនរងគ្រោះប្រឆាំងដាច់អហង្ការ មិនយល់ស្របឡើយ ដោយយោងទៅលើហេតុផលច្រើនយ៉ាង ដែលជនជាប់ចោទមានល្បិចគេចវេះតាំងពីមិនទាន់ត្រូវបានចាប់ខ្លួនមកម៉្លេះ។

ទាក់ទិននឹងអង្គហេតុក្នុងសំណុំរឿងឆបោក ដែលតុលាការបានលើកយកមកបើកសវនាការពេលនេះ ត្រូវបានគេដឹងថា ជនរងគ្រោះ ឈ្មោះវ៉ា សុលីដា និងជនជាប់ចោទឈ្មោះម៉ន សូលីដែត ត្រូវជាបងប្អូនថ្លៃ តាំងពីឆ្នាំ២០២០ បន្ទាប់ពីឈ្មោះម៉ន សូលីដែត បានរៀបការជាមួយប្អូនប្រុសដើមបណ្តឹងមក ពួកគេបានស្នាក់នៅផ្ទះលេខ២៤បេ ផ្លូវលេខ៩៩ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

អំឡុងពេលស្នាក់នៅជាមួយគ្នា ឈ្មោះម៉ន សូលីដែត តែងតែនិយាយពីរឿងអប្បិយជំនឿ ប្រាប់បងថ្លៃថា គាត់ (ដើមបណ្តឹង) ជាមនុស្សអភ័ព្វគូ និងរកស៊ីមិនសមប្រកប បើចង់កែប្រែវាសនា គេ (ជនជាប់ចោទ) ស្គាល់ព្រះសង្ឃ ១អង្គ ឈ្មោះថុង រី (រស់ដោយធម៌) ដែលល្បី និងពូកែ គង់នៅវត្តព្រៃម្លូ ខេត្តតាកែវ។ មិនតែប៉ុណ្ណោះ ឈ្មោះ ម៉ន សូលីដែត តែងតែនិយាយប្រើល្បិចអូសទាញជនរងគ្រោះ ឱ្យជឿជាក់លើខ្លួន ដោយប្រៀបធៀបទៅលើបុគ្គលដែលរកស៊ីដោយជោគជ័យមួយចំនួន នៅក្នុងស្រុកខ្មែរ គឺពួកគាត់សុទ្ធតែបានទៅរកព្រះសង្ឃអង្គនោះ ឱ្យជួយធ្វើមន្តអាគមអូមអាម ទើបរកស៊ីមានបានរហូតដល់សព្វថ្ងៃ។

ដោយមានការជឿលើអប្បិយជំនឿ និងទុកចិត្តទាំងស្រុងលើឈ្មោះ ម៉ន សូលីដែត ជាប្អូនថ្លៃផង ទើបជនរងគ្រោះបានយល់ព្រមឱ្យជួយទាក់ទងទៅព្រះសង្ឃអង្គនោះ ដើម្បីឱ្យជួយធ្វើកិច្ចកែប្រែវាសនាឱ្យគាត់ ដើម្បីឱ្យរកស៊ីកាន់តែលូតលាស់មានបានទៅមុខទៀត។ ឈ្មោះម៉ន សូលីដែត បានប្រាប់ជនរងគ្រោះទៀតថា រាល់ការទាក់ទងទៅជាមួយលោកសង្ឃ គឺរូបគេជាអ្នកទាក់ទងផ្ទាល់ ដោយហាមជនរងគ្រោះទាក់ទងទៅជាមួយព្រះសង្ឃនោះផ្ទាល់។

បន្ទាប់មកទៀត ឈ្មោះម៉ន សូលីដែត បានប្រាប់ជនរងគ្រោះឱ្យវេរលុយតាមគណនី ABA ឈ្មោះ MORN SOLIDETH ជាបន្តបន្ទាប់ សរុបទឹកប្រាក់ ២០៧ ៥៧៩ដុល្លារ ដើម្បីយកទៅតម្កល់កំណល់ “ជើងព្រះ” មាស ចំនួន២ដុំ ទម្ងន់២០តម្លឹង ស្មើទឹកប្រាក់ចំនួន ៤៧ ០០០ដុល្លារ សម្រាប់តម្កល់នៅក្នុងបន្ទប់សមាធិ និងតម្កល់លុយសុទ្ធនៅក្រោមខ្នើយរបស់ខ្លួន (ម៉ន សូលីដែត) សម្រាប់ចម្លងដៃ (ចម្លងកិច្ចអប្បិយជំនឿ) លើទឹកប្រាក់ចំនួន ៣៤ ៦០០ដុល្លារ។

តាមពាក្យបណ្តឹងបានបញ្ជាក់ទៀតថា ក្រោយមកទៀត ឈ្មោះម៉ន សូលីដែត តែងតែល្បួងលួងលោមជនរងគ្រោះឱ្យផ្តល់លុយបន្ថែម ប៉ុន្តែជនរងគ្រោះមានការសង្ស័យ និងអស់ជំនឿ ព្រោះនៅពេលដាក់លុយឱ្យម្តងៗ មិនដែលឃើញបានផលប្រយោជន៍មកវិញទេ ហើយជនរង គ្រោះក៏បានឈប់បន្តធ្វើកិច្ចនោះទៀត។ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ជនរងគ្រោះបានសុំដកលុយ និងមាសយកមកវិញ ពេលនោះឈ្មោះម៉ន សូលីដែត បានទៅកាយយកមាសដែលកប់ក្នុងបន្ទប់សមាធិ ស្រាប់តែឃើញសុទ្ធតែមាសក្លែងក្លាយ យកមកប្រគល់ឱ្យជនរងគ្រោះ ឃើញដូច្នោះ ជនរងគ្រោះបានឆោឡោ ទើបឈ្មោះម៉ន សូលីដែត និយាយថា រូបគេជាអ្នកទទួលខុសត្រូវ។ លុះព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឱ្យជួយអន្តរាគមន៍ឆែកឆេរលើឈ្មោះម៉ន សូលីដែត ស្រាប់តែឃើញលុយដុល្លារ និងមាសក្លែងក្លាយទាំងអស់ ទើបសមត្ថកិច្ចនាំយកជនសង្ស័យទៅធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ហើយជនសង្ស័យ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃស ចាប់ពីពេលនោះមក៕

RELATED ARTICLES