Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កូនឈ្នួលក្រមុំ លួចមាស១តម្លឹង លក់ចាយអស់ ជាប់ខ្នោះ

 កូនឈ្នួលក្រមុំ លួចមាស១តម្លឹង លក់ចាយអស់ ជាប់ខ្នោះ

ភ្នំពេញ ៖  នារីវ័យក្មេងម្នាក់ ជាអ្នកបម្រើការងារតាមផ្ទះ បានបែកគំនិតលួចគ្រឿងអលង្ការរបស់ម្ចាស់ផ្ទះ បានសម្រេចជាបន្តបន្ទាប់ ចំនួន ២លើក សរុបជិត ១តម្លឹង និងបានយកទៅលក់បានលុយស៊ីចាយអស់ លុះម្ចាស់ផ្ទះដឹងថាបាត់គ្រឿងអលង្ការ ហៅនារីជាកូនឈ្នួល មកសួរនាំ បែកធ្លាយរឿង ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីលួចគ្រឿងអលង្ការនេះ បានកើតឡើង ចំនួន២លើក ដោយលើកទី១-នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ និងលើកទី២ នៅអំឡុងខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៣៧៥ ផ្លូវលេខ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ រហូតមកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ទើបរឿងរ៉ាវបានបែកធ្លាយ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននារីសង្ស័យ យកមកសាកសួរ។

នារីសង្ស័យដែលលួចមាសម្ចាស់ផ្ទះ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទិត្យ ឆវី អាយុ១៨ឆ្នាំ មុខរបរអ្នកបម្រើការងារតាមផ្ទះ ស្នាក់នៅផ្ទះលេខ៣៧៥ ផ្លូវលេខ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះ ជាម្ចាស់ផ្ទះ មានឈ្មោះប៊ុត ច័ន្ទរក្សា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីអំឡុងវិច្ឆិកា ឆ្នាំ២០២៣ ជនរងគ្រោះ បានប្រើជនសង្ស័យដែលជាអ្នកបម្រើក្នុងផ្ទះ ឱ្យឡើងទៅបោសសម្អាតក្នុងបន្ទប់គេង ពេលនោះជនសង្ស័យ បានលួចគ្រឿងអលង្ការជនរងគ្រោះ រួមមាន ចិញ្ចៀនមាស ១វង់ (ទម្ងន់១ជី) និងខ្សែ កមាស ២ខ្សែ (១ខ្សែ ទម្ងន់ ២ជីកន្លះ និង១ខ្សែទៀត ទម្ងន់៣ជី) យកទៅលក់ឱ្យគេ បានប្រាក់មួយចំនួន។

ប្រភពដដែល បន្តថា លុះមកដល់ខែធ្នូ ឆ្នាំ២០២៣ ជនសង្ស័យបានចូលក្នុងបន្ទប់ជនរងគ្រោះម្តងទៀត និងបានលួចខ្សែដៃមាស ១ខ្សែ (ទម្ងន់២ជី) យកទៅលក់ឱ្យគេ បានប្រាក់មួយចំនួន (មិនចាំ) រួចយកទៅស៊ីចាយអស់។រហូតមកដល់វេលាម៉ោង៤រសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះបានបើកថតតុមើល ឃើញថាបាត់គ្រឿងអលង្ការ ក៏ហៅជនសង្ស័យមកសួរនាំ ទើបដឹងរឿងហេតុខាងលើ ក៏ឃាត់ខ្លួនជនសង្ស័យ ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

នារីជាជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES