Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃុំខ្លួន២នាក់ ដឹកជញ្ជូនថ្នាំញៀន ១តោន

ឃុំខ្លួន២នាក់ ដឹកជញ្ជូនថ្នាំញៀន ១តោន

ខេត្តព្រះវិហារ ៖ ក្រុមឧក្រិដ្ឋជន ចំនួន២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធទៅនឹងករណីដឹកជញ្ជូនសារធាតុញៀន សរុបប្រមាណជាង១តោន កាលពីពេលថ្មីៗកន្លងទៅនេះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលា ដំបូងខេត្តព្រះវិហារ សម្រេចឃុំខ្លួន ក្រោមបទចោទប្រកាន់ ដឹកជញ្ជូន សមគំនិតដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងស្រាវជ្រាវបន្ថែមលើជនដែលពាក់ព័ន្ធដទៃទៀត ដើម្បីឈានដល់ការស្វែងរកចាប់ខ្លួនជនត្រូវចោទ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តព្រះវិហារ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ២៦ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ទាក់ទងទៅនឹងករណីដឹកជញ្ជូន សមគំនិតដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលមានជនត្រូវចោទ ដូចខាងក្រោម ៖

១-ឈ្មោះវ៉ាន់ មឿង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ-វៀតណាម (ឃុំខ្លួន) ត្រូវបានតំណាង អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចោទប្រកាន់ពីបទ ៖ ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ កថាខណ្ឌ២ កថាខណ្ឌ៧ ចំណុច៤ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

២-ឈ្មោះម៉ឺន សាក់រ៉ាវី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ-អ៊ីស្លាម (ឃុំខ្លួន) ត្រូវបានតំណាង អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចោទប្រកាន់ពីបទ ៖ សមគំនិតដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤០ កថាខណ្ឌ២ កថាខណ្ឌ៧ ចំណុច៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ក្រោយពីបានស្តាប់ចម្លើយរបស់ជនត្រូវចោទឈ្មោះវ៉ាន់ មឿន និងឈ្មោះម៉ឺន សាក់រ៉ាវី ពិនិត្យលើភស្តុតាងគ្រឿង ញៀន ចំនួន ១០២១,២គីឡូក្រាម រួចមក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ បានសម្រេចឃុំខ្លួនលើជនត្រូវចោទឈ្មោះ វ៉ាន់ មឿង និងឈ្មោះ ម៉ឺន សាក់រ៉ាវី និងបន្តបើកការស៊ើបសួរលើជនត្រូវចោទខាងលើនេះ និងស្រាវជ្រាវបន្ថែមលើជនដែលពាក់ព័ន្ធដទៃទៀត ដើម្បីឈានដល់ការស្វែងរកចាប់ខ្លួនជនត្រូវចោទ៕

RELATED ARTICLES