Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជួញថ្នាំញៀន មានកាំភ្លើង ប៉េអឹមវ៉ៃខ្នោះ៣នាក់

ជួញថ្នាំញៀន មានកាំភ្លើង ប៉េអឹមវ៉ៃខ្នោះ៣នាក់

ខេត្តរតនគិរី ៖ ជនសង្ស័យ ចំនួន៣នាក់ ជាមុខសញ្ញារក្សាទុកនិងចែកចាយនូវសារធាតុញៀនខុសច្បាប់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ដោយដកហូតបានទាំងវត្ថតាងជាក់ស្តែង ថ្នាំញៀន ចំនួន៧កញ្ចប់ និងអាវុធខ្លី ចំនួន១ដើម។

ការចុះឃាត់ខ្លួនក្រុមជសង្ស័យនេះ ធ្វើឡើងក្រោមបញ្ជាលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅម៉ោង៣រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសោម រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាចែកចាយនូវសារធាតុញៀនដ៏សកម្ម ប្រចាំស្រុកជាំក្សាន្ត និងស្រុកគូលែន។ ទី២-ឈ្មោះអ៊ា ឈូករ័ត្ន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត និងទី៣-ឈ្មោះគង់ រ៉ូ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន។

ប្រតិបត្តិការខាងលើ ធ្វើឡើងដោយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ចំនួន៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការកងរាជអាវុធហត្ថស្រុក បានសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថស្រុកគូលែន ចំនួន៣នាក់ទៀត ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនឈ្មោះសោម រដ្ឋា ជាមុខសញ្ញាចែកចាយនូវសារធាតុញៀន ដ៏សកម្ម ប្រចាំស្រុកជាំក្សាន្ត និងស្រុកគូលែន។

ជនសង្ស័យឈ្មោះសោម រដ្ឋា មានដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៧០ ត.ព្រ/២២ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ចេញដោយលោកសាយ ណូរិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារ។ ក្រោយពីកម្លាំងធ្វើកាឃាត់ខ្លួនហើយ ក៏បានឆែកឆេរនិងដកហូតវត្ថុតាងមួយចំនួន រួមមាន  ១-កាំភ្លើងខ្លី ម៉ាករ៉ូឡូ ចំនួន១ដើម។ ២-គ្រាប់កាំភ្លើងខ្លី ចំនួន៦គ្រាប់។ ៣-ថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន៧កញ្ចប់ និង៤-ទូរស័ព្ទដៃ ចំនួន ២គ្រឿង។

បន្ទាប់មក កម្លាំងជំនាញ បានធ្វើការឆែកទូរស័ព្ទរបស់ជនសង្ស័យ និងបានរកឃើញតេឡេក្រាមឈ្មោះ (KA KA  KO KO) តែងតែបានទំនាក់ទំនងផ្ញើរលុយកាក់ជាហូរហែ កន្លងមក ជាមួយឈ្មោះសោម រដ្ឋា។ លុះវេលាម៉ោងប្រមាណ ៩និង៤៥នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញបានចុះទៅដល់ផ្ទះជនសង្ស័យ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ឈ្មោះអ៊ា ឈូករ័ត្ន  និងដកហូតវត្ថុតាង ទូរស័ព្ទដៃ ចំនួន២គ្រឿង។

ក្រោយកម្លាំងសមត្ថកិច្ចដកហូតទូរស័ព្ទហើយ ធ្វើការសាកសួរជនសង្ស័យឈ្មោះអ៊ា ឈូករ័ត្ន បានឆ្លើយសារ ភាពថា រូបគេពិតជាមានទំនាក់ទំនងទិញថ្នាំញៀន ពីឈ្មោះ សោម រដ្ឋា ប្រាកដមែន។

បន្ទាប់មក កម្លាំងជំនាញបានឱ្យឈ្មោះសោម រដ្ឋា ទូរស័ព្ទនិយាយឆ្លងឆ្លើយជាមួយជនសង្ស័យម្នាក់ទៀត ដោយកំណត់ទីតាំងដើម្បីទទួលយកគ្រឿងញៀន នៅក្នុងភូមិត្មាតប៊ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅម៉ោង ២និង៣០នាទីសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យថែមម្នាក់ទៀត ឈ្មោះគង់ រ៉ូ ព្រមទាំងដកហូតវត្ថុតាងទូរស័ព្ទដៃ ចំនួន១គ្រឿងផងដែរ។

ជនសង្ស័យទាំង៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES