Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រវឹងស្រាថ្នាំ វ៉ៃ...មេ...ប៉ុ...ស្តិ៍...ដេ...កពេទ្យ ជាប់ខ្នោះ

ស្រវឹងស្រាថ្នាំ វ៉ៃ…មេ…ប៉ុ…ស្តិ៍…ដេ…កពេទ្យ ជាប់ខ្នោះ

ខេត្តកណ្តាល ៖ បុរសម្នាក់ ក្រោយផឹកស្រាថ្នាំស្រវឹងធ្លាក់ភ្នែក ដើរទៅសុំម្ហូបក្លែម ពីកម្មវិធីមង្គលការកូនអ្នកភូមិដែលនៅក្បែរផ្ទះ លុះសុំម្ហូបក្លែមអត់បាន ក៏ខឹង យកឈើដាក់ទទឹងផ្លូវខាងមុខផ្ទះ បិទផ្លូវគេឯងមិនឱ្យឆ្លងកាត់ទៅចូលរួមកម្មវិធីមង្គលការ លុះម្ចាស់កម្មវិធី រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកសាកសួរ ស្រាប់តែបុរសកំណា ចខាងលើ បានស្ទុះទៅវាយលោកនាយប៉ុស្តិ៍នគរបាល ១រូប បណ្តាលឱ្យរងរបួសយ៉ាងដំណំ ទីបំផុតត្រូវសមត្ថ កិច្ចចាប់វាយខ្នោះ នាំយកមកចាត់ការតាមច្បាប់។

 ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។

ជនរងគ្រោះ មានចំនួន២នាក់ ទី១-ឈ្មោះផល ស្រីលី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល (ត្រូវជនសង្ស័យច្រានដួលអុកគូទ) និងទី២-ឈ្មោះសោម រ៉ាវុធ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរមន្ត្រីនគរបាលជាតិ ឋានៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកតាមាក់ មានលំនៅ ភូមិអញ្ចែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយូ យ៉ារ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ មានលំនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រុមគ្រួសារឈ្មោះផល ស្រីលី បានធ្វើរោងលើផ្លូវបេតុងមុខផ្ទះ ដើម្បីរៀបចំធ្វើពិធីមង្គលការនៅថ្ងៃស្អែក។ លុះដល់វេលាម៉ោង ៦ព្រលប់ ថ្ងៃដដែល ជនសង្ស័យបានផឹកស្រាថ្នាំ ជាមួយកម្មករសំណង់ជាមួយគ្នានៅភូមិកំពង់ដំរី ឃុំព្រែកតាមាក់ អស់ស្រាថ្នាំ ២លីត្រ រួចជនសង្ស័យ មកផ្ទះ ទិញស្រាថ្នាំ ១លីត្រ ផឹកនៅមុខផ្ទះរបស់ខ្លួនទៀត។ បន្ទាប់មក ជនសង្ស័យបានទៅសុំម្ហូបពីឈ្មោះធី ជាបងប្អូនរបស់ឈ្មោះផល ស្រីលី ដើម្បីយកមកក្លែម តែឈ្មោះធី មិនបានឱ្យម្ហូបនោះទេ។

ប្រភពដដែល បន្តថា លុះមកដល់ម៉ោង ៨យប់ ថ្ងៃដដែល ជនសង្ស័យមានសភាពស្រវឹងស្រាជោក និងខឹងឈ្មោះធី មិនឱ្យម្ហូបមកក្លែមផង ទើបបែកគំនិតយកមែកឈើ មកដាក់លើផ្លូវបេតុង ខាងមុខផ្ទះរបស់ខ្លួន ដើម្បីបាំងផ្លូវ រារាំងមនុស្សឆ្លងកាត់ទៅចូលរួមកម្មវិធីផ្ទះឈ្មោះផល ស្រីលី និងស្រែកនិយាយថា “អ្នកឯងបិទផ្លូវមុខផ្ទះអ្នកឯងបាន អញបិទផ្លូវមុខផ្ទះអញក៏បាន”។ បន្ទាប់មក ឈ្មោះសយ ភេទប្រុស ជាបងប្អូនជីដូនមួយម្ចាស់កម្មវិធី បានដើរទៅសួរជនសង្ស័យ ក៏ត្រូវជនសង្ស័យរុញឱ្យដួលទៅលើផ្លូវបេតុង ទើបឈ្មោះផល ស្រីលី បានទូរស័ព្ទប្រាប់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលព្រែកតាមាក់ ដើម្បីជួយអន្តរាគមន៍។

ប្រភពខាងលើ បញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកសោម រ៉ាវុធ ឋានៈនាយប៉ុស្តិ៍ព្រែកតាមាក់ បានដឹកនាំកងកម្លាំង ទៅដល់កន្លែងកើតហេតុ រួចលោកសោម រ៉ាវុធ បាននិយាយណែនាំជនសង្ស័យ តែជន សង្ស័យមិនត្រឹមតែមិនខ្ចីស្តាប់ ថែមទាំងស្ទុះមកវាយលោកនាយប៉ុស្តិ៍ បណ្តាលឱ្យរងរបួសទៀតផង ទើបកម្លាំងសមត្ថកិច្ចបានចាប់ឃាត់ជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីសាកសួរតែម្តង។

ក្រោយកើតហេតុ លោកសោម រ៉ាវុធ នាយប៉ុស្តិ៍នគរបាលព្រែកតាមាក់ ត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមច្បាប់៕

RELATED ARTICLES