Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ខំលក់សាច់ជ្រូក ញាត់កូនជ្រូក ចោរលួចបោក ប្រមូលអស់៩លាន

 ខំលក់សាច់ជ្រូក ញាត់កូនជ្រូក ចោរលួចបោក ប្រមូលអស់៩លាន

ខេត្តបាត់ដំបង ៖ អាជីវករម្នាក់ បានចាក់សោទ្វារផ្ទះចោល រួចចេញទៅលក់សាច់ជ្រូកនៅផ្សារតាំងពីវេលារំលងអធ្រាត្រដូចសព្វដង លុះព្រឹកឡើងត្រឡប់មកវិញ ប្រទះឃើញសោទ្វារត្រូវកាត់ផ្តាច់ លុះចូលមើលក្នុងផ្ទះ ឃើញកូនជ្រូកដី ដែលខ្លួនខំញាត់លុយសន្សំពីការលក់សាច់ជ្រូក ជាយូរមកហើយ ត្រូវចោរបោកប្រមូលយកលុយអស់ប្រមាណ ៩លានរៀល។

ករណីចោរគាស់ផ្ទះ លួចបោកកូនជ្រូកនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្ទះរបស់អាជីវករលក់សាច់ជ្រូកម្នាក់ ស្ថិតក្នុងភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់។

ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះសេង តឿ ភេទស្រី អាយុ៥០ឆ្នាំ មុខរបរលក់សាច់ជ្រូក ស្នាក់នៅផ្ទះកើត ហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បានបិទទ្វារផ្ទះចាក់សោចោល រួចចេញទៅលក់សាច់ជ្រូក នៅផ្សារ តាំងពីយប់ងងឹតដូចសព្វដង លុះព្រឹកឡើង ពេលត្រឡប់មកពីផ្សារវិញ ស្រាប់តែឃើញសោទ្វាររបើក មានស្នាមគាស់ លុះចូលដល់ក្នុងផ្ទះ ឃើញក្នុងផ្ទះត្រូវគេរើរប៉ាត់រប៉ាយ ហើយកូនជ្រូកដែលគាត់សន្សំលុយ ត្រូវចោរបោកកម្ទេច យកលុយអស់ទៀត។

ស្ត្រីរងគ្រោះ បានបញ្ជាក់ថា ទ្រព្យសម្បត្តិដែលបាត់បង់ គឺលុយប្រមាណ ៩លានរៀល ដែលគាត់ខំសន្សំជាយូរមកហើយ ក្រៅពីនេះពុំមានបាត់បង់អ្វីទេ។

ដោយឡែក តាមប្រភពសាក្សី បានឱ្យដឹងថា មុនកើតហេតុ គេឃើញជនមិនស្គាល់អត្តសញ្ញាណ ២នាក់ បានជិះម៉ូតូចូលទៅកាន់ផ្ទះជនរងគ្រោះ តែគេមិនបានចាប់អារម្មណ៍ទេ ព្រោះគេនឹកស្មានថាជាសាច់ញាតិម្ចាស់ផ្ទះ ហើយបន្តិចក្រោយមក ឃើញជនទាំងពីរនាក់នោះ ជិះចេញបាត់ទៅ។ លុះម្ចាស់ផ្ទះត្រឡប់មកពីផ្សារ ក៏ឆោឡោ ថា មានចោរគាស់ផ្ទះ ទើបគេសង្ស័យថា ជនទាំងពីរនាក់នោះគឺជាចោរតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានត្រួតពិនិត្យកន្លែងកើតហេតុ និងកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីតាមចាប់ខ្លួន នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES