Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជួញថ្នាំញៀន ៣គីឡូ ជាប់គុក១ជីវិត ២នាក់ 

ជួញថ្នាំញៀន ៣គីឡូ ជាប់គុក១ជីវិត ២នាក់ 

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រឿងញៀន ទម្ងន់ជិត៣គីឡូក្រាម ចំនួន២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្រុម ប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ លើករណីពាក់ព័ន្ធនឹងរក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន មានទម្ងន់ ២ ៨៩៤,៣៥ក្រាម ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥៩៨៣ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ពេលសវនាការក្រុមប្រឹក្សាជំនុំជម្រះ បានពិនិត្យភ័ស្តុតាង និងលទ្ធផលកោសល្យវិច័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ជាគ្រឿងញៀនប្រភេទក្រាមម្សៅថ្លាមេតំហ្វេតាមីន ដែលមានកម្រិតភាពសុទ្ធ ៧២,០២ភាគរយ នៃទម្ងន់សរុប ស្ថិតក្នុងតារាងទី២ មាត្រា៥ ចំណាត់ថ្នាក់គ្រឿងញៀន ដូចមានចែងលម្អិតក្នុងតារាងឧបសម្ព័ន្ធ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ហើយក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសជាសាធារណៈនូវសាលក្រមលេខ ៩៤ ក្រ១១ “ន” ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ ចោទពីររូប រួមមាន ៖

ទី១-ឈ្មោះ ឆៃ អារាំរាំ អាយុ៣៣ឆ្នាំ និងទី២-ឈ្មោះយឹម យីម៉េង អាយុ៣៥ឆ្នាំ ដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗ អស់មួយជីវិត និង ពិន័យជាប្រាក់ចំនួន៥០លានរៀល ពីបទរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដែលប្រព្រឹត្តនៅចំណុចផ្ទះជួលលេខ៣០អូ ផ្លូវលេខ២៦៥ ក្រុមទី៤២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២៕

RELATED ARTICLES